ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សន្យា​ថា នឹង​ឆ្លើយ​តប​សំណើ​ថ្មី​របស់​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​ព្រមាន​ថា ពួក​គេ​នឹង​ចេញ​វិធានការ​ឆ្លើយ​តប​វិញ បន្ទាប់​ពី​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ គំរាម​ថា នឹង​ដាក់​ពន្ធ​១០%​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត ។…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​ព្រមាន​ថា ពួក​គេ​នឹង​ចេញ​វិធានការ​ឆ្លើយ​តប​វិញ បន្ទាប់​ពី​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ គំរាម​ថា នឹង​ដាក់​ពន្ធ​១០%​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត ។

ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួក​គេ​ភ្ញាក់ផ្អើល​នឹង​ការ​គំរាម​នេះ ហើយ​ប្រទេស​ចិន​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ប៉ុន្តែ​គេ​មិន​ទាន់​ផ្តល់​ព័ត៌មាន​លម្អិត​ពី​វិធានការ​ឆ្លើយ​តប​ទេ ។

ក្រសួងការបរទេស​ចិន ក៏​បាន​និយាយ​ដែរ​ថា ការ​គំរាមកំហែង​របស់​សហរដ្ឋអាមេរិក ប្រៀប​ដូច​ជា​ការ​ធ្វើបាប ខណៈ​ជម្លោះ​នេះ​ហាក់ជា​ការ​ប្រកួតប្រជែង​រវាង​ឯកតោភាគី​និយម និង​ពហុភាគី​និយម ។

គួរ​បញ្ជាក់​ថា មន្ត្រី​អា​មេ​រិ​កបាន​ចេញ​បញ្ជី​មួយ​កាលពី​ថ្ងៃ​អង្គារ បង្ហាញ​ពី​ឈ្មោះ​ផលិត​ផល​​ចិន​រាប់​ពាន់​មុខ ដែល​នឹង​ត្រូវ​ជាប់​នឹង​ពន្ធ​ថ្មី​នេះ​។ ផលិតផល​សំខាន់​ៗ​រួម​មាន គ្រឿង​សង្ហារិម​មាន​តម្លៃ​នាំ​ចូល​សរុប​២៩​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧, បណ្តាញ Router មាន​តម្លៃ​នាំ​ចូល​ប្រមាណ​២៣​ប៊ី​លាន​ដុល្លារ និង​គ្រឿង​កុំព្យូទ័រ​មាន​តម្លៃ​នាំ​ចូល​សរុប​២០​ប៊ី​លាន​ដុល្លារ ។

ក្រុម​អាជីវក​រអា​មេ​រិ​ក និង​តំណាងរាស្ត្រ​មួយ​ចំនួន ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ដល់​ការ​បង្កើន​ពន្ធ​នេះ ។

សភាពាណិជ្ជកម្ម​អា​មេ​រិ​កបាន​គាំទ្រ​ចំពោះ​វិធានការ​កាត់​ពន្ធ​នៅ​ក្នុងស្រុក និង​បន្ធូរ​បន្ថយ​​វិធានការ​សម្រាប់​អាជីវកម្ម ប៉ុន្តែ​ពួក​គេ​មិន​គាំទ្រ​គោលនយោបាយ​ពន្ធ​របស់​លោក ដូ​ណា​ល់ ត្រាំ ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ