ប្រធានសហព័ន្ធកីឡាបាល់ទាត់ប៉ូឡូញ លោក Zbigniew Boniek បានប្រកាសនាពេលថ្មីៗនេះថា គ្រូបង្វឹកក្រុមជម្រើសជាតិលោក Adam Nawalka មិនត្រូវបានឱ្យបន្តកុងត្រានោះទេ បន្ទាប់ពីដឹកនាំប៉ូឡូញធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ត្រឹមវគ្គចែកពូល ។
លោក Zbigniew Boniek បានឱ្យដឹងទៀតថា តួនាទីរបស់គ្រូបង្វឹករូបនោះ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ កក្កដា ២០១៨នេះប៉ុណ្ណោះ ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ The Sun កាលពីថ្ងៃពុធម្សិលមិញ ។
ឆ្លើយតបទៅនឹងមតិរិះគន់ពីអ្នកគាំទ្រទូទាំងប្រទេស លោក Adam Nawalka បានលើកឡើងទាំងទឹកមុខស្រងូតស្រងាត់ថា «ខ្ញុំទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងមកលើក្រុមជម្រើសជាតិ និងធ្វើឱ្យអ្នកគាំទ្រខកចិត្តខ្លាំងបែបនេះ» ។
ជាមួយគ្នានេះដែរ លោកប្រធានសហព័ន្ធបាល់ទាត់ប៉ូឡូញថ្លែងក្នុងសន្និសីទសារព័ត៌មានថា «ឥឡូវនេះ យើងកំពុងស្វែងរកគ្រូបង្វឹកថ្មីដើម្បីមកដឹកនាំក្រុមជម្រើសជាតិ» ។ ម្យ៉ាងទៀតលោក Zbigniew Boniek ក៏បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹកវ័យ៦០ឆ្នាំខាងលើផងដែរ ដែលបានជ្រោមជ្រែងប៉ូឡូញរយៈពេល៥ឆ្នាំកន្លងមក ។
សូមបញ្ជាក់ថា លោក Adam Nawalka បានចូលមកដឹកនាំប៉ូឡូញតាំងពីខែវិច្ឆិកា ឆ្នាំ២០១៣មកម៉្លេះ ហើយដឹកនាំប្រទេសនេះធ្លាក់ពី World Cup ២០១៨ ត្រឹមវគ្គចែកពូល៣២ក្រុម ដោយប្រកួតឈ្នះតែម្តងប៉ុណ្ណោះ និងចាញ់២ប្រកួត ៕
ចែករំលែកព័តមាននេះ