ទីក្រុងហាណូយ ៖ សេដ្ឋកិច្ចវៀតណាមបន្តលូតលាស់យ៉ាងរឹងមាំក្នុងត្រីមាសទី២ឆ្នាំនេះ ប៉ុន្តែហានិភ័យលេចឡើងកាន់តែច្បាស់ ជាពិសេស ការគំរាមកំហែងលើអត្រាប្តូរប្រាក់ និងអត្រាការប្រាក់ ។ នេះបើតាមប្រសាសន៍របស់លោក Nguyen Duc Thanh នាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ (VEPR) បាននិយាយក្នុងសន្និសីទមួយនៅក្រុងហាណូយ កាលពីថ្ងៃពុធ ។
លោកបានប្រាប់សារព័ត៌មានក្នុងស្រុកថា ៖« ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន បានធ្វើឲ្យតម្លៃប្រាក់យាន់របស់ចិនធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងប្រាក់ដុល្លារ ។ វៀតណាមមិនអាចមិនផ្លាស់ប្តូរអត្រាប្តូរប្រាក់ទេ ដែលបង្កជាហានិភ័យសម្រាប់ក្រុមហ៊ុន » ។
អត្រាអតិផរណារបស់វៀតណាមនឹងចាប់ផ្តើមកើនឡើងបន្តិច ដូច្នេះ ធនាគារជាតិវៀតណាមត្រូវគ្រប់គ្រងអត្រាអតិផរណានេះមិនឲ្យលើសពី៥% ។
លោក Nguyen Duc Thanh បន្ថែមថា ដោយធនាគារជាតិធំៗជាច្រើនរឹតបន្តឹងលើរូបិយប័ណ្ណ រួមជាមួយហានិភ័យនៃកំណើនអតិផរណា ធនាគារជាតិវៀតណាមអាចនឹងបង្កើនអត្រាការប្រាក់ ដើម្បីធ្វើឲ្យអត្រាប្តូរប្រាក់មានលំនឹង ។
យោងតាមរបាយការណ៍របស់ VEPR ចេញផ្សាយកាលពីថ្ងៃពុធឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមលូតលាស់បាន៦,៧៩%ក្នុងត្រីមាសទី២ ដែលជាអត្រាខ្ពស់ជាងគេក្នុងរយៈពេល១០ឆ្នាំមកនេះ ។
របាយការណ៍នេះឲ្យដឹងទៀតថា វិស័យកសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសេវាកម្ម បន្តលូតលាស់យ៉ាងលឿន ។ វិស័យឧស្សាហកម្ម និងសាងសង់ ក៏បានលូតលាស់ក្នុងកម្រិត៩,០៧%ដែរ ក្នុងឆមាសទី១ឆ្នាំនេះ ។ រីឯវិស័យផលិតកម្មបន្តជំរុញដល់សេដ្ឋកិច្ច ប៉ុន្តែវិស័យរ៉ែបែរជាធ្លាក់ចុះវិញ ។
ការលូតលាស់ពាណិជ្ជកម្មបានអន់ថយកាលពីត្រីមាសទី២ ប៉ុន្តែប្រទេសវៀតណាមមានផលលើសពាណិជ្ជកម្ម៤ត្រីមាសជាប់ៗគ្នាមកហើយ និងស្មើ១,៤ប៊ីលានដុល្លារ ។ ចិនបានក្លាយជាប្រទេសមានឱនភាពពាណិជ្ជកម្មខ្ពស់ជាងគេ ក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់វៀតណាម ។
របាយការណ៍នេះព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំនេះអាចនឹងលូតលាស់បាន៦,៨% ខ្ពស់ជាងគោលដៅរបស់សភាជាតិ ដែលស្មើពី៦,៥% ទៅ៦,៧% ៕
ចែករំលែកព័តមាននេះ