សហរដ្ឋអាមេរិក និងកូរ៉េខាងជើង៖ បើតាមកូរ៉េខាងជើងកាលពីថ្ងៃទី៧ ខែកក្កដា ២០១៨ បានបដិសេធនូវវិធីសាស្ត្របែបអ្នកលេងរបស់សហរដ្ឋអាមេរិក ដើម្បីចរចាពីការរំសាយនុយក្លេអ៊ែរ ក្រោយរយៈពេល២ថ្ងៃនៃការពិភាក្សាគ្នានៅក្រុងព្យុងយ៉ាង ដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក MIKE POMPEO យល់ថា មានលក្ខណៈស្ថាបនាបំផុត។
ក្រោយការចេញដំណើររបស់លោក POMPEO មកកាន់ក្រុងតូក្យូ ជាកន្លែងដែលលោកត្រូវលើកពីការចរចាទាំងនោះជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងក្រសួងការបរទេសកូរ៉េខាងជើងនិយាយថា អាកប្បកិរិយាគួរឲ្យសោកស្ដាយបំផុតរបស់អាមេរិកក្នុងពេលចរចា បានរំលោភបំពានស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី១២ មិថុនា នៅសិង្ហបុរី រវាងមេដឹកនាំអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន។
ក្រសួងនោះបានបរិហារសំណើជាឯកតោភាគីនិងគឃ្លើនរបស់សហរដ្ឋអាមេរិកសំដៅរំសាយនុយក្លេអ៊ែរ។ តាមរយៈទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងKCNA របបក្រុងព្យុងយ៉ាងបានព្រមានថា សហរដ្ឋអាមេរិកបានប្រព្រឹត្តការខុសឆ្គងយ៉ាងធំមួយ ប្រសិនបើខ្លួនចាត់ទុកថា កូរ៉េខាងជើងត្រូវធ្វើតាមបណ្ដាសំណើដែលឆ្លុះបញ្ចាំងពីចរិតអ្នកលេងរបស់ខ្លួននោះ។
ក្រុងព្យុងយ៉ាងបានលើកពីប្រការដែលថាខ្លួនបានកម្ទេចចោលរួចហើយទីតាំងសាកល្បងនុយក្លេអ៊ែរមួយ ជាការធ្វើសម្បទានមួយដែលលោកត្រាំបានអបអរសាទរថា ជាជ័យជម្នះមួយ ដើម្បីសន្តិភាព ហើយនិយាយថា លោក POMPEO ពុំត្រៀមធ្វើដូចគ្នានេះជាមួយបណ្ដាសម្បទានអាមេរិកឡើយ។
កូរ៉េខាងជើងចាត់ទុកបទបញ្ជាជាឯកតោភាគី របស់លោកត្រាំផ្អាកសមយុទ្ធយោធារួមរវាងអាមេរិក និងកូរ៉េខាងត្បូងថា ជាសម្បទានក្លែងក្លាយ ហើយងាយប្រែក្រឡាស់វិញបំផុត ហើយសម្ដែងការសោកស្ដាយដែលពួកអ្នកចរចាអាមេរិក ពុំនិយាយសោះពីការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥៣។
ជាលក្ខណៈឯកជនពួកអ្នកការទូតអាមេរិកយល់ថា ប្រតិកម្មនោះរបស់កូរ៉េខាងជើងជាតាក់ទិកមួយនៃការចរចា។ ទោះបីយ៉ាងណា ក្រោយរយៈពេល២ថ្ងៃនៃការជួបគ្នាដោយមិត្តភាពនៅក្រុងព្យុងយ៉ាង ឥរិយាបថនោះហាក់ដូចជាកំណត់ពីការវិលទៅរកជំហរដើមវិញរបស់កូរ៉េខាងជើង។ ហើយប៉ុន្មានម៉ោងមុននេះ គឺមុនមកកាន់ក្រុងតូក្យូប្រមុខការទូតអាមេរិកបានលើកពីការចរចាថា មានលក្ខណៈស្ថាបនាបំផុត៕
ចែករំលែកព័តមាននេះ