ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ចំនួន២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបជនបរទេស កំពុងធ្វើដំណើរតាមដងផ្លូវ ត្រូវកម្លាំងស្នងការដ្ឋានខេត្ត និងកម្លាំងនគរបាលក្រុងបាត់ដំបង តាមឃាត់ខ្លួនបានភ្លាមៗជាបន្តបន្ទាប់ កាលពីវេលាម៉ោង០៨យប់ថ្ងៃទី១៥ កក្កដា ដែលកើតឡើងនៅចំណុចក្បែរផ្សារលើ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់នោះ ឈ្មោះផុន សាន់ផេង អាយុ១៧ឆ្នាំ និងឈ្មោះគង់ រតន: អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ។ រីឯជនរងគ្រោះឈ្មោះរីប៊ីកា អាន់ ភេទស្រី អាយុ១៨ឆ្នាំ ជាជនជាតិអង់គ្លេស ។ បើតាមមន្ត្រីជំនាញបាននិយាយថា ក្រុមចោរដៃស្អិតទាំង២នាក់ មានម្នាក់ត្រូវកម្លាំងនគរបាលក្រុងតាមចាប់បាន រីឯម្នាក់ទៀតត្រូវកន្លងបង្ការបង្ក្រាបនៃស្នងការខេត្តចាប់បាន។
បើតាមលោកជេត វណ្ណនី ស្នងការរងខេត្តបានបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូបពីជនបរទេសនោះខណ:នាងកំពុងជិះកង់នៅតាមផ្លូវ ។ លោកថា ក្រោយកើតហេតុ កម្លាំងស្នងការខេត្តនិងកម្លាំងអធិការក្រុង បានតាមប្រមាញ់មុខសញ្ញាជនប្រព្រឹត្តរហូតឈានដល់ឃាត់ខ្លួនបានភ្លាមៗតែម្ដង។ ជាមួយនឹងការឃាត់ខ្លួន មន្ត្រីជំនាញដកហូតបាននូវវត្ថុតាងមានម៉ូតូ០១គ្រឿង ទូរស័ព្ទ០១គ្រឿង ប្រាក់ចំនួន៤៥០០រៀល ប្រាក់ដុល្លារ០៧ដុល្លារ និងផៅវ័របែងសាកថ្មចំនួន១ ។
បច្ចុប្បន្ន មន្ត្រីការិយាល័យជំនាញកំពុងសួរនាំជនសង្ស័យទាំង២នាក់ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការហើយ ។
ចែករំលែកព័តមាននេះ