ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អប្សរា ​យក​កង់​ទៅ​ចែក​ដល់​សិស្ស​ពូកែ និង​ក្រីក្រ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ក្នុងស្រុក​បន្ទាយស្រី ត្រូវ​បាន​លោក ហង់ ពៅ…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ក្នុងស្រុក​បន្ទាយស្រី ត្រូវ​បាន​លោក ហង់ ពៅ អគ្គនាយករង តំណាង​អគ្គនាយក​លោក ស៊ុំ ម៉ា​ប់ លោក សុខ ល​ក្ខិ​ណា ប្រធាន​អង្គភាព​គ្រប់គ្រង​បរិស្ថាន​អង្គរ លោក ម៉ី ម៉ា​រ៉ា​ឌី ប្រធាន​គម្រោង​ភូមិ​ធម្មជាតិ​រុន​តា​ឯក លោក ភ័ន ផល្លា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល បុគ្គលិក និង​សម្ភារ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​យក​កង់ ចំនួន​១០​គ្រឿង ពី​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​ចែក​ដល់​សិស្ស​ពូកែ និង​សិស្ស​ក្រីក្រ ដែល​កំពុង​សិក្សា នៅ​សាលា​បឋម​សិក្សា​ជាលា​ធំ​។ ក្នុង​ចំណោម​សិស្ស​ទាំងនោះ​ជា​សិស្ស​ពូកែ និង​ខ្លះ​ជា​សិស្ស​ក្រីក្រ ដែល​ត្រូវ​បន្ដ​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ​ក្រោយ​។

មាន​ប្រសាសន៍​ក្នុង​កម្មវិធី​ខាងលើ លោក ភ័ន ផល្លា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល បុគ្គលិក និង​សម្ភារ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា កម្មវិធី​ចែក​កង់​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សង​ទៅ​សង្គម ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​នាយកដ្ឋាន​រដ្ឋបាល បុគ្គលិក និង​សម្ភារ សហការ​ជាមួយ​អង្គភាព​គ្រប់គ្រង​បរិស្ថាន​អង្គរ​។ លោក​បន្ថែម​ថា គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​ធានា​ឱ្យ​កម្មវិធី​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ទទួល​បាន​នូវ​វិញ្ញាបនបត្រ ISO 14001 ជា​បន្តបន្ទាប់​ទៀត និង​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​អំពី​តួនាទី និង​ភារកិច្ច​ចម្បង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​កិច្ច​ការពារ​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

លោក សុខ ល​ក្ខិ​ណា ប្រធាន​អង្គភាព​គ្រប់គ្រង​បរិស្ថាន​អង្គរ បាន​លើក​ឡើង​ថា កម្មវិធី​សង​ទៅ​សង្គម ពិតជា​មាន​សារសំខាន់​ណាស់ ហើយ​គោលបំណង​នៃ​កម្មវិធី​នេះ គឺ​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​បរិស្ថាន ដូច​ជា​រឿង​សំរាម ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ អប់រំ​អ្នក​ឯទៀត​ឱ្យ​យល់​ពី​ការ​ទុកដាក់​សំរាម រួម​នឹង​ការ​ដាំ​ដើមឈើ​ជាដើម​។ លោក​បន្ថែម​ថា កុមារ​ពិតជា​មាន​ឥទ្ធិពល​ណាស់​សម្រាប់​ការ​ចូលរួម ក្នុង​កម្មវិធី​បរិស្ថាន គឺ​ពួក​គេ​ជា​អ្នក​នាំសារ​អប់រំ​ទាក់ទង​នឹង​បរិស្ថាន​ទៅ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ បាន​ដ៏​មាន​ប្រសិទ្ធភាព​។ ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​គម្រោង​ភូមិ​ធម្មជាតិ​រុន​តា​ឯក លោក ម៉ី ម៉ា​រ៉ា​ឌី ប្រធាន​គម្រោង​ភូមិ​ធម្មជាតិ​រុន​តា​ឯក បាន​ថ្លែង​ពី​ការងារ​ចូលរួម​ក្នុង​ការងារ​សម្អាត​បរិស្ថាន នា​ពេល​កន្លង​មក​ផង​ដែរ​។

តួយ៉ាង ភូមិ​ធម្មជាតិ​រុន​តា​ឯក ដែល​ជា​ភូមិ​គំរូ​ទទួល​បាន​វិញ្ញាបនបត្រ ចំនួន​ពីរ​ទាក់ទង​នឹង​បរិស្ថាន ទី​មួយ​ពានរង្វាន់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១៥-២០១៧ និង​ទី​ពីរ ពានរង្វាន់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១៥-២០១៧​។ ក្នុង​ពិធី​ដែល​មាន​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់​នោះ​ដែរ លោក ហង់ ពៅ អគ្គនាយករង និង​ជា​តំណាង​លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​មាន​ប្រសាសន៍​អប់រំ សិស្សានុសិស្ស អំពី​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ផលវិបាក​របស់​វា​ផង​ដែរ​។

លោក​លើក​ឡើង​ថា ថង់​ប្លា​ស្ទិ​ក ជា​ផ្នែក​មួយ​នៃ​ការ​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ហើយ​វា​បាន​បង្ក​ជា​ជំងឺ​ផ្សេង​ៗ ដល់​មនុស្ស​ដោយ​មិនដឹង​ខ្លួន​។ គួរ​បញ្ជាក់​ថា ក្រោយ​ពី​កម្មវិធី​ប្រគល់​កង់​ដល់​សិស្សានុសិស្ស​ហើយ​នោះ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ចូលរួម​ដាំ​កូន​ឈើ​នៅ​បរិវេណ​បឹង​ជាលា ដែល​ជា​និមិត្តរូប នៃ​រូប​ធម្មជាតិ​រុន​តា​ឯក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ