ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានមនុស្សប្រមាណជា៤៣នាក់បានពុល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យបង្អែកស្រុកស្នួល កាលពីវេលាម៉ោង០៧ និង១៥នាទីយប់ថ្ងៃទី១៣ កក្កដា ស្ថិតនៅភូមិក្នុងស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ នេះបើយោងតាមលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួលបានឱ្យដឹងនាព្រឹកថ្ងៃទី១៤ កក្កដា នេះ ។
សេចក្តីរាយការណ៍បន្តថា ទោះបីជាយ៉ាងណា ជនរងគ្រោះទាំង៤៣នាក់ក្នុងនោះមានស្រី១០នាក់ ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែពួកគេមិនមានអាការៈធ្ងន់ធ្ងរនោះទេ ដោយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ។
ប្រភពបន្តថា មុនពេលកើតហេតុការណ៍ពុលនេះ គឺពួកគេទាំងនោះបានទៅចូលរួមក្នុងពិធីបុណ្យសព នៅក្នុងភូមិ ហើយពួកគេបានទទួលទានស្រា.ស ក្រោយមកក៏ករណីពុលនេះតែម្តង ។ តែទោះបីជាយាងណា បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងតាមដានលើករណីពុលនេះបន្ត ដើម្បីរកមូលហេតុពិតប្រាកដ ។
ប្រភពបន្តទៀតថា ចំពោះពិធីបុណ្យសពខាងលើនេះដែរ ត្រូវបានឱ្យដឹងថា គឺមានមនុសុ្ស៣នាក់បាននាំគ្នាទៅផឹកស្រា ។ ក្រោយមក មាន២នាក់បានស្លាប់បន្តបន្ទាប់គ្នា ដោយមិនដឹងពីមូលហេតុ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវដែរ ។
ចំពោះអ្នកស្លាប់ទាំង២នាក់ ត្រូវបានស្គាល់ម្នាក់ឈ្មោះព្រិច ណាត ភេទស្រី អាយុ៣៦ឆ្នាំ (ស្លាប់កាលពីថ្ងៃទី១២ កក្កដា ) ហើយម្នាក់ទៀតឈ្មោះ ឡៃ ភេទស្រី អាយុ៣៥ឆ្នាំ (បានស្លាប់នៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ កាលពីថ្ងៃទី១៣ កក្កដា ) ។
លុះយប់ថ្ងៃទី១៣ កក្កដា ដដែល ក៏អ្នកភូមិ (ក្នុងនោះមានជនរងគ្រោះទាំង៤៣នាក់) បានចូលរួម និងកំដនៅក្នុងពិធីបុណ្យសពនោះក៏កើតមានករណីពុលស្រានេះតែម្តង ។
ព័ត៌មានលម្អឹតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ