ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​កម្ពុជា​-​ថៃ នឹង​បញ្ចប់​ក្នុង​ស​ប្ដា​ហ៍​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ នៅ​ថ្ងៃ​ទី​៦ កក្កដា ខាង​មុខ​នេះ កិច្ច​ព្រម​ព្រៀង​​​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​ទាំង​ពីរ​កម្ពុជា​-​ថៃ នឹង​ត្រូវ​ចរចា​បញ្ចប់ ។ ក្រោយ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រួច…

រាជធានី​ភ្នំពេញ ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ នៅ​ថ្ងៃ​ទី​៦ កក្កដា ខាង​មុខ​នេះ កិច្ច​ព្រម​ព្រៀង​​​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​ទាំង​ពីរ​កម្ពុជា​-​ថៃ នឹង​ត្រូវ​ចរចា​បញ្ចប់ ។ ក្រោយ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រួច នឹង​អនុញ្ញាត​ឲ្យ​បងប្អូន​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​ដំណើរ ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​ទាំង​ពីរ និង​ឆ្ពោះទៅ​ប្រទេស​ទី​៣​បាន​ហើយ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​ពោធិ៍សាត់ នា​ព្រឹក​​ថ្ងៃ​ទី​៤ កក្កដា លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ផ្លូវដែក​ទិសពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​នេះ គឺជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​ដ៏​មាន​សក្ដានុពល​ក្នុង​ការ​ដឹក​ជញ្ជូន​ផលិតផល​នានា​របស់​ប្រជាពលរដ្ឋ ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិសេស គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ ដែល​ប្រជាពលរដ្ឋ​អាច​ដឹក​ទំនិញ​ពី​កម្ពុជា​ទៅ​ថៃ និង​ដឹក​ទំនិញ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ប្រកបដោយ​ភាព​ងាយស្រួល សុវត្ថិភាព​ខ្ពស់ និង​ចំណាយ​តិច ព្រោះថា​ផ្លូវដែក​នេះ​នឹង​ត្រូវ​ត​ភ្ជាប់​ជាមួយ​ផ្លូវដែក​នៃ​ព្រះរាជាណាចក្រ​ថៃ នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖« នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​ថៃ នឹង​អញ្ជើញ​មក​ជួប​ខ្ញុំ ដើម្បី​ចរចា​បញ្ចប់​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ឆ្លងកាត់​ប្រទេស​​កម្ពុជា និង​ថៃ ។ នៅ​ពេល​កិច្ចព្រមព្រៀង​នេះ​បាន​ចុះហត្ថលេខា​រួច សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ នឹង​ជិះ​រថភ្លើង​រួម​គ្នា​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ ។ ដូច្នេះ ប្រជាពលរដ្ឋ​របស់​យើង​អាច​ធ្វើ​ដំណើរ អាច​ដឹក​ទំនិញ​ពី​កម្ពុជា​ទៅ​ទីក្រុង​បាងកក និង​ឆ្ពោះទៅ​ប្រទេស​សិង្ហ​បុរី តាម​រទេះភ្លើង​បាន​ហើយ » ។

ក្រៅពី​ការងារ​ត​ភ្ជាប់​ផ្លូវដែក​ភាគ​ពាយ័ព្យ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ជា​ច្រើន​ទៀត​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​លើ​ផ្លូវដែក​នេះ ដូច​ជា ការ​សាងសង់​ខ្សែ​រថភ្លើង​ថ្មី​, ការ​ជួស​ជុល​ស្ថានីយ ព្រមទាំង​បំពាក់​ស្លាក​សញ្ញា​សុវត្ថិភាព​ផ្លូវដែក​ពី​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​, ការ​សាងសង់​ទីលាន​កុងតឺន័រ​ផ្លូវដែក​នៅ​ស្ទឹង​បត់​, ការ​សិក្សា​ដើម្បី​រៀបចំ​ឱ្យ​មាន​រថភ្លើង​លើ​អាកាស​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​នៅ​ក្នុង​ក្រុងភ្នំពេញ​, កា​រត​ភ្ជាប់​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ថ្មី​, កា​រត​ភ្ជាប់​ផ្លូវដែក​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដូច​ជា ពី​ស្ថានីយ​ទូក​មាស​ទៅ​រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីង​, ពី​ស្ថានីយ​វាល​រេញ​ទៅ​កំពង់​ផែ​កែវ​ផុស​, ការ​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ផ្លូវដែក​ភាគ​ខាងជើង​ភ្នំពេញ​-​ស្នួល​-​ស្ទឹង​ត្រែង ប្រវែង​២៤៨​គីឡូម៉ែត្រ​, ការ​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ផ្លូវដែក​ពី​ភ្នំពេញ​-​សៀមរាប សិរី​សោភ័ណ និង​ការ​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ផ្លូវដែក​ត​ភ្ជាប់​ទៅ​ប្រទេស​វៀតណាម ជាដើម ។

បើ​តាម​អនុរដ្ឋលេខាធិការ​ក្រសួង​សា ធា​រណការ និង​ដឹក​ជញ្ជូន លោក លី បូ​រិ​ន បាន​ប្រាប់​កោះសន្តិភាព កាលពី​ចុងខែ​មិថុនា​ថា ការ​ពិត បញ្ហា​ដែល​នៅ​សេសសល់​នោះ​តិចតួច​ទេ គឺ​ពាក្យពេចន៍ និង​មាន​ចំណុច​ខ្លះ វា​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី ឬ​ប៉ះពាល់​ដល់​ព្រំដែន ។

លោក​បញ្ជាក់​ថា ៖« រឿង​នេះ យើង​ត្រូវ​ប្រយ័ត្នប្រយែង ព្រោះ​វា​ប៉ះពាល់​ដល់​ប្រទេស​ជាតិ ។ ចំណែក​ការងារ​បច្ចេកទេស យើង​បាន​ចរចា​គ្នា​បញ្ចប់​រួចរាល់​អស់ហើយ » ។

លោក លី បូ​រិ​ន បន្ដ​ថា នៅ​ពេល​ប្រទេស​ទាំង​ពីរ​អនុញ្ញាត​ឱ្យ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាម​ផ្លូវដែក​ហើយ​នោះ នឹង​ធ្វើ​ឱ្យ​តម្លៃ​ដឹក​ជញ្ជូន​ធ្លាក់​ចុះ និង​មាន​ភាព​ប្រកួតប្រជែង​កាន់តែ​ច្រើន ហើយ​ក៏​ជួយ​សម្រួល​ដល់​ការ​ខូចខាត​ផ្លូវជាតិ​,​ការ​កកស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។

ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវដែក ផ្លូវ​ទឹក និង​ផ្លូវអាកាស ក្នុង​នោះ​ផ្លូវថ្នល់​បាន​និង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ពី​ផ្លូវ​២​គន្លង​ទៅ​៤​គន្លង​, គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​, គម្រោង​សាងសង់​ផ្លូវ​ពី​បាត់ដំបង ទៅ​កាន់​ខេត្តកោះកុង ដើម្បី​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​កំពង់​ផែ​ទឹក​ជ្រៅ និង​គម្រោង​សាងសង់​ផ្លូវ​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​កំពង់ធំ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ