កាលពីខែមុន លោកប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងពីចេតនារបស់ខ្លួន ក្នុងការយកពន្ធនាំចូល២០%លើរថយន្តទាំងអស់ ដែលបានយកមកដំឡើងនៅសហភាពអឺរ៉ុប ។
នាពេលថ្មីៗនេះ សារព័ត៌មាន Reuters បានរាយការណ៍ថា ការគំរាមកំហែងនេះ ទទួលបានការស្ដីបន្ទោសពីភាគី២ក្រុម ដែលតំណាងឲ្យស្ទើរតែគ្រប់ក្រុមហ៊ុនផលិតរថយន្ត ។
ក្រុមនេះអះអាងថា ពន្ធគយដែលស្នើឡើងនេះ នឹងមិនត្រឹមតែធ្វើឲ្យតម្លៃរថយន្តថ្មីកើនឡើងទេ ប៉ុន្តែថែមទាំងធ្វើឲ្យខាតបង់ការងារជាច្រើនកន្លែងសម្រាប់ពលរដ្ឋអាមេរិក និងរារាំងដល់ការលូតលាស់របស់បច្ចេកវិទ្យាសុវត្ថិភាពថ្មីៗទៀតផង ។
ភាគីទាំង២ក្រុមនេះមានដូចជា សមាគមនៃក្រុមហ៊ុនផលិតរថយន្តពិភពលោក (តំណាងឲ្យ Toyota, Subaru, Nissan, Honda, Hyundai និង Kia) និងក្រុមសម្ព័ន្ធអ្នកផលិតរថយន្ត (តំណាងឲ្យ Ford, GM, Giat Chrysler, BMW, Mercedes-Benz USA និងក្រុមហ៊ុនជាច្រើនទៀត) ។ ទាំង២ភាគីនេះបូកចូលគ្នា គឺស្ទើរតែស្មើនឹងក្រុមហ៊ុនគ្រប់ម៉ាករថយន្តទៅហើយ ។ ពួកគេសុទ្ធតែសម្តែងការមិនពេញចិត្តនឹងការដាក់ពន្ធរបស់លោកត្រាំ លើរថយន្តនាំចូល ។
ផលប៉ះពាល់ចម្បងរបស់ការដាក់ពន្ធនេះ គឺការបាត់បង់ការងារ ។ ក្រុមហ៊ុនអន្តរជាតិជាច្រើនដូចជា Toyota និង Subaru សុទ្ធតែមានវត្តមាននៅសហរដ្ឋអាមេរិក ។
សមាគមនៃក្រុមហ៊ុនផលិតរថយន្តពិភពលោក បានលើកឡើងថា ៖« ការដាក់ពន្ធនេះនឹងផ្តល់មកវិញនូវការបាត់បង់ការងាររាប់សែនកន្លែងរបស់ពលរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងការផលិត និងលក់រថយន្ត ។ តាមការប៉ាន់ស្មាន ការងារចន្លោះពី១៩ម៉ឺន៥ពាន់ ទៅ៦២ម៉ឺន៤ពាន់កន្លែងនឹងត្រូវបាត់បង់ » ។
ការគំរាមកំហែងបន្ថែមទៀត គឺតម្លៃរបស់រថយន្តកើនឡើង ។ តម្លៃជាមធ្យមដែលត្រូវចំណាយលើរថយន្តនៅអាមេរិក គឺប្រហែល៣ម៉ឺន៤ពាន់ដុល្លារ តែប្រសិនបើមានការដាក់ពន្ធនេះវិញ គឺត្រូវឡើងថ្លៃ៥.៨០០ដុល្លារបន្ថែមទៀត ។
លទ្ធផលអាក្រក់ចុងក្រោយ គឺរារាំងដល់ការអភិវឌ្ឍបច្ចេកវិទ្យាសុវត្ថិភាពថ្មីៗ ដោយសារតែតម្លៃកើនឡើង ការសិក្សាស្រាវជ្រាវក៏មានកម្រិតទៅតាមហ្នឹងដែរ ព្រោះមួយចំណែកត្រូវចែកទៅរដ្ឋអាមេរិកអស់ ៕
ចែករំលែកព័តមាននេះ