ខេត្តប៉ៃលិន ៖ គេសង្កេតឃើញពេលទំនេរពីការងារដំណាំចម្ការកសិករមួយចំនួនរស់នៅក្នុងក្រុងប៉ៃលិនបាននាំគ្នាប្រកបមុខរបរដាំដំណាំអំពៅ ដើម្បីគាបយកទឹកលក់នៅតាមភូមិ និងតាមកន្លែងកម្សាន្តសួនកុមារនាពេលយប់ៗបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ។ លើសពីនេះពួកគាត់ពង្រីកការដាំបន្ថែមទៀត ដើម្បីបានប្រាក់ចំណូលកាន់តែច្រើនសម្រាប់ឱ្យជីវភាពធូរធា ។
ជាក់ស្តែងមានកសិករឈ្មោះ សៀ សាវិន អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ រិន អាយុ៣២ឆ្នាំ បានដាំដំណាំអំពៅប្រភេទបេអងជិត១ហិកតា ក្បែរផ្ទះរបស់ខ្លួន និងបុរសម្នាក់ឈ្មោះ ឡា ឡូញ អាយុ៥៩ឆ្នាំ ប្រពន្ធឈ្មោះ សឿន សារឿន អាយុ៥៨ឆ្នាំ រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានដាំអំពៅជិតកន្លះ ហិកតា នៅក្បែរផ្ទះរបស់ខ្លួនដែរ ។
ចំណេកស្ត្រីឈ្មោះ រិន អាយុ៣២ឆ្នាំ បានឱ្យដឹងថា គាត់បានប្រកបរបរដាំដំណាំអំពៅអស់រយ:ពេលច្រើនឆ្នាំមកហើយ ដោយកាត់លក់ជាបណ្តើរៗឱ្យអតិថិជនដែលមកទិញយកទៅគាបលក់នៅតាមភូមិ និងតាមផ្សារ ។ គាត់បន្តទៀតថា ការលក់នេះអត់គិតជាបាច់ទេ ដោយថ្លឹងលក់ក្នុង១គីឡូក្រាម ហើយឈ្មួញទិញតម្លៃ៣០០រៀល ហើយជួនកាលគាត់ក៏កាត់គាប់ទឹកលក់តាមម៉ូតូរ៉ឺម៉កខ្លួនឯងផងដែរ ។ គាត់បញ្ជាក់ទៀតថា ក្រោយទំនេរពីការដាំពោត និងដំឡូងមី នៅក្នុងចម្ការគាត់តែងតែដើរលក់ទឹកអំពៅរបស់ខ្លួនរាល់ថ្ងៃ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារទម្រាំនឹងដល់រដូវប្រមូលផលពោត និងដំឡូងមី ។
ចំណែកបុរសឈ្មោះ ឡា ឡូញ បានរៀបរាប់ឱ្យដឹងដែរថា ក្រោយទំនេរពីការងារចម្ការដំណាំពោតគាត់បានប្រកបរបរដាំអំពៅបន្ថែមទៀតដោយដំបូងឡើយគាត់ជាអ្នករកស៊ីគាបទឹកអំពៅដើរលក់តាមភូមិ ។ គាត់បន្តទៀតថា ការគាបទឹកអំពៅលក់នេះ គឺគាត់បានទិញឈ្មួញគេនាំមកពីប្រទេសថៃដែលពូជអំពៅនេះមានឈ្មោះថា បេអង លុះឃើញថា ទឹកល្អផ្អែមឆ្ងាញ់ ទើបគាត់ចាប់ផ្តើមកាត់បណ្តុះដាក់ដាំ អស់រយៈពេលជាតិ១ឆ្នាំហើយក៏ជិតដល់ប្រមូលផលលក់ឱ្យឈ្មួញផងដែរ ។ គាត់បន្តទៀតថា នៅថ្ងៃខាងមុខគ្រួសាររបស់គាត់នឹងបន្តជួលដីគេដាំអំពៅបន្ថែមទៀត ព្រោះរហូតមកដល់ពេលនេះមានគេរកទិញអំពៅច្រើនគ្នាដែរសម្រាប់យកទៅគាបទឹកលក់តាមភូមិ ឬពេលមានបុណ្យទានម្តងៗ ។
គាត់បញ្ជាក់ថា កាលពីមុនអំពៅដំណាំអំពៅនេះមានតម្លៃខ្ពស់ដោយទិញគេ១គីឡូក្រាម៥០០ទៅ៧០០រៀលឯណោះ លុះពួកគាត់ចាប់ផ្តើមដាំបានប្រមូលផលខ្លះៗស្រាប់តែដើមអំពៅនេះធ្លាក់ចុះនៅត្រឹមតែ១គីឡូក្រាម៣០០រៀលទៅវិញ ។ ទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ព្រោះតែអត់សូវមានប្រជាពលរដ្ឋដាំច្រើនគ្នា ដូច្នេះអាចតម្លៃនឹងមិនមានធ្លាក់ចុះខ្លាំងនោះឡើយ ៕
ចែករំលែកព័តមាននេះ