សម្បកកង់រថយន្ត គឺជាកត្តាសំខាន់មួយដែលជួយឲ្យរថយន្តលោកអ្នកអាចបើកបរទៅបានយ៉ាងមានសុវត្ថិភាព ប៉ុន្ដែការមិនបានពិនិត្យមើលសម្បកកង់ រហូតដល់ទុកឲ្យវាធូរជាញឹកញាប់នោះ អាចធ្វើឲ្យកើតគ្រោះថ្នាក់ច្រើនជាងការគិតទៅទៀត ។
អ្នកប្រើប្រាស់រថយន្តមិនតិចទេ ដែលពួកគេមិនបានពិនិត្យមើលខ្យល់ក្នុងសម្បកកង់ឲ្យបានសមស្របជាប្រចាំ ដោយសារមិនស្មានថា ខ្យល់ដែលតិចខ្លាំងពេក អាចបង្កើតក្តីអន្តរាយជាច្រើន ជាពិសេស នៅពេលបើកបរក្នុងល្បឿនលឿន ។ ខ្យល់ក្នុងសម្បកកង់តិចខ្លាំង នឹងធ្វើឲ្យសម្បកកង់ងាយធូរ, ស្បែកកង់រមួលខ្លាំងជាងពេលធម្មតា និងបង្កឲ្យវាផ្ទុះឡើង ខណៈពេលកំពុងបើកបរ ជាដើម ។
ជាមួយគ្នានេះ សម្ពាធខ្យល់កង់តិចនឹងធ្វើឲ្យសម្បកកង់នៅផ្នែកចំហៀងសឹកលឿនជាងធម្មតា ឬរីកចេញមកក្រៅ, សម្បកកង់សឹកមិនស្មើគ្នា ហើយកង់រថយន្តមិនអាចរត់នៅលើផ្លូវបានល្អឡើយ ។
មិនតែប៉ុណ្ណោះ វានឹងធ្វើឲ្យរថយន្តលោកអ្នកស៊ីប្រេងខ្លាំងជាងមុនដល់១០%ឯណោះ។ ដូច្នេះ វាបន្ថែមបន្ទុកដល់គ្រឿងម៉ាស៊ីនឲ្យដំណើរការខ្លាំងជាងមុន ។
វិធីល្អ លោកអ្នកគួរតែពិនិត្យមើលសម្ពាធខ្យល់គ្រប់ពេលវេលា មុននឹងចេញដំណើរទៅផ្លូវឆ្ងាយ ។ បើមានអ្នកដំណើរជិះពេញ ឬដឹកសម្ភារពេញរថយន្តនោះ ក៏គួរតែបន្ថែមសម្ពាធខ្យល់ផងដែរ ។
ការសប់សម្បកកង់ និងពិនិត្យមើលឲ្យបានល្អ ក្រៅពីធ្វើឲ្យសម្បកកង់ប្រើប្រាស់បានយូរ អង្វែង, កាត់បន្ថយគ្រោះថ្នាក់ផ្សេងៗនៅលើផ្លូវ និងមិនងាយផ្ទុះកង់ វាក៏ជួយឲ្យអ្នកអាចសន្សំសំចៃប្រេងទៀតផង ។ ដូច្នេះ មិនថាអ្នកនឹងធ្វើដំណើរផ្លូវឆ្ងាយ ឬជិត កុំភ្លេចពិនិត្យមើលសម្បកកង់ ដើម្បីសុវត្ថិភាពក្នុងការបើកបរ និងផុតទុក្ខកង្វល់ ៕
ចែករំលែកព័តមាននេះ