ខេត្តកំពង់ឆ្នាំង ៖ អ្នកធ្វើដំណើរពីខេត្តកំពង់ធំមកខេត្តកំពង់ឆ្នាំង មានការខកចិត្តជាខ្លាំង បន្ទាប់ពីយឺតពេល៥នាទី មកមិនទាន់.ដទទឹងចម្លង ហើយត្រូវម្ចាស់អាជីវកម្មដទទឹងទារឡើងថ្លៃក្នុងរថយន្ត១គ្រឿង គុណនឹង៧ដងនៃតម្លៃធម្មតា ។
ករណីបែបនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី៨ ខែកក្កដាកន្លងទៅ នៅកំពង់ដចម្លងចំណុចផ្សារកំពង់ហៅ ក្នុងស្រុកកំពង់លែង ។ បើទោះបីមានការអង្វរករពីម្ចាស់រថយន្តអ្នកដំណើរ សុំបង់ថ្លៃឆ្លងរថយន្ត១គ្រឿងគុណនឹង២ដងនៃតម្លៃធម្មតាក្តី ក៏ម្ចាស់ដចម្លងនៅតែមិនព្រមដែរ ។ លុះបន្ទាប់ពីមានការអន្តរាគមន៍ពីលោកអភិបាលខេត្ត ទើបម្ចាស់ដចម្លងព្រមចម្លងអ្នកដំណើរ ដែលមានរថយន្ត៣គ្រឿង និងម៉ូតូមួយចំនួនក្នុងតម្លៃធម្មតាវិញ ។
បុរសអ្នករត់តាក់ស៊ីម្នាក់និយាយថា គាត់រត់តាក់ស៊ីកំពង់ធំ-ភ្នំពេញ ប៉ុន្តែថ្ងៃនេះគាត់មានម៉ូយដឹកទំនិញដាក់នៅខេត្តកំពង់ឆ្នាំង ហើយដោយមិនចង់បើកវាងចុះឡើង ទើបមកផ្លូវកាត់ ដើម្បីធ្វើដំណើរ១ជើងឱ្យបាន២ខេត្ត ។ គាត់មិនបានដឹងថា សាឡាងចម្លងគេបិទនៅម៉ោង៥និង៣០នាទីល្ងាចទេ ហើយមកដល់យឺត៥នាទីត្រូវអ្នកចម្លងដប្រាប់ថា ហួសម៉ោងហើយត្រូវបិទ។ ប៉ុន្តែបើចង់ឆ្លង រថយន្ត១គ្រឿងត្រូវបង់ថ្លៃ៥០ដុល្លារ គឺស្មើនឹងគុណ៧ដងនៃតម្លៃធម្មតា ព្រោះថ្លៃធម្មតាត្រឹមតែ៧ដុល្លារ ឬស្មើនឹង២៨.០០០រៀលប៉ុណ្ណោះ គាត់បានសុំថ្លៃត្រឹម១៥ដុល្លារដែរតែគេមិនព្រម ។
បុរសរូបនេះបន្តថា បន្ទាប់មកមានរថយន្តមកបន្ថែម២គ្រឿងទៀត ដោយម្ចាស់ដចម្លងប្រាប់ថា បើរថយន្ត២គ្រឿងចុះត្រឹម៦០ដុល្លារ និងបើ៣គ្រឿងចុះត្រឹម៧៥ដុល្លារ ។ គាត់ថា គាត់គ្មានលទ្ធភាពបង់ថ្លៃចម្លងថ្លៃយ៉ាងនេះទេ ព្រោះគាត់រត់១ជើងសល់ត្រឹម៤-១០ម៉ឺនរៀលប៉ុណ្ណោះ ។ ជាមួយគ្នានេះ អ្នកដំណើរដែលជាអ្នកស្រុកកំពង់លែងក៏បាននិយាយដែរថា គាត់ចុះឡើងតាមដចម្លងនេះញឹកញាប់ដែរ តែមិនបានដឹងថា គេបិទនៅម៉ោង៥កន្លះល្ងាចទេ ។ បើចង់បិទគួរណាស់តែឱ្យដំណឹងសាធារណៈឱ្យបានដឹង ដោយបិទសេចក្តីជូនដំណឹងតាមកន្លែងលក់សំបុត្រ ដើម្បីឱ្យអ្នកដំណើរបានដឹងផង ។
ទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ពីបញ្ហាខាងលើនេះដល់លោកអភិបាលខេត្តរួចមក ទើបមានការសម្របសម្រួលហើយបានចម្លងអ្នកដំណើរដោយយកក្នុងតម្លៃតាមធម្មតាវិញ ប្រៀបដូចចង់ចំណេញ មកដាច់ចំណង ។
ជុំវិញបញ្ហានេះ បើតាមការបញ្ជាក់របស់លោក ណាវឌ្ឍន៍ ម្ចាស់ដចម្លងខាងលើ កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា បានបញ្ជាក់ថា ពួកអ្នកធ្វើដំណើរ ប្រហែលជាអ្នកថ្មីមិនបានដឹង ព្រោះដចម្លងនេះ មានអ្នកដំណើរស្ទើ៨០% ដែលបានដឹងថា ដចម្លងបិទម៉ោង៥កន្លះល្ងាច ។ ចំណែកកូនចៅគាត់ ក៏មិនបានរាយការណ៍មកគាត់ដែរ រហូតដល់លោកអភិបាលខេត្តទូរស័ព្ទមកទើបគាត់ដឹង ។
គាត់បញ្ជាក់ថា ប្រេង១កានថ្លៃ១០ម៉ឺនរៀលកម្មករធ្វើការក្រៅម៉ោងម្នាក់១០ដុល្លារ ម្ល៉ោះហើយត្រូវយកតម្លៃលើសពីធម្មតាអុីចឹងហើយទើបរួចខ្លួន ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី គាត់បានឱ្យកូនចៅចម្លងហើយ ដោយគិតក្នុងតម្លៃធម្មតា ។ លោក ណាវឌ្ឍន៍បញ្ជាក់ទៀតថា នេះក៏ជាមេរៀនមួយសម្រាប់គាត់ដែរ ហើយគាត់នឹងធ្វើសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍ចម្លងនេះនៅម៉ោង៥កន្លះល្ងាច នៅតាមកន្លែងលក់សំបុត្រ និងនៅតាមសាឡាងចម្លងផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងពីបញ្ហានេះ ៕
ចែករំលែកព័តមាននេះ