ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ជើង​ចាស់​ជា​ច្រើន​ត្អូញត្អែរ​ និង​បារម្ភយ៉ាង​ខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​កម្មវិធី​ប្រគំ​តន្ត្រី​បែប​ញ័រញាក់​កន្ត្រាក់​អារម្មណ៍​កើតឡើង​ច្រើន​នៅ​តាម​ទូរទស្សន៍​រួច​មក​បាន​រុញ​ឲ្យ​កម្មវិធី​តន្ត្រី​បែប​មនោ​ស​ញ្ចេតនា​ដួល​រលំ​ជា​​បន្ត​បន្ទាប់ នៅ​សេសសល់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ក្នុង​ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​តារា​ចម្រៀង​ជើង​ចាស់​ជា​ច្រើន​ទាំងប្រុស ​ទាំងស្រី​ព្រួយបារម្ភ​បាត់​ឱកាស​សម្តែង ។ កម្មវិធី​តន្ត្រី​បែប​មនោសញ្ចេតនា​ដែល​ពេញ​និយម​ទស្សនា​កាលពី​ជាង​១​ឆ្នាំ​មុន​តាម​ទូរទស្សន៍​ជា​ច្រើន​មាន​ដូច​ជា​ កម្មវិធី​…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​កម្មវិធី​ប្រគំ​តន្ត្រី​បែប​ញ័រញាក់​កន្ត្រាក់​អារម្មណ៍​កើតឡើង​ច្រើន​នៅ​តាម​ទូរទស្សន៍​រួច​មក​បាន​រុញ​ឲ្យ​កម្មវិធី​តន្ត្រី​បែប​មនោ​ស​ញ្ចេតនា​ដួល​រលំ​ជា​​បន្ត​បន្ទាប់ នៅ​សេសសល់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ក្នុង​ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​តារា​ចម្រៀង​ជើង​ចាស់​ជា​ច្រើន​ទាំងប្រុស ​ទាំងស្រី​ព្រួយបារម្ភ​បាត់​ឱកាស​សម្តែង ។

កម្មវិធី​តន្ត្រី​បែប​មនោសញ្ចេតនា​ដែល​ពេញ​និយម​ទស្សនា​កាលពី​ជាង​១​ឆ្នាំ​មុន​តាម​ទូរទស្សន៍​ជា​ច្រើន​មាន​ដូច​ជា​ កម្មវិធី​ «​វិមាន​សុបិន​»​ របស់​ទូរទស្សន៍​ហង្ស​មាស កម្មវិធី​ «មន្ត​ស្នេហ៍​សំនៀង​»​ របស់​ទូរទស្សន៍​ស៊ី​ធី​អិន ដែល​អតីត​ពិធីករ​លោក​អ៊ិ​ត សេដ្ឋា ជា​អ្នក​បង្កើត​ឡើង កម្មវិធី​ «​ប្រជុំ​តារា​តន្ត្រី​» ​និង ​«​តន្ត្រី​ស្រុកស្រែ​»​ របស់​ទូរទស្សន៍​បាយ័ន បច្ចុ​ប្បន្ន​​នៅ​សល់​តែ ​«​តន្ត្រី​ស្រុកស្រែ​» ​និង ​«​មរតក​សំនៀង​»​ របស់​ទូរទស្សន៍​អប្សរា​ប៉ុណ្ណោះ។

ការ​បិទ​កម្មវិធី​តន្ត្រី​ទាំងនោះ​នាំ​ឲ្យ​អ្នកភ្លេង និង​អ្នកចម្រៀង ចេញ​ទៅ​រក​ទីតាំង ផ្សេង​ៗ​ដើម្បី​បន្ត​អាជីព ។ អ្នកចម្រៀង​ខ្លះ​បង្កើត​ចម្រៀង​តាម​អន​ឡាញ ខ្លះ​ច្រៀង​តាម​ភោជនីយ​ដ្ឋាន​។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក តារាចម្រៀង​លោក​មាស សា​រិ​ទ្ឋ និយាយ​ថា ​«​ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​ជា​ខ្លាំង​នៅ​ពេល​កម្មវិធី​តន្ត្រី​ធ្លាប់​បំពេ​អារម្មណ៍​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បិទ​អស់ ហើយ​មិនដឹង​ពេល​ណា​ងើបឡើង​វិញ បើ​ចម្រៀង​បែប យេ​យេ​ៗ​វាយ​លុក​នាំមុខ​ទៅ​ហើយ​នោះ ។ សព្វថ្ងៃ​ខ្ញុំ​សហការ​ជាមួយ​ក្រុម​ចម្រៀង​ជើង​ចាស់​បង្កើត​​ចម្រៀង​បែប​ក្លា​ស៊ី​ក​ច្រៀង​បទ​ពី​ដើម​ផ្សាយ​លើ​អន​ឡាញ ឬ​ផេ​ក ។

ក្រៅពី​នោះ​ខ្ញុំ​នឹង​ប្រមូល​ចម្រៀង​ដែល​ជា​មរតក​ដើម​ជា​បទ​លោក​មាស សា​ម៉​ន មក​ច្រៀង​​ឡើង​វិញ​បង្ហោះ​លើ​បណ្តាញ​សង្គម ឬ​យូ​ធូប​ដោយសារ​តែ​ខ្ញុំ​មានកំណើត​ឡើង​ក្នុង​សិល្បៈ​ព្រោះ​មាន​សំឡេង​ច្រៀង​បែប​រៀមច្បង​ដូចនេះ​ត្រូវ​តែ​សងគុណ​វិញ​ក្នុង​នាម​សិល្បៈ​»​។

អ្នក​នាង​កែវ ច័ន្ទ​ស​ម្ជ​ស្ស បាន​សម្តែង​ការ​សោកស្តាយ ហើយ​សំណូមពរ​ឲ្យ​យុវវ័យ​សម័យ​​ថ្មី​កុំ​ភ្លេច​អ្វី​ដែល​ជា​មរតក​សម័យ​មុន ដូច​ជា​ចម្រៀង ខ្សែភាពយន្ត​ត្រូវ​ឈ្វេងយល់​ឲ្យ​ដឹង​ហើយ​ចាំ​ក្នុង​ចិត្ត​ថា​ពី​មុន​យើង​ក៏​មាន​វប្បធម៌​ល្អ​ដែរ ។ នាង​ថា​មិន​ហាម​គាំទ្រ​ចម្រៀង​​ស្នាដៃ​បង្កើត​ថ្មី​នោះ​ទេ តែ​ចង់​ឲ្យ ម្នាក់​ៗ​បន្ត​ឲ្យ​ចម្រៀង​សម័យ​ពី​ដើម​មាននៅ​លើ​កញ្ចក់​ទូរទស្សន៍​ដូច​ពី​មុន ។ យ៉ាងណា​ក្តី​នាង​ក៏​យល់​ដែរ​ថា ​អាស្រ័យ​លើ​ទីផ្សារ និង​អ្នក​ឧបត្ថម្ភ​គេ​ជួយ ។

អ្នកស្រី​ហែម សុវណ្ណ តារាចម្រៀង​ជើង​ចាស់ សព្វថ្ងៃ​មានកម្ម​វិធី​តិចតួច​នៅ​តាម​ទូរទស្សន៍ ក្រៅពី​ទូរទស្សន៍​មានកម្ម​វិធី ធំ​ៗ ឬ​បុណ្យប្រពៃណី ។ អ្នកស្រី​ហែម សុវណ្ណ​សព្វ​ថ្ងៃជា​គណៈកម្មការ​ដាក់​ពិន្ទុ​ប្រឡង​ចម្រៀង​ឲ្យ​ផលិតកម្ម​ឌី​ភី និង​វិទ្យុ​ឌី​ភី ។ អ្នកស្រី​ត្អូញត្អែរ​ថា​ «​យើង​ចាស់​ហើយ ចម្រៀង​ពី​មុន​បាន​តែ​ចាស់​ៗ​គេ​ស្តាប់ បើ​ក្មេង​ៗ​គឺ​គេ​មិន​ស្តាប់​ទេ តែ​យ៉ាងណា​សូមអ្នក​ជំនាន់​ក្រោយ​ជួយ​ថែ​ផង​នូវ​ទម្រង់​សិល្បៈ​សម័យ​មុន ។ សម័យ​ទំនើប​ក៏​គាំទ្រ​ចុះ តែ​ដឹង​ពី​មុន​ផង​»​។

លោក​ណូ​យ វ៉ា​ន់​ណេ​ត ថ្លែង​ថា ​«​អ្នកចម្រៀង​ជើង​ចាស់​ឥឡូវនេះ​ក្រោយ​កម្មវិធី​តន្ត្រី​ទូរទស្សន៍​មាន​ពី​មុន​បិទ​មក ធ្វើ​ឲ្យ​ពិបាក​ដែរ​ ការ​រក​ទីផ្សារ​ឡើង​ច្រៀង​តាម​កញ្ចក់​ទូរទស្សន៍ ដោយ​យុវវ័យ​គេ​ប្រជ្រៀត​គ្នា​មើល​ចម្រៀង​តារា​ស្ថិត​ក្នុង​ស្រទាប់​យុវវ័យ​ច្រើន​ខុស​ពី​មុន ។ អ្នកចម្រៀង​ជើង​ចាស់​បាន​តែ​ឱកាស​ច្រៀង​តាម​មង្គលការ ជប់លៀង​ក្រុម​ហ៊ុន ឬ​ឡើង​គេហដ្ឋាន​អ្នកធំ​មួយ​ចំនួន ។

ខ្ញុំ​ពិតជា​ចង់​ឲ្យ​មានកម្ម​វិធី​កម្សាន្ត​បែប​មនុស្ស​ចាស់​លើ​ទូរទស្សន៍​ណាស់ តែ​មិនដឹង​ធ្វើ​បែប​​ណា​បើ​ម្ចាស់​លុយ ឬ​ម្ចាស់​ផលិតផល​គេ​ងាក​មើល​តែ​អ្វី​កំពុង​លោត​នា​ពេល​សព្វ​ថ្ងៃ។ ខ្ញុំ​សូម​ឲ្យ ប្អូន​ៗ​គួរ​កុំ​ចោល​របស់​ពី​ដើម ត្រូវ​នាំ​គ្នា​លើកតម្កើង​ផង »​។

លោក​ចា រិ​ទ្ឋី អ្នក​រៀបចំ​កម្មវិធី​តន្ត្រី​កម្សាន្ត​ប្រចាំ​ស្ថានីយទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​ឲ្យ​ដឹង​ថា​គ្រប់​កម្មវិធី​តន្ត្រី​ផ្សាយ​ផ្ទាល់​របស់​លោក​មាន​កម្មវិធី​បែប​យុវវ័យ​ច្រើន​ក្នុង​នោះ​មាន​បញ្ចូល​ឲ្យ​តារា​កិត្តិយស​ជើង​ចាស់​ចូលរួម​ដើម្បី​ជា​ការ​លើកទឹកចិត្ត ព្រោះ​សិល្បករ​ទាំងនោះ​សុ​ទ្ឋ​តែ​មាន​សំឡេង​ល្អ ។ លើស​ពី​នោះ​ថែម​ទាំង​រៀបចំ​ឲ្យ​មានការ​សម្តែង​កំប្លែង​​ដោយ​មាន​អ្នក​កំប្លែង​ជា​ច្រើន​ដួង ព្រោះ​ជួយ​បាន​ត្រូវ​តែ​ជួយ ។

អ្នក​នាង​កែវ សុវណ្ណ​នី អ្នក​រៀបចំ​កម្មវិធី​តន្ត្រី​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ឲ្យ​ដឹង​​ថា​ «​តាមតែ​ដឹង​ក្រុមការងារ​យើង​បាន​អញ្ជើញ​តារាចម្រៀង​ជើង​ចាស់​មួយ​ចំនួន​ឲ្យ​មានការ​ងារ​ធ្វើ​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​មួយ​របស់​ប៉ុស្តិ​៦​លេខ​៥ ។ ចំពោះ​តន្ត្រី​ប៉ុស្តិ៍​លេខ​៥​យើង​មិន​មើល​រំលង​ឡើង​តារា​ជើង​ចាស់​មាន​ស្នាដៃ​ទេ តែងតែ​យក​មក​ច្រៀង​ក្នុង​កម្មវិធី​បែប​សម័យ​ព្រោះ​ចម្រៀង​ពី​ដើម​បែប​ញាក់ គឺ​អាច​ចូលខ្លួន​សម្តែង​បាន ទើប​ខ្ញុំ​​មិន​សូវ​ជា​ទើសទាល់ឡើយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ