តាមប្រភពសារព័ត៌មាន Marca បានឱ្យដឹងថា ក្មេងៗដែលជាប់នៅក្នុងរូងភ្នំមួយក្នុងប្រទេសថៃ ត្រូវបានប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino អញ្ជើញឱ្យចូលរួមវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ។
នៅសប្តាហ៍នេះលោកបានផ្ញើលិខិតទៅកាន់លោក Somyot Poompanmoung ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃដោយបន្តការអញ្ជើញដល់ក្រុមក្មេងៗ និងគ្រូបង្វឹករបស់ពួកគេ ប្រសិនបើមានកាលៈទេសៈអំណោយផលអាចឱ្យពួកគេចាកចេញពីរូងភ្នំបានទាន់ពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2018 ។
សូមបញ្ជាក់ផងដែរថា ក្មេងៗ 12 នាក់ និងគ្រូបង្វឹករបស់ពួកគេម្នាក់ត្រូវបានជាប់នៅខាងក្នុងរូងភ្នំថាំហ្លួងតាំងពីថ្ងៃទី23 ខែមិថុនា ។ ក្រុមអ្នកសង្គ្រោះបន្ទាន់ក្នុងស្រុកកំពុងព្យាយាមជួយសង្គ្រោះពួកគេឱ្យចាកចេញពីរូងភ្នំនោះ ប៉ុន្តែស្ថានភាពស្មុគស្មាញខ្លាំង ដោយសារតែទឹកជំនន់ ។ ពួកគេត្រូវនៅលើទីទួលខាងក្នុងរូងភ្នំនោះដើម្បីសុវត្ថិភាពអាយុជីវិតរបស់ពួកគេបាន ៕
ប្រភព ៖ Marca, ប្រែសម្រួល ៖ សំណាង
ចែករំលែកព័តមាននេះ