ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំប្លែង​ស្ទើរតែ​បាត់​ទាំងស្រុង ពេលនេះ​អាច​​មាន​ដង្ហើមរស់​តទៅ​​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ ក្នុង​ពេល​ដែល​ការ​សម្តែង​កំប្លែង​ស្ទើរតែ​បាត់​ទាំងស្រុង​ពី​ឆាក​ប្រគំ​តន្ត្រី​នានា​​នោះ ផលិតករ​ទូរទស្សន៍​ពីរ​នាក់​បាន​បង្ហាញ​ឆន្ទៈ​ថ្មី​មួយ​ដើម្បី​បង្កើត​កម្មវិធី​ថ្មី​ៗ ផ្តល់​ឱកាស​ឲ្យ​តារា​កំប្លែង​នានា​អាច​មាន​ដង្ហើមរស់​បាន​តទៅ​មុខ​ទៀត ។ ផលិតករ​ទាំង​ពីរ​នាក់​គឺ​លោក​សុវណ្ណ រិ​ទ្ធី ហៅ​តា​វិច​ទ័​រ និង​លោក​គង់…

រាជធានី​ភ្នំពេញ ៖​ ក្នុង​ពេល​ដែល​ការ​សម្តែង​កំប្លែង​ស្ទើរតែ​បាត់​ទាំងស្រុង​ពី​ឆាក​ប្រគំ​តន្ត្រី​នានា​​នោះ ផលិតករ​ទូរទស្សន៍​ពីរ​នាក់​បាន​បង្ហាញ​ឆន្ទៈ​ថ្មី​មួយ​ដើម្បី​បង្កើត​កម្មវិធី​ថ្មី​ៗ ផ្តល់​ឱកាស​ឲ្យ​តារា​កំប្លែង​នានា​អាច​មាន​ដង្ហើមរស់​បាន​តទៅ​មុខ​ទៀត ។

ផលិតករ​ទាំង​ពីរ​នាក់​គឺ​លោក​សុវណ្ណ រិ​ទ្ធី ហៅ​តា​វិច​ទ័​រ និង​លោក​គង់ វិសាល បាន​បង្ហាញ​​​ជំហរ​ថ្មី​មួយ ដោយនៅ​ក្នុង​នោះ​អ្នក​ទាំង​ពីរ​បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ ដើម្បី​ហៅ​តារា​កំប្លែង​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​របស់​ទូរទស្សន៍​ជា​ថ្មី​ឡើង​វិញ ។

ផលិតករ​ប្រចាំ​ស្ថានីយទូរទស្សន៍​ CTN លោក​សុវណ្ណ រិ​ទ្ធី ហៅ​តា​វិច​ទ័​រ បាន​ឲ្យ​ដឹង​ថា សម្រា​ប់​ស្ថានីយទូរទស្សន៍​របស់​លោក​ គឺ​កំពុង​តែ​រៀបចំ​កម្មវិធី​មួយ​សម្រាប់​តារា​កំប្លែង​គឺ​នាយ​កុយ បន្ទាប់​ពី​ក្រុម​របស់​លោក​លែង​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​។

​លោក​បញ្ជាក់​ថា «​យើង​មិន​អាច​អវត្តមាន​របស់​ពួក​គាត់​បាន​ឡើយ ពីព្រោះ​យើង​កំពុង​តែ​ធ្វើការ​ងារ​លើ​វិស័យ​សិល្បៈ ហេតុនេះ​តួអង្គ សំខាន់​ៗ​ក្នុង​វិស័យ​នេះ​យើង​មិន​អាច​ខ្វះ​បាន​ឡើយ​»​។

បើ​តាម​លោកតា​វិច​ទ័​រ អាជីព​សម្រាប់​តារា​កំប្លែង​នោះ​គឺ​លោក​ជឿ​ថា «​នឹង​មិន​មានការ​បាត់បង់​ឡើយ ដោយសារ​តែ​កំប្លែង​ជា​ទេព​កោសល្យ​ពិសេស​មួយ ខុស​ពី​វិស័យ​ចម្រៀង។ បទ​ចម្រៀង​តែ​បទ​អី​គឺ​បទ​ហ្នឹងហើយ តែបើ​កំប្លែង​វិញ​គឺ​ប្លែក និង​ធ្វើ​ឲ្យ​យើង​ផ្ទុះ​សំណើច​​រហូត អ៊ីចឹង​ហើយ​កំប្លែង​មិន​អាច​បាត់​អាជីព​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ​វា​អាច​កាន់តែ​មាន​ភាព​រីក​ចម្រើន »​។

ទោះជា​យ៉ាងណា​ក្តី​លោក​សុវណ្ណ រិ​ទ្ធី មិន​បាន​បញ្ជាក់​ឲ្យ​បានដឹង​ទេ​ថា កម្មវិធី​ថ្មី​ដែល​រៀប​ចំ​សម្រាប់​តារា​កំប្លែង​ជើង​ចាស់​នាយ​កុយ នោះ​ជា​កម្មវិធី​អ្វី​ឡើយ ក្នុង​ពេល​ដែល​លោ​ក​កំពុង​តែ​ដំណើរ​ថត​កម្មវិធី​កំប្លែង​ខ្លី​សម្រាប់​ក្រុម​នាយ​ពែ​ក​មី ដែល​មាន​ចាក់​ផ្សាយ​ជា​បន្តបន្ទាប់​។

ដោយឡែក​ផលិតករ​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន​លោក​គង់ វិសាល បាន​អះអាង​ថា បច្ចុប្បន្ន​លោក​កំពុង​តែ​ធ្វើ​កម្មវិធី​កំប្លែង​មួយទៀត បន្ទាប់​ពី​កម្មវិធី​ផ្ទះ​សំណើច​ដែល​លោក​​កំពុង​តែ​ដឹកនាំ​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​។ កម្ម​កំប្លែង​ថ្មី​នេះ​លោក​កំពុង​តែ​រក​អ្នក​កំប្លែង​ថែម​ទៀត ដើម្បី​លេង​ចូល​គ្នា​ជាមួយនឹង​តារា​សម្តែង ដូច​ទៅ​នឹង​កម្មវិធី​ផ្ទះ​សំណើច​ដែល​កំពុង​តែ​ដំណើរការ​សព្វថ្ងៃ​នេះ ។

តារា​កំប្លែង​លោក​ជួង ជី ហៅ​កុយ ធ្លាប់​បាន​អះអាង​ថា ស្ថានីយទូរទស្សន៍​មិន​គួរ​បំបាត់​កម្មវិធី​កំប្លែង​ចោល​ឡើយ ក្នុង​ពេល​ដែល​កម្មវិធី​នេះ​នៅ​តែ​ពេញ​និយម​នៅឡើយ​សម្រាប់​ទស្សនិកជន​គ្រប់​ស្រទាប់វណ្ណៈ ។ លោក​បញ្ជាក់​ថា បើ​ទោះបីជា​កំប្លែង​ត្រូវ​សម្តែង​​ជា​ក្រុម ប៉ុន្តែ​បើ​គិត​ពី​តម្លៃ​សម្រាប់​ការ​បែងចែក​នោះ​គឺ​មិន​ច្រើន ដូច​ជា​តារា​ចម្រៀង​កិត្តិយស​ម្នាក់​ឡើយ ។ បើ​យើង​បោះបង់​ការ​សម្តែង​កំប្លែង​នោះ​វា​នឹង​មាន​បញ្ហា​ប្រឈម​សម្រាប់​អ្នក​អាជីព​កំប្លែង ដោយ​ពួក​គាត់​នឹង​បាត់​មុខ និង​លែង​មានឱកាស​បញ្ចេញ​នូវ​ទេព​កោសល្យ​ដែល​គាត់​មាន​សម្រាប់​បម្រើ​អារម្មណ៍​ទស្សនិកជន​បន្ត​ទៀត ។

ក្នុង​នាម​ជា​អ្នក​កំប្លែង​ជើង​ចាស់​មួយ​រូប​នាយ​កុយ បាន​សំណូមពរ​ដល់​បណ្តា​ស្ថានីយ​ទូរទស្សន៍​ទាំងអស់​គួរ​មាន​រៀបចំ​កម្មវិធី​កំប្លែង​ក្នុង​កម្មវិធី​ណាមួយ​ដោយ​ចំណាយពេល​ត្រឹម​២០​ឬ​៣០​នាទី​ប៉ុណ្ណោះ ហើយ​ចំណាយ​ប្រាក់​តែ​៣០០​ដុល្លារ​សម្រាប់​ពួក​គាត់​ចែក​គ្នា វា​មិនជា​ច្រើន​ពេក​ទេ ។

ជា​ការ​កត់សម្គាល់​បច្ចុប្បន្ន​វត្តមាន​សម្តែង​កំប្លែង​ក្នុង​ការ​ប្រគំ​តន្ត្រី​គេ​ឃើញ​មាននៅ​សល់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​តាម​បណ្តា​ប៉ុស្តិ៍​ទូរទស្សន៍​នានា ក្នុង​នោះ​គេ​ឃើញ​មាននៅ​លើ​កញ្ចក់​​ទូរទស្សន៍​បាយ័ន​ក្នុង​កម្មវិធី តន្ត្រី​ស្រុកស្រែ​ដែល​សម្តែង​ឆ្លាស់គ្នា​រវាង​ក្រុម​កំប្លែង​នាយ​ក្រឹម និង​នាយ​កុយ និង​សំណើច​ចុង​ស​ប្តា​ហ៍ ។ ចំណែក​ស្ថានីយទូរទស្សន៍​CTN គេ​សង្កេត​ឃើញ​នៅ​ក្នុង​កម្មវិធី​មន្ត​រាត្រី​កម្សាន្ត និង​ឈុត​កំប្លែង​ខ្លី​ៗ​ពី​ក្រុម​កំប្លែង​នាយ​ពែ​ក​មី ខណៈ​ពេល​នៅ​ស្ថានីយទូរទស្សន៍​ជាតិ​គេ​មាន​ឃើញ​មាន​ឈុត​កំប្លែង​ខ្លី​សម្តែង​ដោយ​ក្រុម​នាយ​ខ្ជឹប ក្នុង​កម្មវិធី​ខ្ញុំ​និង​អ្នក ។

ដោយឡែក​សម្រាប់​ស្ថានីយទូរទស្សន៍​ផ្សេង​ទៀត​នោះ​គឺ​មានកម្ម​វិធី​កំប្លែង​ដែរ តែ​កម្មវិធី​ខ្លះ​គឺ​បាន​បញ្ចូល​តារា​កំប្លែង លាយ​ជាមួយ​តារា​សម្តែង ហើយ​កំប្លែង​កំប្លែង​ខ្លី​ខ្លះ​គឺ​មាន​ការ​​សម្តែង​ដោយ​អ្នក​កំប្លែង​ចាប់​ដៃគូ​តែ​ពីរ​នាក់​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ