ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខេត្តក្រចេះ​រំពឹង​ទទួល​បាន​ទិន្នផល​ស្រូវ​ខ្ពស់​នៅ​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ប្រជា​កសិករ​នៅ​ខេត្តក្រចេះ មាន​ក្ដី​រំពឹង​ថា ស្រូវ​វស្សា​របស់​ពួក​គាត់​នៅ​ឆ្នាំ​នេះ នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់ ខណៈ​បច្ចុប្បន្ន ពូជស្រូវ​ដែល​មាន​ទីផ្សារ​ជា​ច្រើន​ប្រភេទ​កំពុង​ត្រូវ​បាន​ដាំ​ដុះ និង​រីក​លូតលាស់​បាន​ល្អ ដោយសារ​អាកាសធាតុ​អំណោយផល…

ខេត្តក្រចេះ ៖ ប្រជា​កសិករ​នៅ​ខេត្តក្រចេះ មាន​ក្ដី​រំពឹង​ថា ស្រូវ​វស្សា​របស់​ពួក​គាត់​នៅ​ឆ្នាំ​នេះ នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់ ខណៈ​បច្ចុប្បន្ន ពូជស្រូវ​ដែល​មាន​ទីផ្សារ​ជា​ច្រើន​ប្រភេទ​កំពុង​ត្រូវ​បាន​ដាំ​ដុះ និង​រីក​លូតលាស់​បាន​ល្អ ដោយសារ​អាកាសធាតុ​អំណោយផល ។

កសិករ​នៅ​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ ពួក​គាត់​រំពឹង​នឹង​ទទួល​ទិន្នផល​ស្រូវ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​តែ​ឆ្នាំ​នេះ ភ្លៀង​បាន​ធ្លាក់​ជោកជាំ​តាំងពី​ដើមរដូវ ធ្វើ​ឲ្យ​ការ​ដក​ស្ទូង​របស់​ពួក​គាត់​ក្នុងភូមិ អនុវត្ត​បាន​ទាន់​ពេល ។ ពួក​គាត់​និយាយ​ថា ៖« ពូជស្រូវ​ដែល​កំពុង​តែ​បង្កបង្កើន​ផល​នេះ ភាគច្រើន​មាន​ប្រភេទ​ស្រូវស្រាល​ដូច​ជា រំដួល​, ផ្កាម្លិះ​, សែន​ពិដោរ និង​ស្រូវ​ចម្រុះ ព្រោះ​ជា​ពូជ​ដែល​កំពុង​មាន​តម្លៃ​លើ​ទីផ្សារ ហើយដោយ​សារ​តែ​ស្ថានភាព​អាកាសធាតុ​ឆ្នាំ​នេះ​អំណោយផល​ល្អ យើង​បាន​ចាប់ផ្ដើម​តាំងពី​ដើមរដូវ ដូច្នេះ សង្ឃឹមថា នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់ ប្រសិនបើ​មិន​មាន​អ្វី​មក​យាយី » ។

ចំណែក​អ្នកស្រី នួន គឹ​ម​ស៊​ត ពលរដ្ឋ​នៅ​ឃុំ​ដារ ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹង​កាល​ថ្ងៃ​ទី​១១ កក្កដា ថា នៅ​ឆ្នាំ​នេះ ភ្លៀង​បាន​ធ្លាក់​តាំងពី​ដើមរដូវ​វស្សា​មក ធ្វើ​ឲ្យ​កសិករ​ទូទៅ​បាន​រូតរះ​ចាប់ផ្ដើម​ភ្ជួរ​រាស់​ទាន់​ពេលវេលា​គ្រប់​ៗ​គ្នា ប៉ុន្ដែ​ដីស្រែ​នៅ​តំបន់​របស់​អ្នកស្រី មិនសូវ​ជា​មាន​ដក់​ទឹក​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកស្រី​ត្រូវ​ចំណាយ​លើ​ការ​បូមទឹក​បញ្ចូល​រាល់​ឆ្នាំ ព្រោះ​វា​ជា​តំបន់​ខ្ពស់​ជាងគេ ។ ទោះជា​យ៉ាងនេះ​ក្ដី អ្នកស្រី​សង្ឃឹមថា ៖« ទិន្នផល​នឹង​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ ព្រោះ​យើង​បាន​ចាប់ផ្ដើម​បង្កបង្កើន​ផល​តាំងពី​ដើមរដូវ​មក ដែល​ធ្វើ​ឲ្យ​ស្រូវ​មាន​អាយុកាល​លូតលាស់​ល្អ ជា​ពិសេស គឺ​អាកាសធាតុ​អំណោយផល » ។ ការ​លើក​ឡើង​របស់​កសិករ​ក្នុងស្រុក​ចិត្រ​បុរី នេះ ស្រប​ពេល​ដែល​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចេញ​របាយការណ៍​ឆមាស​ទី​១​ឆ្នាំ​នេះ ដោយ​បាន​បង្ហាញ​ថា ស្ថានភាព​ការ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា និង​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​រយៈពេល​ខ្លី នៅ​រដូវវស្សា​ឆ្នាំ​២០១៨​នេះ គឺ​មាន​តួលេខ​កើនឡើង​ជាង​ឆ្នាំ​មុន ។

របាយការណ៍​ដដែល​បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ឆមាស​ទី​១​ដើមឆ្នាំ​នេះ ការ​ភ្ជួរ​រាស់​ដីស្រែ​សម្រាប់​ដាំ​ដុះ​ដំណាំ​ស្រូវ សម្រេច​បាន​ជាង​២​ម៉ឺន​ហិ​កតា លើស​ផែនការ​ដែល​បាន​កំណត់ ដោយសារ​កត្តា​អាកាសធាតុ​អំណោយផល ។ ក្នុង​នោះ ការងារ​សាបព្រោះ​សម្រេច​បាន​ជិត​៦០០​ហិ​កតា​, សន្ទូង និង​បុក​ដាំ សម្រេច​បាន​ជិត​២​ម៉ឺន​ហិ​កតា​, ស្រូវស្រាល​ជិត​ជាង​១​ម៉ឺន​៣​ពាន់​ហិ​កតា​, ស្រូវកណ្តាល​ជាង​៥​ពាន់​ហិ​កតា​, ស្រូវធ្ងន់​ជិត​៣០០​ហិ​កតា និង​ស្រូវ​បុក​ដាំ​ជិត​២០០​ហិ​កតា ។ ក្រៅពី​នេះ របាយការណ៍​ក៏​បាន​បង្ហាញ​ពី​ការ​អនុវត្ត​ផែនការ​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ ដូច​ជា បន្លែ​, ពោត​, សណ្ដែក​, ដំឡូងឈើ​, ប៉ិកួៈ និង​ដំឡូងជ្វា កើនឡើង​លើស​ផែនការ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ