ទីក្រុងបាងកក ៖ កំណើនតម្រូវការពីប្រទេសចិនសម្រាប់ផ្លែទុរេនថៃ បាននាំមកនូវប្រាក់ចំណូលដល់កសិករថៃក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែការគ្រប់គ្រងរបស់ពាណិជ្ជករចិនបានធ្វើឲ្យឈ្មួញថៃកាន់តែភ័យព្រួយពីលទ្ធភាពនៃការកំណត់តម្លៃផ្លែឈើនេះ ។
លោក Thongchai Kunnam អ្នកនាំចេញទុរេននៅខេត្ត Chanthaburi បានឲ្យដឹងថា ឈ្មួញកណ្តាលដែលទិញទុរេនពីកសិករភាគច្រើនគឺជាជនជាតិថៃ ប៉ុន្តែពាណិជ្ជករចិនចង់គ្រប់គ្រងការទិញ និងកំណត់តម្លៃនៅពេលប្រមូលផលទុរេន ។
ទុរេនប្រមាណ៧០%នៃទុរេនទាំងអស់ក្នុងប្រទេសថៃត្រូវបាននាំចេញ ដោយមានប្រទេសចិនជាទីផ្សារធំជាងគេ ។ កសិករដាំទុរេនប្រមាណ៥ម៉ឺនគ្រួសារបានប្រមូលទិន្នផលសរុបចំនួន៣០ម៉ឺន២ពាន់តោនកាលពីឆ្នាំ២០១៦ ។
លោក Thongchai Kunnam បន្តថា ឈ្មួញចិនមានតួនាទីយ៉ាងសំខាន់ក្នុងការលក់ទុរេន ក្រោយពីការចរចាជាមួយកសិករ។ លោកថា ៖« ខ្ញុំមិនដឹងថា ពាណិជ្ជករចិនរួមគំនិតកាត់បន្ថយតម្លៃទិញសម្រាប់កសិករដែរឬអត់ទេ ប៉ុន្តែរដ្ឋាភិបាលថៃគួរតែចេញវិធានការទប់ស្កាត់បញ្ហានេះ » ។
ទោះជាយ៉ាងណា លោកទទួលស្គាល់ថា កសិករថៃដាំទុរេនមិនអាចតស៊ូបានទេ ប្រសិនបើគ្មានការទិញពីប្រទេសចិនទេនោះ ។ ក្រសួងពាណិជ្ជកម្មថៃឲ្យដឹងថា កាលពីខែមេសាកន្លងមក ប្រទេសថៃបាននាំចេញផ្លែទុរេនប្រមាណ១២ម៉ឺនតោនទៅក្រៅប្រទេស កើនឡើង១៣៥% បើធៀបនឹងឆ្នាំ២០១៧។
នៅក្នុងខែមេសានេះ ប្រទេសចិនបាននាំចូលទុរេនថៃប្រមាណ៥ម៉ឺន៦ពាន់តោន ឬស្មើជិតពាក់កណ្តាលនៃចំនួនទុរេននាំចេញសរុប ។
ក្នុងរយៈពេលប្រមាណ៥-៦ឆ្នាំកន្លងមកនេះ តម្លៃទុរេនបានបន្តកើនឡើងជាបន្តបន្ទាប់។ លោក Thongchai Kunnam បន្ថែមថា ៖«កសិករដាំទុរេនថៃបានទិញរថយន្តថ្មីៗ គឺជាកត្តាបង្ហាញពីកំណើនប្រាក់ចំណូលរបស់ពួកគេផងដែរ » ៕
ចែករំលែកព័តមាននេះ