រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រដឹកស៊ីទែនក្រឡុកស៊ីម៉ង់ត៍ធុនធំមួយគ្រឿងត្រូវបានចរាចរណ៍រាជធានីភ្នំពេញធ្វើការឃាត់រថយន្តដើម្បីធ្វើការអប់រំ បន្ទាប់ពីរថយន្ដខាងលើបើកប៉ះភ្លើងស្តុបបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចស្តុបទំនប់កប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយកំលាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញបានសំរួលចរាចរណ៍នៅចំណុចស្តុបទំនប់កប់ស្រូវបានឃើញរថយន្តកុងតឺន័រមានដឹកស៊ីទែនក្រឡុកស៊ីម៉ង់ត៍ធុនធំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D-៨៩៩៥ បើកបរក្នុងទិសដៅពីកើតទៅលិច បានបើកប៉ះភ្លើងស្តុបនៅចំណុចគោលដៅខាងលើ តែមិនមានខូចខាតអ្វីធ្ងន់ធ្ងរឡើយ គ្រាន់តែខូចខាតតិចតួចប៉ុណ្ណោះ។
ប្រភពព័ត៌មានបានបន្តទៀតថា ភ្លាមៗនោះ រថយន្តបង្កខាងលើមិនព្រមឈប់បានបើកចេញពីកន្លែងកើតហេតុជាង១០០ម៉ែត្រ ហើយត្រូវបានកំលាំងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឃាត់ភ្លាមៗ និងបានរាយការណ៍ទៅជំនាញភ្លាមៗផងដែរ ។
បើតាមសំដីអ្នកបើកបររថយន្តដឹកស៊ីទែនក្រឡុកស៊ីម៉ង់ត៍ធុនធំខាងលើបាននិយាយថា ស៊ីទែនក្រឡុកស៊ីម៉ង់ត៍ខាងលើដឹកពីម្តុំផ្លូវជាតិលេខ១យកទៅដាក់នៅការដ្ឋានក្រឡុកស៊ីម៉ង់ត៍នៅកំពង់សោម។
ក្រោយពេលកើតហេតុ រថយន្តកុងតឺន័រដឹកស៊ីទែនក្រឡុកស៊ីម៉ង់ត៍ធុនធំខាងលើត្រូវបានជំនាញចរាចរណ៍រាជធានីភ្នំពេញយកទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វើការអប់រំ៕
ចែករំលែកព័តមាននេះ