ខេត្តប៉ៃលិន ៖ នគរបាលបានឃើញគីប សម្រាប់បំផ្ទុះចំនួន១១គីប និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ត្រូវជនមិនស្គាល់អត្តសញ្ញាណ យកទៅដាក់ប្លុងចោលនៅក្រោមស្ពានមួយកន្លែងក្នុងក្រុងប៉ៃលិន ដែលគេសង្ស័យថា អ្នកនោះយកទៅច្នៃ ដើម្បីបោកត្រីក្នុងស្ទឹង ប៉ុន្តែដោយត្រូវនគរបាលរកឃើញទាន់ពេលវេលា ក៏ប្រញាប់ដោះយកចេញ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
លោក អុីវ គឹមស៊ាន ស្នងការរងនគរបាលខេត្ត បានឲ្យដឹងកាលពីរសៀលថ្ងៃទី១២ ខែកក្កដាថា ករណីរកឃើញគ្រឿងបំផ្ទុះនេះគឺកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១០ ខែកក្កដា កន្លងទៅ នៅក្រោមស្ពានមួយក្បែរព្រះវិហារខ្មែរអ៊ិស្លាម ក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
លោកបន្តថា តាមពិតទៅមិនមែនជាគ្រាប់បែកបំផ្ទុះចំនួន១១គ្រាប់ដូចការផ្សាយរបស់គេហទំព័រមួយចំនួននោះទេ តែគឺជាគីប(ឆ្នួនផ្ទុះ)ចំនួន១១គីប ដែលគេយកទៅដាក់ច្នៃដើម្បីយកទៅធ្វើសកម្មភាពបោកត្រីក្នុងស្ទឹងជាដើម ។ បច្ចុប្បន្ន នគរបាលកំពុងធ្វើការស្រាវជ្រាវរកជនដែលច្នៃគ្រាប់គីបនិងរំសេវខាងលើនេះ តែរហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញនៅឡើយទេ ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ខណៈកម្លាំងប្រជាការពារភូមិល្បាតនៅតាមមូលដ្ឋាន និងគោលដៅសំខាន់ៗ ស្រាប់តែមានប្រជាពលរដ្ឋដើររកជីកត្បូងប្រាប់ថា ពួកគាត់ប្រទះឃើញគ្រឿងផ្ទុះរួចក៏បានរាយការណ៍ដល់សមត្ថកិច្ចឱ្យចុះទៅត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវភ្លាមៗ ។
ទោះបីជាយ៉ាងណា ក្រោយពេលនគរបាលទៅពិនិត្យដល់កន្លែងដែលមានលាក់ទុកគ្រឿងបំផ្ទុះនោះ បានរកឃើញគីបបំផ្ទុះចំនួន១១គីបរំសេវបំផ្ទុះ២ដុំតូច ខ្សែយឺតបញ្ឆេះចំនួន៤ ខ្សែ ក្រណាត់ប្រវែង១,៧១សង់ទីម៉ែត្រ១ដុំ ធុងប្រេងនំ សម្រាប់ដាក់គ្រឿងបំផ្ទុះ១ និងថង់ប្លាស្ទិកវេចខ្ចប់គ្រឿងបំផ្ទុះផងដែរ ។ គេមិនដឹងថា ជនសង្ស័យយករបស់ទាំងនោះដើម្បីធ្វើក្នុងគោលបំណងអ្វីនោះទេ ព្រោះនៅក្បែរស្ពានដែលអាចថារៀបចំសម្រាប់បំផ្ទុះស្ពានក៏ថាបានដែរ ។
វត្ថុតាងទាំងអស់ ត្រូវបាននគរបាលយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ហើយលោកស្នងការ បានបញ្ជាកម្លាំងជំនាញឱ្យបន្តស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកជនដែលរៀបចំផែនការខាងលើផងដែរ ។
ចំណែកប្រជាពលរដ្ឋរស់នៅក្បែរកន្លែងឃើញគ្រឿងផ្ទុះនោះ ពេលឮដំណឹងបែបនេះ មានការព្រួយបារម្ភពីសុវត្ថិភាពរស់នៅយ៉ាងខ្លាំង បើសិនជាគេរៀបចំដាក់ទុកចោល ហើយមានអ្នកណាម្នាក់ដើរប៉ះ គឺអាចនឹងមានគ្រោះថ្នាក់ដល់អាយុជិវិតជាក់ជាមិនខាន ៕
ចែករំលែកព័តមាននេះ