ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាព​ធនាគារ​កាន់តែ​ល្អ​ប្រសើរ ខណៈ​ទ្រព្យសកម្ម​កើន​ដល់​ជាង​30​ប៊ី​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា សុខភាព​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា នៅ​តែ​មាន​ភាពល្អ​ប្រសើរ ដោយ​ទំហំ​ទ្រព្យសកម្ម​បាន​កើនឡើង​ដល់​ប្រមាណ​៣១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក​ជា ចាន់​តូ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា សុខភាព​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា នៅ​តែ​មាន​ភាពល្អ​ប្រសើរ ដោយ​ទំហំ​ទ្រព្យសកម្ម​បាន​កើនឡើង​ដល់​ប្រមាណ​៣១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក​ជា ចាន់​តូ បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​ប្រកាសនីយបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ធនាគារ នៅ​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ថា បច្ចុប្បន្ន ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ល្អ និង​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ ធ្វើ​ឲ្យ​កម្ពុជា​បាន​ឈាន​ឡើង​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ទាប កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ ។

លោក​ថ្លែង​ថា ៖« ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧,៧% ជាមួយនឹង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​បាន​ល្អ​ប្រសើរ ក្នុង​អតិផរណា​មាន​កម្រិត​ទាប​អាច​គ្រប់គ្រង​បានជា​មធ្យម​៣,៥% » ។ លោក​បន្ដ​ថា ៖« ជាមួយនឹង​កំណើន​សេដ្ឋកិច្ច ការ​គ្រប់គ្រង​ចរន្ត​សាច់ប្រាក់ និង​អត្រា​អតិផរណា​ល្អ​ប្រសើរ បាន​ធ្វើ​ឲ្យ​កម្ពុជា​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​បាន​យ៉ាង​ឆាប់រហ័ស ពី​អត្រា​៥០,២%​នៅ​ឆ្នាំ​២០០២ មក​នៅ​ត្រឹម​១០%​នៅ​ឆ្នាំ​២០១៨​នេះ » ។

លោក​ទេសាភិបាល​បាន​បន្ថែម​ថា នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ជាមួយ​ទស្សនៈ​វែង​ឆ្ងាយ​របស់​រាជរដ្ឋាភិបាល វិស័យ​ធនាគារ​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម តាម​រយៈ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​វិសាលភាព និង​បរិ​យា​ប័ន្ន ដែល​បាន​លើក​ស្ទួយ​នូវ​កម្រិតជីវភាព​ប្រជាពលរដ្ឋ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ដែល​មក​ដល់​បច្ចុប្បន្ន​នេះ​ទ្រព្យសកម្ម​របស់​វិស័យ​ធនាគារ បាន​កើនឡើង​៧៣​ដង បើ​ធៀប​នឹង​ចុង​ទសវត្សរ៍​ទី​៩០ ។

លោក​ទេសាភិបាល​បញ្ជាក់​ថា ៖« ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ការ​កើន​ឡើង​​នៃ​តម្រូវការ​របស់​អតិថិជន បាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ បាន​និង​កំពុង​អភិវឌ្ឍន៍ បណ្តាញ​សាខា​, ធ្វើ​ពិពិធ​កម្ម​ផលិតផល​និង​សេវា​, លើកកម្ពស់​ប្រសិទ្ធ​ភាព និង​គុណភាព​នៃ​ប្រតិបត្តិការ និង​ពង្រឹង​ភាពរឹងមាំ​នៃ​ដើមទុន​និង​សន្ទនីយ​ភាព ។ ទន្ទឹម​នឹង​នេះ ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ក៏​ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម​ជា​លំដាប់​ឱ្យ​កាន់តែ​មាន​ភាព​ឆាប់រហ័ស កម្រៃ​សមរម្យ និង​សុវត្ថិភាព​ខ្ពស់ » ។

ប្រធាន​សមាគម​ធនាគារ​កម្ពុជា​ស្តីទី លោក ឆា​រស៍ វ៉ា​ន់ បាន​ថ្លែង​ថា សុខភាព​ក្នុង​វិស័យ​ធនាគារ​នៅ​តែ​មាន​ភាពល្អ​ប្រសើរ ដោយសារ​កំណើន​នៃ​តម្រូវការ​ឥណទាន និង​លំហូរ​សាច់ប្រាក់​ស្ថិត​ក្នុង​កម្រិត​មួយ​អាច​គ្រប់គ្រង​បាន និង​មាន​កំណើន​ល្អ​ប្រសើរ ។ លោក​បន្ត​ថា ធនាគារ​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ ព្រោះ​ធនាគារ​ដើរតួ​នាទី​ជា​អ្នក​ផ្តល់​លំហូរ​សាច់ប្រាក់​ក្នុង​សេដ្ឋកិច្ច ដើម្បី​បង្កើត​ការងារ និង​ខ្សែ​សង្វា​ក់​ផលិតកម្ម​បាន​យ៉ាង​ល្អ​ប្រសើរ ។

លោក​បន្ត​ថា ៖« ទោះជា​មានការ​ប្រកួតប្រជែង​កើនឡើង ប៉ុន្តែ​មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ក្នុង​វិស័យ​នេះ​ទេ ដោយសារ​ធនាគារ​នីមួយ​ៗ​បាន​គោរព​ក្រមសីលធម៌​របស់​ពួក​គេ» ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​កត់សម្គាល់​ឃើញ​ថា ប្រព័ន្ធ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​​មានកា​រវិ​វត្ត​ល្អ​ប្រសើរ ដោយសារ​ការ​ចូល​មក​ដល់​នៃ​ធនាគារ​ថ្មី ដែល​បាន​នាំ​យក​ធនធានមនុស្ស ជំនាញ និង​បច្ចេកវិទ្យា​ថ្មី​ៗ​ចូល​មក​កាន់​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​យើង​កាន់តែ​រីក​ចម្រើន និង​មាន​ធនធានមនុស្ស​កាន់តែ​ច្រើន ព្រោះ​ពេល​ពួក​គេ​នាំ​យក​បច្ចេក​វិទ្យា​ថ្មី​ចូល​មក ពួក​គេ​នឹង​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា ដើម្បី​បម្រើ​សេវាកម្ម ក៏​ដូច​ជា​ជួយ​សម្រួល​ប្រព័ន្ធ​ទូទាត់​បាន​រលូន ។

លោក​បន្ត​ថា ៖« ជា​ទូទៅ សុខភាព​ក្នុង​វិស័យ​នេះ​នៅ​តែ​ល្អ កម្រិត​ឥណទាន​មាន​កំណើន​អាច​គ្រប់គ្រង​បាន និង​ឥណទាន​មាន​បញ្ហា ក៏​ស្ថិត​ក្នុង​កម្រិត​មួយ​ល្អ​ប្រសើរ​ផង​ដែរ » ។ យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា បច្ចុប្បន្ន​ទ្រព្យសកម្ម​វិស័យ​ធនាគារ​មាន​ចំនួន​១២៥​ទ្រី​លាន​រៀល ស្មើនឹង​៣១​ប៊ី​លាន​ដុល្លារ កើនឡើង​៧៣​ដង បើ​ធៀប​នឹង​ឆ្នាំ​១៩៩៨ ។

ឥណទាន​សរុប​បាន​ផ្តល់​ទៅ​គ្រប់​វិស័យសេដ្ឋកិច្ច​ចម្បង​ៗ​មាន​ចំនួន​៧១​ទ្រី​លាន​រៀល ស្មើនឹង​១៧​ប៊ី​លាន​ដុល្លារ ខណៈ​ប្រាក់​បញ្ញើ​សរុប​បាន​កើនឡើង​៧៧​ទ្រី​លាន​រៀល ស្មើនឹង​១៩​ប៊ី​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ