រាជធានីភ្នំពេញ ៖ អ្នកប្រហែលជាមានបទពិសោធន៍ខ្លះហើយ ពេលធ្វើដំណើរចាកចេញពីប្រទេសកំណើត ហើយក៏ដល់ពេលដែលអ្នកត្រូវឈ្វេងយល់ពីចំណុចមួយចំនួន នៅពេលអ្នកត្រូវត្រឡប់មកស្រុកកំណើតវិញដែរ ។
បើសិនជាការវិលវិញនេះជាលើកដំបូង អ្នកនឹងរឹតតែត្រូវការចំណេះដឹង ឬការណែនាំខ្លះៗថែមទៀត ដើម្បីងាយស្រួលក្នុងការ Check-in នៅព្រលានយន្ដហោះរបស់គេ ព្រោះថា វាមិនងាយស្រួលដូចព្រលានយន្ដហោះយើងនោះទេ ។ ការធ្វើដំណើរតាមផ្លូវអាកាសនៅប្រទេសគេ ប្រៀបដូចនឹងអ្នកដើរផ្សារទំនើបដែរ គឺច្រើនណាស់ ដូច្នេះអ្នកត្រូវរូតរះមកដល់ព្រលានយន្ដឲ្យបានមុនយ៉ាងតិច២ម៉ោង ដើម្បី Check-in និងត្រូវបន្ដដំណើរទៅកន្លែងត្រួតពិនិត្យជាច្រើនដំណាក់ទៀត មុននឹងទៅដល់ច្រកឡើងយន្ដហោះ ដែលហៅថា Gate នោះ ។
អត្ថបទនេះ នឹងធ្វើឲ្យលោកអ្នកលែងស្មុគស្មាញបញ្ហាទាំងនេះទៀតហើយ ដែលនឹងជួយត្រួសត្រាយដើម្បីឲ្យការធ្វើមាតុភូមិនិវត្តន៍របស់លោកប្រកបដោយភាពកក់ក្ដៅ និងរំភើប ដូចដែលអ្នកចាកចេញពីព្រលានយន្ដហោះដែរ ។ ដូច្នេះត្រូវយល់ដឹងចំណុចមួយចំនួនដូចខាងក្រោម ៖
១-មកដល់ព្រលានយន្ដហោះ ៖ ប្រសិនបើជាការធ្វើដំណើរលើកទី១ ឬទី២ ហើយតែម្នាក់ឯងទៀតនោះ លោកអ្នកប្រហែលទទួលអារម្មណ៍ឯកា ឬភិតភ័យមិនសប្បាយចិត្តបន្ដិច ព្រោះមិនដឹង ថាត្រូវចាប់ផ្ដើមពីចំណុចណាទេ តែបើសម្រាប់អ្នកមានបទពិសោធន៍ច្រើនដងហើយ ប្រហែលជាគិតថា វាជារឿងធម្មតា ។
ជាទូទៅ នៅពេលមកដល់ព្រលានយន្ដហោះភ្លាម កិច្ចការដំបូង គឺអ្នកត្រូវទៅ Check-in នៅ Counter ដូចពេលយើងចាកចេញពីប្រទេសដែរ ហើយត្រូវមើលឲ្យច្បាស់ ចៀសវាងតម្រង់ជួរខុស Counter នាំឲ្យខាតបង់ពេលវេលា ព្រោះអ្នកត្រូវតម្រង់ជួរសាដើម ។ ដូច្នេះត្រូវមើល Counter ក្រុមហ៊ុនអាកាសចរណ៍របស់យើងឲ្យច្បាស់ ដែលមានបង្ហាញនៅតាមស្គ្រីនទូរទស្សន៍ពីលើ Counter នោះ។
២-ពេល Check-in ៖ អ្នកត្រូវរៀបចំជាស្រេចនូវលិខិតឆ្លងដែន និងសំបុត្រយន្ដហោះរបស់យើង រួចហុចឲ្យបុគ្គលិកក្រុមហ៊ុន ដើម្បីបំពេញព័ត៌មាន បន្ទាប់មកគេនឹងប្រគល់ Boarding Pass ឲ្យយើង ព្រមទាំងកន្ទុយសំបុត្រអីវ៉ាន់ផងដែរ ។ និយាយឲ្យខ្លី ដូចនឹងពេលដែលយើងចាកចេញពីប្រទេសដែរ ប៉ុន្ដែនៅពេលទទួលបានBoarding Pass ហើយ លោកអ្នកត្រូវធ្វើដំណើរទៅឆ្លងកាត់កន្លែងត្រួតពិនិត្យដោយមានអ្នកដំណើរឈរតម្រង់ជួរយ៉ាងច្រើន ខុសពីព្រលានយន្ដនៅប្រទេសយើង។
ត្រង់នេះ អ្នកត្រូវប្រយ័ត្នបន្ដិច គឺត្រូវសម្លឹងរកច្រកត្រួតពិនិត្យអ្នកដំណើរប្រទេសក្នុងតំបន់អាស៊ាន ដែលមានបិទទង់ជាតិព្រះរាជាណាចក្រកម្ពុជា និង Logo អាស៊ាន ព្រមទាំងសរសេរថា ASEAN Lane ។ បើអ្នកធ្វេសប្រហែសបន្ដិច អាចនឹងខាតពេលវេលាច្រើន ព្រោះត្រូវត្រឡប់មកតម្រង់ជួរនៅច្រកយើងវិញក្រោយគេដដែល ។
៣-នៅកន្លែងត្រួតពិនិត្យ ៖ អ្នកត្រូវហុចលិខិតឆ្លងដែនឲ្យសមត្ថកិច្ច , ស្គេនម្រាមដៃ និងថតរូប ដូចគ្នានឹងពេលចាកចេញពីប្រទេសដែរ ហើយនៅពេលរួចរាល់ អ្នកត្រូវបន្ដឡើងទៅជាន់លើ ដើម្បីត្រួតពិនិត្យអីវ៉ាន់ដែលនៅជាប់ខ្លួនមួយដំណាក់កាលចុងក្រោយទៀត។
៤- ទៅកាន់ច្រកឡើងយន្ដហោះ (Gate) ៖ លោកអ្នកប្រហែលជាធូរស្បើយបន្ដិចហើយ ក្រោយពេលឆ្លងកាត់បទពិសោធន៍ជាច្រើនដំណាក់កាលបែបនេះ ហើយសង្ឃឹមថា លោកអ្នកអាចធ្វើបានដោយរលូន ទាំងមោទនភាពខ្លួនឯង ប៉ុន្ដែកុំភ្លេចមើលម៉ោងផងថា ជើងហោះហើរយើងនឹងចាកចេញនៅម៉ោងប៉ុន្មាន ។ ប្រសិនបើយើងឆ្លងកាត់ដំណាក់កាលខាងលើបានល្អនោះ អាចសល់ម៉ោងបានច្រើនគួរសម ដូច្នេះលោកអ្នកអាចសម្លឹងមើលហាងដែលកំពុងតាំងលក់ផលិតផលល្អៗជាច្រើន និងទិញសម្រាប់កាដូអនុវស្សាវរីយ៍ដល់អ្នកផ្ទះ ឬបងប្អូនដែលកំពុងរង់ចាំពេលចេញពីព្រលានយន្ដហោះផង ប៉ុន្ដែប្រសិនជាគ្មានពេលទេ លោកអ្នកត្រូវប្រញាប់ឆ្ពោះមកច្រកយន្ដហោះជាបន្ទាន់ដោយពិនិត្យមើលលេខ Gate នៅក្នុង Boarding Pass របស់យើង និងអក្សរដែលគេសរសេរដាក់នៅតាមទិសដៅនីមួយៗឲ្យច្បាស់ ។
ឧទាហរណ៍ថា ៖ Gate ចាប់ពីលេខ៤០ដល់៦០ ត្រូវទៅតាមផ្លូវដែលមានសញ្ញាព្រួញបង្ហាញនោះជាដើម ។ ក្រោយពេលឃើញលេខ Gate ហើយ លោកអ្នកអាចងាកមកដើរទិញអីវ៉ាន់ ឬអង្គុយលេងសិនក៏បាន ទៅតាមពេលវេលាជាក់ស្ដែង ។
៥-ការមកដល់ស្រុកដោយសុវត្ថិភាព ៖ អ្វីៗពិតជាអស្ចារ្យសម្រាប់ដំណើរកម្សាន្ដ ក៏ដូចជាទទួលយកនូវបទពិសោធន៍នៃការធ្វើដំណើរតាមផ្លូវអាកាសរបស់លោកអ្នក សូមចូលរួមអបអរសាទរផង ក៏ប៉ុន្ដែនៅលើយន្ដហោះ បុគ្គលិកបានឲ្យឯកសារបញ្ជាក់ពីទំនិញ ឬអីវ៉ាន់ម្នាក់១ ឬ២សន្លឹក ដើម្បីបំពេញព័ត៌មាន ។ បើគ្មានឯកសារនេះទេ មន្ត្រីគយនឹងតម្រូវឲ្យបំពេញដដែល ។ ដូច្នេះមុនតម្រង់ជួរឆ្លងកាត់ច្រកត្រួតនិពិត្យ ដើម្បីចាកចេញពីព្រលានយន្ដហោះ លោកអ្នកត្រូវបំពេញឯកសារនោះសិន ។
ចំណែកវ៉ាលិស និងអីវ៉ាន់របស់យើងកំពុងវិលនៅកន្លែងផ្ទុកវ៉ាលិសនោះ រង់ចាំលោកអ្នកទៅលើកយកដាក់ក្នុងកន្ត្រករុញចេញមកក្រៅព្រលាន ដោយមានមន្ត្រីគយចាំរហូតយកក្រដាសឯកសារនោះវិញ មុនពេលឃើញស្នាមញញឹមពីបងប្អូនសាច់ញាតិដែលកំពុងរង់ចាំនៅច្រកចេញខាងក្រៅ ។
សូមចាំថា រាល់ដំណាក់កាលនីមួយៗ លោកអ្នកត្រូវឆ្លាតបន្ដិច គឺសង្កេតមើលអ្នកនៅខាងមុខយើង ឬអ្នកដែលមានទិសដៅរួមដំណើរជាមួយយើង ។ អ្វីដែលសំខាន់នោះ ពេលមានឧបសគ្គត្រង់ណា ត្រូវសួរគេភ្លាម ដូចពាក្យចាស់ថា «ដៃជាបន្ទាត់ មាត់ជាផ្លូវ»៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
ចែករំលែកព័តមាននេះ