ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន អាច​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដែរ​ឬទេ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​យក្ស​សេដ្ឋកិច្ច​ធំ​២ កំពុង​កើនឡើង ប្រាកដ​ណាស់​ថា ផល​ប៉ះពាល់​តិច​ឬ​ច្រើន នឹង​កើនឡើង​នៅ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឬ​ប្រទេស​ក្រីក្រ ។ នៅ​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​យក្ស​សេដ្ឋកិច្ច​ធំ​២ កំពុង​កើនឡើង ប្រាកដ​ណាស់​ថា ផល​ប៉ះពាល់​តិច​ឬ​ច្រើន នឹង​កើនឡើង​នៅ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឬ​ប្រទេស​ក្រីក្រ ។ នៅ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០០៨-២០០៩ ក៏​ធ្លាប់​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ប្រយោល​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ម្ដង​ដែរ ដែល​ជា​បទ​ពិសោធន៍​មួយ​ក្នុង​ការ​ត្រៀមខ្លួន​ដើម្បី​ការពារ​ហានិភ័យ​ដែល​នឹង​អាច​កើនឡើង ។ នៅ​ពេល​នេះ ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អា​មេ​រិ​ក នៅ​តែ​បន្ដ តើ​អាច​ជះ​ឥទ្ធិពល​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ដែរ​ឬទេ ?

កាលពី​ពេល​ថ្មី​ៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​អ្នក​ស្រាវជ្រាវ និង​សេដ្ឋវិទូ​នានា​សិក្សា​ពី​វិបត្តិ​នេះ​ថា តើ​នឹង​មាន​ផល​ប៉ះពាល់​ដល់​កម្ពុជា​យ៉ាងដូចម្តេច ហើយ​ពេល​នេះ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ និង​សេដ្ឋវិទូ​កម្ពុជា បាន​និង​កំពុង​ផ្ដោត​លើ​បញ្ហា​នេះ និង​បាន​លើក​ឡើង​ពី​ទស្សនៈ​យល់​ឃើញ​ផ្សេង​ៗ​គ្នា ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Cambodia លោក គុយ វ៉ា​ត បាន​មាន​ប្រសាសន៍ នា​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ថា បទ​ពិសោធន៍​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កាលពី​ឆ្នាំ​២០០៨-២០០៩ កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នេះ ប៉ុន្តែ​មិន​ខ្លាំងក្លា​នោះ​ទេ​។ ហេតុនេះ លោក​យល់​ឃើញ​ថា ៖« សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន និង​ជាមួយ​សហគមន៍​អឺរ៉ុប ពិតជា​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​នេះ ប៉ុន្តែ​មិន​រង​ឥទ្ធិពល ឬ​ប៉ះពាល់​ខ្លាំង​ទេ ហើយ​វា​បាន​ចាប់ផ្តើម​ប្រសើរ​ឡើង​វិញ​ក្នុង​រយៈពេល​ដ៏​ខ្លី ដោយសារ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​គាំពារ​បាន​ទាន់​ពេលវេលា និង​ត្រឹមត្រូវ » ។
លោក​បន្ត​ថា ៖« វិបត្តិ​នេះ​មិន​ទាន់​ឃើញ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ ហើយ​ស្ថានភាព​នេះ​អាច​នឹង​ក្លាយជា​ឱកាស​ទៅ​វិញ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា ប៉ុន្តែ​វា​អាច​ជា​វិបត្តិ​ផង​ដែរ ដែល​យើង​មិន​អាច​ព្យាករណ៍​បាន​នៅឡើយ » ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Mekong បាន​ថ្លែង​ស្រ​ដៀង​គ្នា​ថា វិស័យ​នេះ​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ ដោយសារ​គោលនយោបាយ​សហរដ្ឋអាមេរិក ជា​ពិសេស រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ចេះ​តែ​លលេង​ជាមួយ​ប្រទេស​នានា ហើយ​នា​ពេល​ឆាប់​ៗ​ខាង​មុខ បញ្ហា​នេះ​នឹង​អាច​ដោះស្រាយ​បាន ព្រោះ​ការ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​មាន​តែ​ខាត​ទាំងអស់​គ្នា ។ លោក​បន្ត​ថា ៖« ខ្ញុំ​គិត​ថា វិបត្តិ​នេះ​អាច​នឹង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ ប្រសិនជា​មើលទៅ​លើ​និន្នាការ​នេះ » ។ ទោះជា​យ៉ាងណា លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ថមថយ​ល្បឿន និង​មិន​អាច​ឲ្យ​ពិភពលោក​ព្យាករណ៍​អ្វី​ទុក​មុន​បាន​ទេ ហើយ​វិបត្តិ​នេះ ពិតជា​រង​ផល​ប៉ះពាល់​ដល់​ប្រទេស​ទាំងអស់ ប៉ុន្តែ​កម្រិត​នៃ​ផល​ប៉ះពាល់ វា​អាស្រ័យ​លើ​គោលនយោបាយ​របស់​ប្រទេស​នីមួយ​ៗ ។ លោក​បន្ត​ថា ៖« សម្រាប់​កម្ពុជា ក៏​អាច​មាន​ផល​ប៉ះពាល់​ផង​ដែរ ប៉ុន្តែ​រាជរដ្ឋាភិបាល​ត្រូវ​មាន​ភាព​ឆ្លាត​វៃ ដោយ​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ទាំងអស់​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​យើង » ។ លោក​ថ្លែង​ថា ៖« ប្រទេស​កម្ពុជា គួរ​ពង្រឹង​សាច់ដុំ​របស់​ខ្លួន តាម​រយៈ​ការ​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​យើង​ឲ្យ​មាន​ភាពរឹងមាំ ដើម្បី​ពង្រឹង​ផ្ទៃក្នុង​ផង ពង្រីក​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ដទៃ​ផង កុំ​ឲ្យ​យើង​ពឹងផ្អែក​តែ​អា​មេ​រិ​ក ឬ​សហគមន៍​អឺរ៉ុប » ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting បាន​ថ្លែង​ថា នៅ​ពេល​ដំរី​២​ប៉ះ​គ្នា ស្រមោច​និង​សង្អារ ពិតជា​រង​ផល​ប៉ះពាល់ ប៉ុន្តែ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បែប​ណា មិន​ទាន់​អាច​ព្យាករ​បាន​នៅឡើយ​ទេ ដោយសារ​ពេល​នេះ អ្វី​ៗ​ទើប​ចាប់ផ្តើម​នៅឡើយ ។ ទោះជា​យ៉ាងណា លោក​ថា ៖« ចរិត​របស់​លោក ដូ​ណា​ល់ ត្រាំ គឺជា​អ្នក​សេដ្ឋកិច្ច ។ ហេតុនេះ អាច​នឹង​មានការ​សម្របសម្រួល​ណាមួយ​កើតឡើង ហើយ​បញ្ហា​នឹង​ចប់ ប៉ុន្តែ​បើសិន​វា​ជា​សង្គ្រាម​ពាណិជ្ជកម្ម​អូស​បន្លាយ​យូរ ច្បាស់​ណាស់ វា​នឹង​រង​ផល​ប៉ះពាល់​ដល់​កម្ពុជា » ។លោក​បន្ត​ថា ៖« យើង​ជា​ប្រទេស​តូច យើង​មិនមែន​ជា​អ្នក​កាច់ចង្កូត​កប៉ាល់​ទេ តែ​យើង​អាច​ដើរតួ​នាទី​ជា​រលក ដើម្បី​អមដំណើរ​កប៉ាល់​បើក​ឲ្យ​ដល់​គោលដៅ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ