មុនការប្រកួតមកដល់ គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាស៊ី លោក Zlatko Dalic សង្ឃឹមយ៉ាងមុតមាំថា រនាំងដែកថែបនៃប្រព័ន្ធការពាររបស់លោក នឹងអាចចងជើងខ្សែប្រយុទ្ធឆ្នើមរបស់អង់គ្លេស Harry Kane ដូចពេលពួកគេតាមបិទជើងខ្លាំងអាហ្សង់ទីន Messi និងដាណឺម៉ាក Christian Eriksen ដែរ ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Goal កាលពីពេលថ្មីៗកន្លងទៅ ។
គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះ បានលើកឡើងអំឡុងសន្និសីទសារព័ត៌មានថា «ការប្រកួតនឹងកាន់តែតានតឹង និងរឹតតែពិបាកទប់ទល់ថែមទៀត ព្រោះ Kane គឺជាតារាឆ្នើមមួយរូបនៅក្រុមអង់គ្លេស ពេលចាប់ដៃគូជាមួយកីឡាករ Raheem Sterling ហើយបច្ចុប្បន្ន Kane ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេទៀត» ។
យ៉ាងណាមិញ លោក Zlatko Dalic បាននិយាយទាំងមានជំនឿចិត្តថា «ខ្សែការពាររបស់យើង កីឡាករ Domagoj Vida និង Dejan Lovren គឺជាដៃគូដ៏ល្អ ដែលខ្ញុំទុកចិត្តថានឹងអាចរារាំងកីឡាកររបស់អង់គ្លេស ។ ពីមុនយើងបានបិទ Messi និង Eriksen ដោយជោគជ័យ ហើយលើកនេះ យើងនឹងខំប្រឹងធ្វើឱ្យបានដូចគ្នាជាមួយកីឡាករ Kane» ។
គួររំលឹកថា ក្រូអាស៊ីបានឆ្លងផុតវគ្គ១៦(ប៉ះដាណឺម៉ាក) និង៨ក្រុម(ប៉ះរុស្ស៊ី) សុទ្ធតែឈ្នះដោយគ្រាប់បាល់ប៉េណាល់ទី ខណៈអង់គ្លេសឈ្នះដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីម្តង ពេលជួបកូឡុំប៊ីវគ្គ១៦ក្រុម តែក្រោយមកទម្លាក់ស៊ុយអែតវគ្គ៨ក្រុមដោយលទ្ធផល២ទល់០ ។ ក្រូអាស៊ី និងអង់គ្លេសនឹងប៉ះគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃពុធស្អែកនេះ វេលាម៉ោង១រំលងអធ្រាត្រ ៕
ចែករំលែកព័តមាននេះ