ខេត្តព្រះវិហារ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងមនុស្ស៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់ តាមបណ្តោយផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុងភូមិគោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០១៨នេះ ។
យោងតាមសម្តីសមត្ថកិច្ចនគរបាលចរាចរណ៍នៅកន្លែងកើតហេតុបាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីរថយន្តម៉ាក៣៣០ ពាក់ស្លាកលេខភ្នំពេញ2S-3198 ក្នុងទិសដៅពីជើងទៅត្បូងបានបែកកង់ក្រោយផ្នែកខាងស្តាំ ស្របពេលរថយន្តមានល្បឿនលឿនទើបធ្វើឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់តែម្តង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង ។ ចំណែកអ្នករួមដំណើរ៨នាក់ផ្សេងទៀតបានរងរបួស និងធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់ ស្នងការដ្ឋាននគរបាលជាតិ ខេត្តព្រះវិហារនឹងរថយន្តសង្គ្រោះរបស់មន្ទីពេទ្យកងពលធំអន្តរាគមន៍លេខ៣ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីពេទ្យបង្អែក១៦មករាក្រុងព្រះវិហារ ។
សមត្ថកិច្ចដដែលឲ្យដឹងទៀតថា ជនរងគ្រោះទី១- ឈ្មោះ ប្រាក់ កញ្ញា ភេទស្រី អាយុ២១ឆ្នាំ(ស្លាប់) ទី២-ឈ្មោះ ប្រាក់ ណារី ភេទស្រី អាយុ២៥ឆ្នាំ រងរបួសស្រាល ទី៣- ឈ្មោះ ប្រាក់ រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសធ្ងន់ ទី៤-ឈ្មោះ ប្រាក់ រចនា ភេទស្រី អាយុ១០ឆ្នាំ ទី៥-ឈ្មោះ ប្រាក់ សារឿន ភេទប្រុស អាយុ៥៥ឆ្នាំ រងរបួសធ្ងន់ ទី៦-ឈ្មោះឡោ សារ៉េត ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសធ្ងន់ ទី៧-ឈ្មោះ ហេង ពេជ្ររ៉ា ភេទស្រី អាយុ២៥ឆ្នាំ រងរបួសស្រាល ទី៨-ឈ្មោះ ឈូយ ចន្ធី ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសស្រាល និងទី៩-ឈ្មោះ ឈូយ សេងលី ភេទប្រុស អាយុ៥ឆ្នាំ អ្នកទាំងអស់គ្នារស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ។ មកដល់ពេលនេះសពជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី រីឯអ្នករងរបួសទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា ក្រុងព្រះវិហារ ៕
ចែករំលែកព័តមាននេះ