រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ស្ពានជ្រោយចង្វារចាស់ ដែលបានបិទធ្វើការជួសជុលឡើងវិញកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នោះពេលនេះសម្រេចបានជិត៥០ភាគរយ ហើយតាមរយៈការខិតខំរបស់ក្រុមការងារអាចរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៩នេះ ឬរួចមុនផែនការ២ខែ ដើម្បីសម្រួលដល់ការធ្វើចរចរណ៍របស់ប្រជាពលរដ្ឋ ។
លោក ឈឹម ផល្លា ប្រធានយកដ្ឋានផ្លូវថ្នល់ក្រសួងសាធារណការ និងដឹកជញ្ជូនបាន ឲ្យដឹងថា ក្រុមការងារជំនាញទាំងជប៉ុន និងកម្ពុជា កំពុងសម្រុកការជួសជុលគម្រោងកែលម្អស្ពានជ្រោយចង្វារចាស់ទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យហើយមុនផែនការដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈស្ពានជ្រោយចង្វារថ្មីមានចរាចរណ៍មមាញឹកខ្លាំងប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ។
លោកបន្តថា តាមរយៈការប្រឹងប្រែងរបស់ក្រុមការងារជំនាញគម្រោងនេះអាចហើយមុនផែនការរយៈពេល២ខែ ពោលគឺអោយហើយមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៩ខាងមុខដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរចរណ៍ចេញទៅស្រុកកំណើតមិនប្រឈមការកកស្ទះ ។
សូមបញ្ជាក់ថា គម្រោងជួសជុលកែលម្អស្ពានជ្រោយចង្វានេះ ប្រើរយៈពេលជាង២២ខែឬ២ឆ្នាំ ដែលចំណាយថវិការប្រមាណជាង៣៣លានដុល្លារដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។ ស្ពាននេះ មានបណ្តោយ៧០៩ម៉ែត្រ បានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយមក្នុងឆ្នាំ១៩៦៦ ក្រោយមកត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧២ ដោយសារការដាក់បង្កៃគ្រាប់មីននៅក្នុងរថយន្ត បន្ទាប់មកទៀតបានជួសជុលឡើងវិញ និងសម្ពោធដាក់ឲ្យប្រើសប្រាស់នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៤ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនរហួតមកដល់ពេលនេះ ៕
ចែករំលែកព័តមាននេះ