ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​ជួប​ប្រទះ​រាល់ថ្ងៃ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នឹង​ការ​លំបាក​នានា ដែល​ជួប​ប្រទះ​រាល់ថ្ងៃ​ដូច​ជា បញ្ហា​ផ្លូវលំ​ខូចខាត​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​មក និង​ដឹក​កសិផល​ចេញពី​ចម្ការ ។ មួយទៀត​អត់​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​អត់​មាន​ក្រុមហ៊ុន​អគ្គិសនី​ត​ភ្ជាប់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល ជា​ពិសេស​ពួក​គាត់​ត្អូញត្អែ​ពី​ការ​ធ្វើ​អត្រានុកូលដ្ឋាន​សៀវភៅ​គ្រួសារ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នឹង​ការ​លំបាក​នានា ដែល​ជួប​ប្រទះ​រាល់ថ្ងៃ​ដូច​ជា បញ្ហា​ផ្លូវលំ​ខូចខាត​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​មក និង​ដឹក​កសិផល​ចេញពី​ចម្ការ ។ មួយទៀត​អត់​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​អត់​មាន​ក្រុមហ៊ុន​អគ្គិសនី​ត​ភ្ជាប់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល ជា​ពិសេស​ពួក​គាត់​ត្អូញត្អែ​ពី​ការ​ធ្វើ​អត្រានុកូលដ្ឋាន​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​ជាដើម ។

ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ទឹកផុស ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ក្នុង​ពិធី​វេទិកាសាធារណៈ ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ក្រុងប៉ៃលិន ។

លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន​បាន​លើក​ឡើង​ថាបើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា ប្រឈម​ផ្សេង​ៗ​ដូច​ជា ចង់ឱ្យ​តម្លៃ​ទីផ្សារ​កសិផល​ឡើងថ្លៃ​បញ្ហា​ខ្វះខាត​ភ្លើងអគ្គិសនី​ប្រើប្រាស់ អត់​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជាដើម​អាច​លើក​ឡើង​នៅ​ក្នុង​ពិធី ដើម្បី​ស្ថាបនា និង​កែតម្រូវ​ដោយ​ត្រូវ​ចៀសវាង​ពី​បញ្ហា​នយោបាយ​ផង​ដែរ ។ លោក​បន្ត​ទៀត​ថា បញ្ហា​ទាំងឡាយ​ណា​ដែល​អាជ្ញាធរ​ក្រុង និង​ក្រុមការងារ​អាច​ដោះស្រាយ​ជូន​បាន​ខាង​លោក​នឹង​ដោះស្រាយ​ជូន​ភ្លាម​ៗ​តែ​ម្តង ហើយ​បើសិនជា​បញ្ហា​នោះ​ធំ​ពេក​ក៏​នឹង​លើកយក​ទៅ​ថ្នាក់​ខេត្ត​បន្ត​ទៀត​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ស្ត្រី​ម្នាក់​ឈ្មោះ ជ័យ ថា​វី រស់នៅ​ភូមិ​ខាងលើ​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ក្រុង​ជួសជុល​ផ្លូវលំ​១​ខ្សែ​ប្រវែង​៣​គីឡូម៉ែត្រ​ដែល​ទទួល​រង​ការ​ខូចខាត​ដោយសារ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ គឺ​ចាប់ពី​ភូមិ​ទឹកផុស​រហូត​ដល់​ភូមិ​អូរ​ត្រែង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ លោកតា អ៊ុយ ជា​អាចារ្យវត្ត​ទឹកផុស​ក៏​មាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ស្វះ​ស្វែងរក​ទីផ្សារ​ដំឡូង​មី​ដល់​ប្រជាពលរដ្ឋ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​តម្លៃ​នៅ​ថេរ​ដដែល​មិន​ត្រូវ​ឱ្យ​ឈ្មួញ​ក្រឡុក​តាម​អំពើ​ចិត្ត​នោះ​ឡើយ ។

ចំណែក​បុរស​ម្នាក់​ឈ្មោះ សឿង មុ​យ អាយុ​៣៣​ឆ្នាំ បាន​លើក​ឡើង​ថា ការ​ស្នើ​សុំ​ឱ្យ​ទីផ្សារ ពោត និង​ដំឡូង​មី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ដាំ​បាន​ឡើងថ្លៃ​នោះ​ជា​រឿង​មួយ​ត្រឹមត្រូវ​ហើយ តែ​ក៏​សុំ​ឱ្យ​អាជ្ញាធរ​ក្រុង​ខេត្ត​មេត្តា​ពិនិត្យ​ឡើង​វិញ​នូវ​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​មក​លក់ដូរ​នៅ​ទីផ្សារ មិន​ត្រូវ​ឱ្យ​តម្លៃ​ថ្លៃ​ខ្លាំង​ពេក​នោះ​ទេ ដោយ​ជួនកាល​គ្រាប់ពូជ​ពោតក្រហម​ក៏​ឡើងថ្លៃ​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ជួនកាល​ទៀត​ទិញ​ប៉ះ​ចំ​គ្រាប់ពូជ​ក្លែងក្លាយ​យក​ទៅ​ដាំ​ដុះ​មិន​ទទួល​បាន​ផល​នោះ​ឡើយ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ទាំង​អាជ្ញាធរ​ក្រុង និង​នគរបាល​នៃ​អធិការ​ក្រុងប៉ៃលិន​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ទាំង​ប៉ុន្មាន​ខាងលើ​ខាង​ក្រុង​នឹង​យក​ទៅ​ធ្វើការ ដោះស្រាយ​ជូន​ភ្លាម​ៗ​មិន​ឱ្យ​មាន​បញ្ហា​កើតឡើង​ទៀត​នោះ​ទេ ។ ចំណែក​ពាក់ព័ន្ធ​នឹង​សៀវភៅ​គ្រួសារ​អត្តសញ្ញាណប័ណ្ណ ឬ​សំបុត្រ​កំណើត​ក៏​សូម​ឱ្យ​ប្រជាពលរដ្ឋ​ប្រញាប់​ទៅ​ធ្វើ​នៅ​ប៉ុស្តិ៍​នគរបាល​ផង​ដែរ ដោយ​មិន​ត្រូវ​បង់លុយ​កាក់​អ្វី​នោះ​ឡើយ ហើយ​ការ​ធ្វើ​នេះ​ចំណាយពេល​ត្រឹមតែ​២​ស​ប្តា​ហ៍នឹង​រួចរាល់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ពាក់ព័ន្ធ​នឹង​សៀវភៅ​គ្រួសារ សំបុត្រ​កំណើត​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ​តែងតែ​នាំ​គ្នា​ទៅ​ធ្វើ ដោយ​ជួនកាល​នគរបាល​ប្រាប់​ថា អស់ហើយ​មិន​ទាន់​មក​ដល់ លុះ​មេ​ភូមិ​សួរនាំ​ប្រាប់​ថា មក​ដល់​ហើយ តែ​ពេល​ពលរដ្ឋ​ទៅ​ធ្វើ​ខាង​សមត្ថកិច្ច​ប្រាប់​ថា អត់​មាន​ដដែល​ឱ្យ​រង់ចាំ​ថ្ងៃនេះ​ថ្ងៃ​នោះ​រហូត​ដល់​ធ្វើ​ឱ្យ​អ្នកខ្លះ​ខឹងសម្បារ​យ៉ាង​ខ្លាំង ខណៈ​ចំណាយ​ពេលវេលា​ទៅ​ធ្វើ​ហើយ​បែរជា​អត់​បាន​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ