ទីក្រុងហាណូយ ៖ យោងតាមសមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានឲ្យដឹងថា តម្លៃបង្គារបស់វៀតណាមកំពុងតែកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះក្នុងអំឡុងត្រីមាសទី២ឆ្នាំ២០១៨នេះ ហើយវាអាចនឹងបន្តកើនឡើងទៀតនាពេលអនាគត ។ តម្លៃកើនឡើងវិញនេះ គឺមកពីកំណើនតម្រូវការពីទីផ្សារពិភពលោក ។
ជាមួយគ្នានេះ សន្និសីទទីផ្សារបង្គាពិភពលោក (GSMC) បានឲ្យដឹងដែរថា តម្លៃបង្គានៅក្នុងប្រទេសផ្សេងទៀតដូចជា ចិន ឥណ្ឌា និងថៃ ក៏បានកើនឡើងផងដែរនៅចុងខែមិថុនា កន្លងមកនេះ ។
ការិយាល័យពាក់ព័ន្ធបាននិយាយថា តម្លៃបង្គាកំពុងតែកើនឡើង ហើយនឹងបន្តកើនឡើងទៀត ដូច្នេះ កសិករវៀតណាមមិនគួរប្រញាប់លក់បង្គាតូចៗច្រើនពេកទេ ហើយពួកគេគួរតែរង់ចាំរហូតដល់វាធំសិន ព្រោះបង្គាធំៗលក់បានតម្លៃខ្ពស់ជាង ។
លើសពីនេះ កសិករគួរតែគ្រប់គ្រងដំណាក់កាលផលិតរបស់ខ្លួនផងដែរ ដើម្បីកាត់បន្ថយការចំណាយក្នុងការផលិត បង្កើនតម្លៃបង្គា និងបង្កើនប្រសិទ្ធភាពផលិត ជាដើម។
សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានឲ្យដឹងទៀតថា ការនាំចេញបង្គាពីប្រទេសវៀតណាមបានធ្លាក់ចុះ៧,៤% មកស្មើនឹងទឹកប្រាក់៨៦៨លានដុល្លារប៉ុណ្ណោះកាលពីត្រីមាសទី២ឆ្នាំនេះ បន្ទាប់ពីកើនឡើងបាន២០,២% នៅក្នុងត្រីមាសទី១ ៕
ចែករំលែកព័តមាននេះ