ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់​ជា​កក្រើក​មិន​ខាន​ចម្បាំង​ដណ្តើម​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ World Cup រវាង​បារាំង​និង​បែ​ល​ហ្ស៊ិ​ក

5 ឆ្នាំ មុន

ទីបំផុតការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ពិភពលោក (World Cup) ២០១៨ បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ ។ សម្រាប់​១​គូប្រកួត​ដំបូង​នេះ គឺជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ជើង​ខ្លាំង​បារាំង និង​បែ​ល​ហ្ស៊ិ​ក នា​វេលា​ម៉ោង​១​រំលង​អធ្រាត្រ…

ទីបំផុតការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ពិភពលោក (World Cup) ២០១៨ បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ ។ សម្រាប់​១​គូប្រកួត​ដំបូង​នេះ គឺជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ជើង​ខ្លាំង​បារាំង និង​បែ​ល​ហ្ស៊ិ​ក នា​វេលា​ម៉ោង​១​រំលង​អធ្រាត្រ នៅ​ពហុ​កីឡដ្ឋាន​Saint-Petersburg ។

ចំពោះ​សមាសភាព​ក្រុម​បារាំង លោក​អ្នក​ច្បាស់​ជា​បានដឹង​ខ្លះ​ៗ​មក​ហើយ​នូវ​សមត្ថភាព​ដ៏​ខ្លាំងក្លា​របស់​ពួក​គេ ។ ក្រុម​ដែល​មាន​រហស្សនាម “​មាន់គក​” មួយ​នេះ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​ចាប់តាំងពី​វគ្គ​ចែក​ពូ​លម​ក ហើយ​មក​ទល់​ពេល​នេះ ពួក​គេ​មិន​ទាន់​បរាជ័យ​ម្តង​ឡើយ ដោយ​ស្មើ​តែ​ម្តង​ប៉ុណ្ណោះ និង​ឈ្នះ​៤​ដង ។

បារាំង​ធ្លាប់​បាន​ឡើង​មក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​៥​លើក​មក​ហើយ​ក្នុង​ចំណោម​ការ​បង្ហាញខ្លួន​នៅ World Cup ១៤​ដង ហើយ​អាច​ឆ្លង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​២​ដង ប៉ុន្តែ​ឈ្នះ​ពាន​ជើងឯក​តែ​១​លើក​គត់​កាលពី​ឆ្នាំ​១៩៩៨ ។

ស្ថានភាព​កូនក្រុម​នា​ពេល​បច្ចុប្បន្ន បារាំង​សំបូរទៅ​ដោយ​កីឡាករ​ថ្មី​ៗ ប៉ុន្តែ​ពួក​គេ​មាន​សមត្ថភាព
ស្មើ​ជើង​គ្នា​ល្អ​ណាស់ មិន​ថា​ខ្សែការពារ បម្រើ ឬ​ប្រយុទ្ធ​នោះ​ទេ ។ ម្យ៉ាងទៀត ជំនួប​យប់​នេះ ក៏​ពុំ​មាន​កីឡាករ​សំខាន់​ណា​ខកខាន​នោះ​ដែរ ។

រីឯ​ស្ថានភាព​គូប្រជែង​ពានរង្វាន់​ដែល​មក​ពី​ទ្វីបអឺរ៉ុប​ជាមួយ​គ្នា​នេះ ក៏​មិនធម្មតា​ប៉ុន្មាន​ដែរ ពោល​គឺ​ចាប់តាំងពី​វគ្គ​ចែក​ពូ​លម​ក បែ​ល​ហ្ស៊ិ​ក​ឈ្នះ​រហូត ធ្វើ​ឱ្យ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភាព​រីក​ចម្រើន​របស់​ពួក​គេ ។ ជាក់ស្តែង​ណាស់ ប្រេ​ស៊ី​ល​ដែល​ជា​ក្រុម​មាន​រនាំង​ការពាររឹង​មាំ​បំផុត ក៏​ត្រូវ​បែ​ល​ហ្ស៊ិ​ក​ទម្លាក់​បាន​ផង​ដែរ​កាលពី​វគ្គ​៨​ក្រុម​កន្លង​ទៅ ។

ចំពោះ​ប្រវត្តិ​ប្រឡូក​ក្នុង​ព្រឹត្តិការណ៍ World Cup វិញ ក្រុម​ដែល​មាន​រហស្សនាម​ថា “​បិសាច​ក្រហម​” មួយ​នេះ ធ្លាប់​ចូល​លេង​បាន​ចំនួន​១២​ដង​មក​ហើយ ប៉ុន្តែ​មាន​វាសនា​ឡើង​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​តែ​ម្តង​ប៉ុ​ណ្តោះ​កាលពី​ឆ្នាំ​១៩៨៦ ។ វត្តមាន​រដូវ​កាល​ថ្មី​នេះ គេ​សង្កេត​ឃើញ​ថា បែ​លហ្ស៊ិ​ក​ហាក់​ពុះកញ្ជ្រោល​ស្រេកឃ្លាន​ជ័យជម្នះ​ខ្លាំង​ជាង​ក្រុម​ដទៃ ទន្ទឹម​នឹង​ឆន្ទៈ និង​ស្មារតី​កូនក្រុម​នីមួយ​ៗ​មោះមុត​ផង​នោះ ពួក​គេ​ជឿជាក់​ថា នឹង​អាច​សាង​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​លើ​ទឹកដី​រុ​ស្ស៊ី​ជា​មិន​ខាន ។

ក្រុម​ខ្លាំង​ទាំង​ពីរ​ខាងលើ ធ្លាប់​ប៉ះ​គ្នា​នៅ World Cup ២​លើក​មក​ហើយ ដែល​ក្រុម​បារាំង​ឈ្នះ​ទាំង​២​លើក​នៅ​ពី​ឆ្នាំ​១៩៣៨​ជុំ​ទី​១ និង​ឆ្នាំ​១៩៨៦ វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ ខណៈ​ប៉ះ​គ្នា​៤​លើក​ផ្សេង​ទៀត​ក្នុង​វគ្គ​ជម្រុះ​បឋម​ទ្វីបអឺរ៉ុប បារាំង​ឈ្នះ​២ ចាញ់​១ និង​ស្មើ​១ ។

ទោះបី​យ៉ាងណា នៅ​ក្នុង​ជំនួប​នា​រាត្រី​នេះ គេហទំព័រ​ទស្សន៍​ទាយ​កីឡា​បាន​ទាយ​ថា បែ​លហ្ស៊ិ​ក​មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ច្រើន​ជាង​គូប្រកួត បើ​ទោះជា​ក្រុម​ទាំង​ពីរ​សុទ្ធតែ​អាច​រក​គ្រាប់​បាល់​បាន​ដូច​គ្នា​ក្ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ