ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កើន​ជាង២៥%​ក្នុង​ឆមាស​ទី១


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កើនឡើង​ជាង​២៥% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​ការិយាល័យ​ស្ថិតិ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។

លោក អ៊ុ​ក សុ​មេធី ប្រធាន​ការិយាល័យ​ស្ថិតិ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១២ កក្កដា ថា ៖« ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​កន្លង​ទៅ​នេះ យើង​អនុវត្ត​បាន​សម្រាប់​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​មាន​ជាង​២,៦​លាន​តោន ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​បាន​ជាង​៨៩​ម៉ឺន​តោន និង​នាំ​ចូល​ជាង​១,៩​លាន​តោន​។ ជា​រួម រយៈពេល​៦​ខែ​កន្លង​ទៅ​នេះ​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​កើនឡើង​ជាង​២៥,៩៨% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ » ។ លោក​បន្ត​ថា ៖« កំណើន​នេះ បើ​តាម​ការ​កត់សម្គាល់ ដោយសារ​ទំនិញ​ប្រភេទ​ជា​កុងតឺន័រ ដែល​មាន​ជា​សម្ភារ​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់ កើន​ខ្ពស់​លើស​ផែនការ​ដែល​យើង​គ្រោងទុក ព្រោះតែ​អំណោយផល​សេដ្ឋកិច្ច​ល្អ​សម្រាប់​ស្រុក​ខ្មែរ​យើង ធ្វើ​ឱ្យ​ការ​នាំ​ចូល​កើនឡើង​ខ្ពស់ » ។

បើ​តាម​ប្រធាន​ការិយាល័យ​សិ្ថ​តិ មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​ពុំ​ទាន់​មាន​ផលិតផល​ណា​នាំ​ចេញ​បាន​ច្រើន ក្រៅពី​ផលិតផល​សម្លៀក​បំពាក់​និង​ស្រូវ​អង្ករ​នោះ​ទេ ហើយ​ការ​នាំ​ចូល​មក​កម្ពុជា​វិញ មាន​ដូច​ជា គ្រឿងចក្រ​, ស៊ីម៉ងត៍​, ធ្យូងថ្ម រួម​នឹង​ទំនិញ​មួយ​ចំនួន​ផ្សេង​ទៀត​ជា​វត្ថុធាតុដើម​សម្រាប់​បម្រើ​ក្នុង​វិស័យ​កាត់ដេរ ។
លោក​រំពឹង​ថា ៖« នៅ​ឆមាស​បន្ទាប់ យើង​សង្ឃឹមថា កំពង់​ផែ​នឹង​នៅ​តែ​ទទួល​បាន​កំណើន​ព្រោះ​យើង​មានការ​ចុះ​កិច្ចសន្យា​ត្រឹមត្រូវ​ជាមួយ​នាវា​ដឹក​ជញ្ជូន​កុងតឺន័រ ។ ម្យ៉ាងទៀត យើង​ទើបតែ​បាន​ដាក់​ឲ្យ​ដំណើរការ​កំពង់​ផែ​ពហុ​បំណង​មួយទៀត ដែល​នឹង​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ផែ​កំពង់​ផែ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត » ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ធ្លាប់​មាន​ប្រសាសន៍​ថា កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាន់តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​បាន​ឆាប់រហ័ស ព្រមទាំង​មាន​តម្លៃ​ថោក សំដៅ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង និង​ប្រទេស​ក្នុង​តំបន់ ។ ថ្លែង​នៅ​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​ចំណត​កំពង់​ផែ​ពហុ​បំណង កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ទេស​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ៖« ចំណុច​សំខាន់ គឺ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​អាច​ស្រូប​យក​នូវ​ចំណែក​ទីផ្សារ​រហូត​ដល់​ជាង ៧០%​នៃ​ចរាចរ​ទំនិញ​ចេញ​-​ចូល​សរុប​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ម្យ៉ាងវិញទៀត ចំណត​ផែ​ពហុ​បំណង​នេះ នឹង​ជួយ​គាំទ្រ​ដល់​មូលដ្ឋាន​ភស្តុ​ភារ​សម្រាប់​ផ្គត់ផ្គង់​ការ​រុករក​ប្រេង និង​ការ​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុជា ដែល​នឹង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ផែ្ន​ក​ឧស្សាហកម្ម​ប្រេង​បន្ថែម​ទៀត​ផង​ដែរ » ។ លោក​បន្ត​ថា ៖« ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នៃ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​នា​ពេល​បច្ចុប្បន្ន និង​ក្នុង​ពេល​អនាគត កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គ្រោង​នឹង​ពង្រីក​សមត្ថភាព​របស់​កំពង់​ផែ​ថែម​ទៀត តាម​រយៈ​ការ​កសាង​ចំណត​ផែ​កុងតឺន័រ​ថ្មី​មួយទៀត ដែល​មាន​ជម្រៅ​ទឹក​១៤,៥​ម៉ែត្រ ប្រវែង​៣៥០​ម៉ែត្រ » ។

គួរ​រំឭក​ថា កាលពី​ខែសីហា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ចុះហត្ថលេខា​លើ​ពិធី​ប្តូរ​សារ និង​កិច្ចព្រមព្រៀង​ប្រាក់​កម្ចីសម្បទាន​លេខ CP-P21 រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ជប៉ុន លើ​គម្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​នេះ ដោយ​គ្រោង​នឹង​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០១៩ ហើយ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២ ឬ​ដើមឆ្នាំ​២០២៣ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា​២០៣​លាន​ដុល្លារ ។ កំពង់​ផែ​ទឹក​ជ្រៅ​នេះ នឹង​ធានា​ដល់​ការ​ចូល​ចត​នាវា​កុងតឺន័រ​ខ្នាត​ធំ​ចំណុះ​៦​ម៉ឺន​តោន រហូត​ដល់​៩៣% នៃ​ចំនួន​នាវា​ប្រចាំ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ដើមឆ្នាំ​២០២៣​។ ជាង​នេះ​ទៀត កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​ក្លាយទៅជា​កំពង់​ផែ​លំដាប់ថ្នាក់​មធ្យម ដោយ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់ នឹង​លើស​ពី​១​លាន​TEUs ក្នុង​១​ឆ្នាំ ។ រីឯ​តម្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ទៅ​មក​កម្ពុជា នឹង​កាន់តែ​ចុះ​ទាប​ប្រហាក់ប្រហែល​នឹង​ថ្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​នៃ​ប្រទេស​ជិតខាង ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ