ខេត្តបន្ទាយមានជ័យ ៖ គោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក និងរថយន្តរាប់សិបគ្រឿងជាមួយមនុស្សជាច្រើននាក់កកស្ទះនៅមាត់ច្រករបៀងចំនួន២ នៃបន្ទាត់ព្រំដែនក្នុងស្រុកអូរជ្រៅ ព្រឹកថ្ងៃទី១៣ កក្កដា ២០១៨នេះ ។
យោងការសួរនាំពលរដ្ឋភាគច្រើនជាអ្នករស់នៅក្នុងស្រុកជាប់ព្រំដែនដូចជា ស្រុកអូរជ្រៅ និងស្រុកស្វាយចេក និងមួយចំនួនជាអ្នកក្រុងប៉ោយប៉ែត ។ ពលរដ្ឋលើកឡើងថា ពួកគាត់ចូលទៅដីថៃ ដើម្បីទិញទំនិញ និងរបស់ប្រើប្រាស់តែប៉ុណ្ណោះ ។ ហើយថា ការចូលទៅដីថៃនេះគេបើកឲ្យដំណើការ១សប្តាហ៍ ១ថ្ងៃតែប៉ុណ្ណោះ ។
ច្រករបៀងចំនួន២ក្នុងស្រុកខាងលើ គេឃើញមានពលរដ្ឋច្រើនសម្រុកទៅទិញទំនិញលើដីថៃ ក្នុងស្រុកគោកធ្យូង ខេត្តស្រះកែវ ។ ដោយឡែកច្រកតំបន់បឹងត្រកួនក្នុងស្រុកថ្មពួក បច្ចុប្បន្ននេះក៏គេបើកដំណើរការឲ្យពលរដ្ឋចេញចូលដីថៃ ដើម្បីទិញទំនិញលើដីថៃ (ផ្សារណាត់) ក្នុងស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ១សប្តាហ៍១ថ្ងៃដូចគ្នា ខណៈពីមុនមិនធ្លាប់មាន ។
គួរបញ្ជាក់ថា២ទៅ៣ឆ្នាំចុងក្រោយនេះ ចំនួនពលរដ្ឋឆ្លងព្រំដែនទៅទិញទំនិញប្រើប្រាស់ក្នុងគ្រួសារលើដីថៃតាមស្រុកជាប់ព្រំដែន ពិសេសក្នុងខេត្តស្រះកែវហាក់ មានការកើនឡើង ប៉ុន្តែការចេញចូលឆ្លងព្រំដែននោះភាគីថៃបើកដំណើការក្នុង១សប្តាហ៍តែ១ថ្ងៃ ឬម្តងតែប៉ុណ្ណោះធ្វើឲ្យអ្នករស់នៅតាមបន្ទាត់ព្រំដែនដែលរស់នៅឆ្ងាយផ្សារមានភាពងាយស្រួលតែម្តង ៕
ចែករំលែកព័តមាននេះ