បន្ទាប់ពីស៊ុត១គ្រាប់ក្នុងជ័យជម្នះបែលហ្ស៊ិកទម្លាក់ប្រេស៊ីលក្នុងលទ្ធផល២ទល់១ កាលពីថ្ងៃសុក្រកន្លងទៅ តារាឆ្នើម Kevin de Bruyne ដែលមកពីក្លិបជើងឯកប្រឺមីញេលីគ Man City ដែលជាដៃគូសហការដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Khmer Beveragesបានបង្ហាញមហិច្ឆតា និងបោះពាក្យទាំងមានជំនឿចិត្តខ្ពស់ថា ក្រុមជម្រើសជាតិរបស់ខ្លួននឹងអាចបង្កើតប្រវត្តិសាស្ត្របន្ថែមនៅ World Cup រដូវកាលនេះ ។
ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មាន Skysport នាពេលថ្មីៗនេះថា «វាជាជោគជ័យដ៏គាប់ប្រសើរមួយ ដែលអាចឈានជើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះថាវាមិនមែនជារឿងងាយស្រួលនោះទេ ។ យើងពិតជាមានមោទនភាពណាស់ ហើយយើងនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយបន្តយកឈ្នះបារាំងនៅវគ្គនេះ ហើយក៏ជាពេលដែលយើងអាចសាងកេរ្តិ៍ឈ្មោះជូនបែលហ្ស៊ិកផងដែរ ក្នុងសម័យកាលរបស់យើង» ។
ជាមួយគ្នានេះដែរ គ្រូបង្វឹក Roberto Martínez ក៏បង្ហាញពីទឹកចិត្ត និងបានកោតសរសើរពីកីឡាករ De Bruyne ផងដែរនូវសមត្ថភាព និងបច្ចេកទេសលេងដ៏ប៉ិនប្រសប់មិនថា ការបង្ហាញខ្លួននៅក្លិប Man City និងក្រុមជម្រើសជាតិ ។ លោក Martínez និយាយថា «កូនក្រុមយើងម្នាក់ៗសុទ្ធតែគួរត្រូវបានចាត់ថាជាវីរបុរសបែលហ្ស៊ិក ជាពិសេសកីឡាករ De Bruyne ។ រូបគេតែងតែលះបង់គ្រប់យ៉ាងដើម្បីជួយក្រុមទាំងមូល» ។
គួររំលឹកថា បែលហ្ស៊ិកពុំធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រនោះទេ ក្នុងព្រឹត្តិការណ៍ World Cup ដោយបានឡើងត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងប៉ុណ្ណោះកាលពីឆ្នាំ១៩៨៦ ។ សម្រាប់រដូវកាលនេះ ក្រុមបែលហ្ស៊ិក ដែលមានឱកាសឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី២ នឹងត្រូវតទល់ជាមួយជើងខ្លាំងបារាំងថ្ងៃអង្គារទី១០ កក្កដា ខាងមុខ ហើយក៏ជាពេលដែលគ្រាប់ពូជជំនាន់ថ្មីមកពីក្រុមជើងឯកប្រឺមីញេលីគខាងលើ បញ្ចេញភាពអស្ចារ្យរបស់ខ្លួនផងដែរ ៕ ជិន សំអូន
ចែករំលែកព័តមាននេះ