ស្ថានភាពវឹកវររបស់ក្រុមបាល់ទាត់អាហ្សង់ទីនមិនត្រូវបានដោះស្រាយនៅឡើយទេ ខណៈសហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) បានបើកកិច្ចប្រជុំបិទទ្វារមួយកាលពីថ្ងៃចន្ទកន្លងទៅដើម្បីពិភាក្សាពីអនាគតលោក Sampaoli ពាក់ព័ន្ធកៅអីគ្រូបង្វឹកក្រុមជម្រើសជាតិ ។
ទោះបីយ៉ាងណាព័ត៌មានច្បាស់ការណ៍ផ្សាយថា លោក Sampaoli ត្រូវបានទម្លាក់ឱ្យមកដឹកនាំក្រុមយុវជន U20 វិញ ក្រោយពីបរាជ័យដឹកនាំឈុតធំហើយវាគឺជាឱកាសចុងក្រោយរបស់លោកផងដែរ ។ បើសិនជាលោក Sampaoli ត្រូវបានបញ្ឈប់បន្ទាប់ពីដឹកនាំក្រុមអាហ្សង់ទីនធ្លាក់ World Cup ២០១៨នោះរូបលោកនឹងទទួលបានសំណង៩លានអឺរ៉ូស្មើនឹងជាង១០លានដុល្លារព្រោះកុងត្រារបស់លោកនៅវែងឆ្ងាយទៀត ។
យ៉ាងណាក៏ដោយប្រាក់សំណងនេះនឹងធ្លាក់មកនៅ១,៥លានអឺរ៉ូបើសិនជារូបលោកត្រូវបានបណ្តេញចេញបន្ទាប់ពីព្រឹត្តិការណ៍ Copa America 2019 ។ មានន័យថា អតីតអ្នកចាត់ការទូទៅក្លិប Sevilla វ័យ៥៨ឆ្នាំរូបនេះនៅមានឱកាសដឹកនាំក្រុម U20 ប្រកួតក្នុងទឹកដីអេស្ប៉ាញក្នុងកម្មវិធី COTIF ធ្វើឡើងនៅចុងខែកក្កដា នេះ ។ ហើយបន្ទាប់ពីប្រកួតនេះទៅ ក្រុមអាហ្សង់ទីននឹងជួបក្រុមប្រេស៊ីលទៀតក្នុងជំនួបមិត្តភាពនៅខែតុលា ខាងមុខ ដែលជាឱកាសចុងក្រោយរបស់លោក Sampaoli សាងស្នាដៃលុបលាងកំហុសនៅ World Cup រុស្ស៊ី ៕
ចែករំលែកព័តមាននេះ