ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត… ឡាន​តម្លៃ៤ម៉ឺន២ពាន់ដុល្លារ​​ យកមក​ប្រគល់​ជូន​គាត់​​​ទាំង​២​​​ហើយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ​ក្រុមហ៊ុន​តែ​ OISHI បាន​យក​រង្វាន់​ធំ​ទី​១ គឺ​រថយន្ត​ម៉ាក FORD RANGER XLT ដែល​មាន​តំលៃ​៤២.០០០​ដុល្លារ​…

ខេត្ត​ត្បូងឃ្មុំ ៖ ​ក្រុមហ៊ុន​តែ​ OISHI បាន​យក​រង្វាន់​ធំ​ទី​១ គឺ​រថយន្ត​ម៉ាក FORD RANGER XLT ដែល​មាន​តំលៃ​៤២.០០០​ដុល្លារ​ មក​ប្រគល់​ជូន​អ្នក​​ឈ្នះ ដោយ​បាន​ធ្វើ​ឡើង​ កាលពី​រសៀល​ថ្ងៃ​ទី​១១ កក្កដា នៅ​តូប​លក់ភេសជ្ជៈ​មុខ​ផ្សារ​មេមត់ ស្រុក​មេមត់ ។ ការ​ប្រគល់​រង្វាន់​នេះ គេ​ឃើញ​មាន​សាក្សី​ និង​សមត្ថ​កិច្ច​ ព្រមទាំង​អាជីវករ​លក់ដូរ​ជា​ច្រើន ​បាន​ចូលរួម​ដឹង​ឮ​ផង​ដែរ ។ អ្វី​ដែល​កត់សម្គាល់​នោះ​ គឺ​អ្នក​ឈ្នះ​រង្វាន់​ធំ​នេះ ​ខុស​ពី​គេឯង ដោយសារ​តែ​ការ​ដឹង​ឮ​កន្លង​មក​ អ្នក​ឈ្នះ​មាន​តែ​ម្នាក់ ប៉ុន្តែ​សម្រាប់​អ្នក​ឈ្នះ​នេះ ​គឺ​មាន​គ្នា​ដល់​ទៅ​២​នាក់ ។

លោក សែន កា​ណា​ន់ ហៅ​តាន់ អាយុ​២៦​ឆ្នាំ ដែល​ពិការ​ជើង​ម្ខាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ចាប់តាំងពី​ត្រូវ​រង្វាន់​ធំ​តែ​OISHI ត្រូវ​រថយន្ត​១​គ្រឿង​មក រូបគេ​ដេក​មិន​លក់​នោះ​ទេ ដោយ​មាន​អារម្មណ៍​ចេះ​តែ​ទន្ទឹងរង់ចាំ ។ ស្រប​ពេល​មក​ដល់​រសៀល​ថ្ងៃ​ខាងលើ ពេល​ដែល​ក្រុមហ៊ុន​បាន​ដឹក​រថយន្ត​ថ្មី​សន្លាង​ មក​ដល់​មុខ​ផ្សារ​ស្រុក​មេមត់ ធ្វើ​ឱ្យ​រូបគេ​ញ័រ​ជើង​ ដោយ​ក្តី​សប្បាយ​រីករាយ ។ គេ​មាន​ផែនការ​ថា លុយ​ដែល​បាន​ពី​ការ​លក់​រថ​យន្ត​បែងចែក​២​នាក់​នេះ នឹង​យក​ទៅ​សាងសង់​ផ្ទះ​ឱ្យ​ម្តាយ ​នៅ​បាន​សមរម្យ​នៅ​ខេត្តតាកែវ ។ ចំពោះ​ការងារ​នៅ​ហាង​ខារ៉ាអូខេ​វិមាន​ទ្រព្យ ​នៅ​ភូមិ​ម៉ាស៊ីនទឹក ឃុំ​មេមត់ ស្រុក​មេមត់ គេ​នឹង​លាឈប់ ​ហើយ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​បាន​បើក​របរ​រកស៊ី​តូច​ល្មម ហើយ​អះអាង​ថា ​ថ្ងៃ​ណាមួយ​នឹង​រៀប​ការ​ប្រពន្ធ ។

ចំណែក​ឈ្មោះ ហែម និមល អាយុ​២៥​ឆ្នាំ បាន​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​២៦ ឧសភា កន្លង​ទៅ​រូបគេ​នឹង​មិត្តភក្តិ​ឈ្មោះ តាន់ បាន​ទៅ​ទិញ​តែ​OISHI នៅ​មុខ​ផ្សារ​ស្រុក​មេមត់​ចំនួន​២​ដប​ មក​ផឹក​ម្នាក់​មួយ​ដប ។ ពេល​ដែល​ឈ្មោះ តាន់ បាន​មួល​គំរប​ដប​ផឹក ស្រាប់តែ​ត្រូវ​រង្វាន់​រថយន្ត​១​គ្រឿង ពួក​គេ​ពិតជា​មាន​ក្តី​សប្បាយ​រីករាយ ហើយ​សន្យា​ចែក​គ្នា​ពាក់កណ្តាល​ម្នាក់ ។

និមល​ប្រាប់​បន្ត​ថា លុះ​ព្រឹក​ឡើង​ពួក​គេ​បាន​យក​គំរប​ដប​នោះ​ទៅ​ផ្ញើ​ទុក ។ ក្រោយមក​ពិតជា​មានរឿង​រ៉ាវ​ខ្លះ​បាន​កើតឡើង ក្នុង​ការ​ទាមទារ​ចំណែក​រង្វាន់​នេះ​ឈាន​ដល់​សមត្ថកិច្ច​ធ្វើការ​ដោះស្រាយ ។ ពួក​គេ​បាន​សុខចិត្ត​ព្រម​ទទួលយក​ដំណោះស្រាយឈ្នះ​ឈ្នះ គឺ​ព្រម​ទទួលយក​៥០​ភាគរយ​ម្នាក់​កាលពី​ថ្ងៃ​ទី​១៤ មិថុនា ២០១៨​កន្លង​ទៅ មិនមែន​ចង់​ស៊ីដាច់​ម្នាក់ឯង​ទេ ។

ការ​ទន្ទឹងរង់ចាំ​រង្វាន់​ធំ​របស់​តែ OISHI ដែល​មាន​តំលៃ​ជាង​៤​ម៉ឺន​ដុល្លារ ត្រូវ​បាន​លោក យ៉ុ​ង យុ​ទិ​ត្យា ជំនួយការ​គ្រប់គ្រង​ទូទៅ​ផ្នែក​ទីផ្សារ របស់​ក្រុមហ៊ុន​រួម​នឹង​សហការី​ជា​ច្រើន​នាក់​បាន​នាំ​យក​មក​ប្រគល់​ជូន​ដល់​ពួក​គេ​ទាំង​២​នាក់ ។

ពិតជា​មាន​ក្តី​រំភើប​សប្បាយ​រីករាយ​ដោយ​បាន​លើក​ឡើង​ថា ពួក​គេ​នឹង​លក់​រថយន្ត​នេះ​ ដើម្បី​យក​លុយ​ទៅ​ពង្រីក​មុខរបរ​រៀង​ៗ​ខ្លួន ដោយ​ម្ខាង​បាន​បើកហាង​អ៊ុតសក់​តូច​ល្មម ហើយ​លុយ​នៅ​សល់ នឹង​ពង្រីក​របរ​លក់​ដូរ​គ្រឿងទេស​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ក្រោយ​ការ​ទទួល​បាន​រថយន្ត​ជា​រង្វាន់​ភ័ព្វព្រេង​សំណាង​ដូច​ការ​តាំងចិត្ត​របស់​ពួក​គេ​មែន គឺ​លក់​យក​ប្រាក់​ចែក​គ្នា ។ តាម​ប្រភព​ព័ត៌មាន​ថា រថយន្ត​នោះ​ត្រូវ​បាន​អ្នក​រស់នៅ​ក្នុង​ខេត្តកំពង់ចាម​ បាន​ទិញ​ក្នុង​តំលៃ៣.៣៥០០​ដុល្លារ ៕​

អត្ថបទសរសេរ ដោយ