ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ពាក់ព័ន្ធ​ប្រជុំ​គ្នា​និយាយ​ពី​កង្វល់​ចំពោះ​សិល្បៈ​ភាពយន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រហូត​មក​ដល់​ពេល​នេះ​កង្វល់​នានា​របស់​វិស័យ​សិល្បៈ​ភាពយន្ត​នៅ​កម្ពុជា ដែល​បាន​ដាក់​ជូន​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នោះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេ ។ លោក​សែ​ម​ស័​ក្ត វិសាល អគ្គលេខាធិការ​សមាគម​ភាពយន្ត​កម្ពុជា បាន​អះអាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា…

រាជធានី​ភ្នំពេញ​៖ រហូត​មក​ដល់​ពេល​នេះ​កង្វល់​នានា​របស់​វិស័យ​សិល្បៈ​ភាពយន្ត​នៅ​កម្ពុជា ដែល​បាន​ដាក់​ជូន​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នោះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេ ។

លោក​សែ​ម​ស័​ក្ត វិសាល អគ្គលេខាធិការ​សមាគម​ភាពយន្ត​កម្ពុជា បាន​អះអាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេពី​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​កង្វល់​ដែល​បាន​លើក​ឡើង​កាលពី​សិក្ខា​សិលា​ដែល​​បាន​រៀបចំ​ឡើង​កាលពី​ពេល​កន្លង​ទៅ ។ អ្វី​ដែល​យើង​បាន​ស្នើ​សុំ​ទៅ​នោះ គឺ​មិន មែន​ជា​ការ​តវ៉ា​ឡើយ ប៉ុន្តែ​គឺជា​សំណើ​មួយ​សម្រាប់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល​តាម​លទ្ធភាព ប៉ុន្តែ​មិនដឹង​ហេតុ​អ្វី​បានជា​មិន​មាន​ចម្លើយ​ណាមួយ​ឆ្លើយ​តប​មក​វិញ ។

លោក​ថា «​អ្វី​ដែល​យើង​បាន​ធ្វើ​នា​ពេល​នេះ​គឺ​ឈរ​លើ​គោលបំណង​សំខាន់​តែ​មួយ​គត់​គឺ​ដើម្បី​ជួយ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ផលិតករ​ខ្មែរ និង​អ្នកធ្វើការ​ខាង​វិស័យ​ភាពយន្ត​នេះ​ឲ្យ​មាន​តម្លាភាព និង​ចូលរួម​ផលិតភាព​យន្ត​ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ។ សំណើ​ដែល​ជា​កង្វល់​ពី​ផលិតករ​នានា សមាគម​បាន​ដាក់​ទៅ​កាន់​ភាគី​ដែល​ជា​អាណា​ព្យាបាល​យូរហើយ ដោយ​រាប់​តាំងពី​នាយកដ្ឋាន​ភាពយន្ត រហូត​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

អ្វី​ដែល​រឹតតែ​មាន​តម្លៃ​ជាង​សំណើ​ដែល​បាន​ដាក់​ទៀត​នោះ គឺ​ក្នុង​អង្គ​សិក្ខា​សិលា​របស់​ក្រសួង​វប្បធម៌​ដែល​បាន​ធ្វើ​ឡើង​នា​ពេល​កន្លង​មក​នោះ ផលិតករ​ទាំងអស់​ក៏​បាន​លើក​ឡើង​ពី​កង្វល់​នេះ​ដោយ​ផ្ទាល់​ផង​ដែរ ។ អ្វី​ដែល​បាន​លើក​ឡើង​នា​ពេល​នោះ​ត្រូវ​បាន​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​បាន​យល់ព្រម​ទទួលយក ប៉ុន្តែ​រហូត​មក​ដល់​នា​ពេល​នេះ​យើង​នៅ​មិន​ទាន់​បាន​ទទួល​ជា​សញ្ញា​ជា​វិជ្ជមាន​ណាមួយ​នៅឡើយ​ទេ ។ ឈរ​លើក​ក្តាចាំបាច់​ក្នុង​នាម​សមាគម​ភាពយន្ត​កម្ពុជា និង​ជា​ផលិតករ​ម្នាក់​ផង​ដែរ ខ្ញុំ​មិន​អាច​រង់ចាំ​ពី​ការ​ឆ្លើយ​តប​ណាមួយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទៀត​ឡើយ ព្រោះ​បើ​យើង​នៅ​តែ​អូស​បន្លាយ​ពេល​យូរ​ទៀត​នោះ ជំងឺ​នេះ​នឹង​រីក​ធំ​ឡើង​ពិបាក​ព្យាបាល ខណៈ​ពេល​ដែល​ផលិតករ​ខ្លះ​អាច​នឹង​បាក់ទឹកចិត្ត ក្នុង​ការ​ផលិត​កុន​បន្ត​ទៀត »​។

បើ​តាម​លោក​សែ​ម​ស័​ក្ត វិសាល សមាគម​អាច​នឹង​លើក​សំណើ​នោះ​ជូន​ទៅ​កាន់​រាជ​រដ្ឋា​ភិបាល​ដោយ​ផ្ទាល់​តែ​ម្តង ប្រសិនបើ​នៅ​មិន​អាច​ទទួល​បាន​ចម្លើយ​ជា​វិជ្ជមាន​ពី​ក្រសួង​ដែល​ជា​អាណាព្យាបាល​ទេ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ភាគី​ពាក់ព័ន្ធ​នឹង​វិស័យ​ភាពយន្ត ដូច​ជា​ផលិតករ សិល្បករ តំណាង​រោង​ភាពយន្ត និង​អ្នក​ចែកចាយ​ភាពយន្ត​ខ្មែរ និង​បរទេស បាន​ជួបជុំ​គ្នា​លើក​ពី​កង្វល់​ក្នុង​វិស័យ​ភាពយន្ត​ដែល​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន ដាក់​ជូន​រាជរដ្ឋាភិបាល​ដោះស្រាយ ។ កង្វល់​នោះ​រួម​មាន ការ​ធ្លាក់​ចុះ​គុណភាព​កុន​ខ្មែរ ការ​ហូរ​ចូល​កុន​បរទេស និង​បញ្ហា​ទាក់ទង​នឹង​ការ​សុំ​ទីកន្លែង​ថត​ភាពយន្ត​ជាដើម ។

លោក​ឆាយ បូ​រ៉ា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា បញ្ចា​ក់ថា ចំណុច​សំខាន់​ទាំងនេះ​ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ ចៀស​ជាង​ការ​តតាំង​ដាក់​គ្នា​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ។ លោក ឆាយ បូ​រ៉ា ក៏​បាន​បញ្ជាក់​ប្រាប់​ពី​គម្រោង​ក្នុង​ការ​បង្កើត​គណៈកម្មការ​វាយតម្លៃ​ភាពយន្ត​ខ្មែរ​ដើម្បី​លើក​ស្ទួយ​គុណភាព សំណើ​ទៅ​កាន់​រដ្ឋាភិបាល​ពិចារណា​លើ​ការ​លើកលែង​ពន្ធ​លើ​ផលិតករ​ភាពយន្ត និង​ការ​សើរើ​ឡើង​វិញ​ចំពោះ​ភាគលាភ និង​តម្លាភាព​ក្នុង​ការ​អនុវត្ត​កិច្ចសន្យា ។

ទាក់ទង​នឹង​ទីតាំង​ថត ផលិតករ​ខ្មែរ​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ពី​បញ្ហា​សុំ​ទីតាំង​ថត​នៅ​កន្លែង​វប្បធម៌​នានា​ដែល​ត្រូវការ​ឲ្យ​ផលិតករ​ស្នើ​សុំ​លិខិតអនុញ្ញាត​ពី​ច្រើន​ស្ថាប័ន ហើយ​នៅ​តែ​គ្មាន​សិទ្ធិ​អនុញ្ញាត​ទៀត ។

លោក​ឆាយ បូ​រ៉ា បញ្ជាក់​ថា «​កង្វល់​ទាំងឡាយ​របស់​វិស័យ​ភាពយន្ត​ត្រូវ​បាន​សមាគម​ភាពយន្ត​កម្ពុជា​ដាក់​ជូន​ដល់​ក្រសួង​ពាក់ព័ន្ធ ដូច​ជា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​​ព័ត៌មាន ក្រសួងទេសចរណ៍ និង​ក្រសួង​អបរំ យុវជន និង​កីឡា ជាដើម ដើម្បី​ដោះ
ស្រាយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ