ប្រជាពលរដ្ឋ​ត្អូញត្អែ​គ្រប់​គ្នា​ថា វេទនា​រស់នៅ​ណាស់​ជួយ​មើល​ៗកន្លែងមួយនេះផង


ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ស្តង់​ពោត និង​ដំឡូង​មី​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ភ្នំ​ដោះ​ក្រមុំ ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ត្អូញត្អែរ​ថា សព្វ​ថ្ងៃនេះ ពួក​គាត់​ពិតជា​ទ្រាំ​រស់នៅ​ទាំង​ក្តី​លំបាក​វេទនា​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ឱ្យ​តែ​ដល់​រដូវ​ប្រមូល​ផល​ម្តង​ៗ ខណៈ​ពេល​ដែល​ឈ្មួញ​ធ្វើការ​កិន​ពោត ឬ​ដំឡូង​មី​ម្តង​ៗ​បណ្តាល​ឱ្យ​ហុយ​កំទេច​ចូល​ទៅ​ក្នុងផ្ទះ​របស់​ពួក​គាត់​ធ្វើ​ឱ្យ​លំបាក​ក្នុង​ការ​ដកដង្ហើម ការ​ហូប​អាហារ និង​បង្ក​ទៅ​ជា​ជម្ងឺ​រោគារ​ផ្សេង​ៗ ដូច​ជា​ផ្តាសាយ រលាក​បំពង់ក ជា​ពិសេស​កុមារ​តូច​ៗ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ ប៊ុ​ន អឿ​ន អាយុ​៦១​ឆ្នាំ បាន​រៀបរាប់​កាលពី​រសៀល​ថ្ងៃ​ទី ០៩ ខែកក្កដា ឆ្នាំ​២០១៨ ថា​ពួក​គាត់​ពិតជា​លំបាក​ក្នុង​ការ​រស់នៅ​យ៉ាង​ខ្លាំង​ពេល​ដល់​រដូវ​ប្រ​មូ ល​ផល​ម្តង​ៗ ឈ្មួញ​តែងតែ​យក​ម៉ាស៊ីន​កិន​ពោត និង​ដំឡូង​មី ក្នុង​ស្តង់​របស់​ខ្លួន​នៅ​ពីលើ​ខ្យល់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កំទេចធូលី​សារធាតុពុល រមាស​ហុយ​ចូល​ទៅ​ក្នុងផ្ទះ​របស់​គាត់ បង្ក​ជា​កា រ​រមាស និង​លំបាក​ក្នុង​ការ​ដកដង្ហើម ។

គាត់​បន្ត​ទៀត​ថា ជា​ពិសេស​កូនចៅ​តូច​ៗ​របស់​គាត់​បាន​កើត​ជម្ងឺ​គ្រុន​រងា និង​រលាក​ផ្លូវដង្ហើម ស្ទើរតែ​១​ខែ ៣០​ថ្ងៃ​ទៅ​ហើយ ព្រោះ​ឈ្មួញ​កិន​បង្ហុយធូលី​ពោត និង​ដំឡូង​មី​ចូល​ទៅ​ក្នុងផ្ទះ​របស់​គាត់​ពេញទំហឹង​តែ​ម្តង ។ លើស​ពី​នេះ បើសិនជា​ឈ្មួញ​នៅ​តែ​ធ្វើ​បែប​នេះ​បន្ត​ទៀត មើលទៅ​គ្រួសារ​របស់​គាត់​នឹង​ទទួល​រងគ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ជាក់​ជា​មិន​ខាន​ឡើយ ខណ​:​ធ្លាប់​ប្តឹង​ទៅ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន​ដែរ ក្រោយ​ពី​ចុះ​ពិនិត្យ​រួច​ក៏​ស្ងាត់ឈឹង​ទៅ​វិញ​តែ​ម្តង តើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សង្ឃឹម​អ្វី​ទៀត​បើ​មិន​អើពើ​បែប​នេះ ។

បើ​នៅ​រដូវភ្លៀង​ធ្លាក់​ជោកជាំ​វិញ​ក្លិនស្អុយ​ដំឡូង​មី ពិតជា​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ក្រុម​គ្រួសារ​គាត់​ពោល​គឺ​ស្អុយ​សារធាតុពុល​ដំឡូង​មី​ដោយ​ម្នាក់​ៗ​ស្ទើរតែ​លេបបាយ​មិន​ចូល​នោះ​ឡើ យ ព្រោះ​ក្លិន​អា​សោច​ពេក​ហើយ​ក៏​មាន​ដង្កូវ​វារ​រវីមរវាម​តាម​ប្រឡាយ​ពេល​កំទេច​ដំឡូង​មី​ស្អុយរលួយ​ទៅ​នោះ​គួរ​ឱ្យ​ខ្ពើម លុះ​សត្វ​មាន់​ទា​ដែល​ចិញ្ចឹម​ចុះ​ទៅ​ផឹកទឹក​នោះ បណ្តាល​ឱ្យ​ងាប់​អស់​គ្មាន​សល់​អ្វីមួយ​ឡើយ ។

គាត់​ក៏​សំណូមពរ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត មេត្តា​ចុះ​ទៅ​ត្រួតពិនិត្យ ណែនាំ​ដល់​ម្ចាស់​ស្តង់​ខាងលើ​ឱ្យ​រៀបចំ​យ៉ាងណា​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្តង់ដារ​ផង​ដែរ ព្រោះ​បើ​ចេះ​តែ​បណ្តែតបណ្តោយ​បែប​នេះ​ប្រជាពលរដ្ឋ​ក្រីក្រ​ដូច​ជា​គ្រួសារ​របស់​គាត់ មិនដឹង​ជា​នាំ​គ្នា​ទៅ​រស់នៅ​ទីណា​នោះ​ទេ ។

ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​ម្ចាស់​ស្តង់​ខាងលើ​ដែល​មានឈ្មោះ ថា វ៉​រ៉ា​វ៉ា​ត់ ធូ​នី​យ៉ា​ផល (WORRAWAT TUNYAPHOL) ដើម្បី​ធ្វើការ​បំភ្លឺ​ដែរ​តែ​ទូរស័ព្ទ​អត់​ចូល ។ ចំណែក​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ខាង​លោក​អត់​ដឹង​រឿង​នេះ​ទេ លុះ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ខាង​លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​ព្រឹក​ថ្ងៃស្អែក​នេះ​ដើម្បី​ឱ្យ​ម្ចាស់​ស្តង់​កែតម្រូវ​ឡើង​វិញ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ