ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ស្មាញ មិន​ហ៊ាន​វះកាត់​បណ្តោយ​ជីវិត​តាម​យថាកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ដែល​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​ក្នុង​កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍​របស់​ទូរទស្សន៍​បាយ័ន នាយ​ស្មាញ បាន​ពើបប្រទះ​ជំងឺ​ដុះ​សាច់​ក្នុង​តម្រងនោម​តម្រូវ​ឲ្យ​វះកាត់ ប៉ុន្តែ​គាត់​សុខចិត្ត​បណ្តោយ​តាម​យថាកម្ម​ជីវិត​ចុង​ក្រោយ ដោយ​មិន​ព្រម​វះកាត់​ទេ ។ ស្ថិត​ក្នុង​វ័យ​៦៦​ឆ្នាំ​លោក​សួន សុខ​ហ៊ី​ម…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ដែល​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​ក្នុង​កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍​របស់​ទូរទស្សន៍​បាយ័ន នាយ​ស្មាញ បាន​ពើបប្រទះ​ជំងឺ​ដុះ​សាច់​ក្នុង​តម្រងនោម​តម្រូវ​ឲ្យ​វះកាត់ ប៉ុន្តែ​គាត់​សុខចិត្ត​បណ្តោយ​តាម​យថាកម្ម​ជីវិត​ចុង​ក្រោយ ដោយ​មិន​ព្រម​វះកាត់​ទេ ។

ស្ថិត​ក្នុង​វ័យ​៦៦​ឆ្នាំ​លោក​សួន សុខ​ហ៊ី​ម ហៅ​នាយ​ស្មាញ បាននិង​កំពុង​តែ​បន្ត​ការ​ព្យា​បាល​ជំងឺ​របស់​ខ្លួន​ដោយ​ការ​ប្រើប្រាស់​ថ្នាំ ផ្សេង​ៗ ជាមួយ​ឱសថ​បុរាណ​ខ្មែរ ក្នុង​ក្តី​រំពឹង​អាច​បន្តជីវិតរ​ស់បាន​ទៅ​មុខ​ទៀត ។ ដោយ​ទទួល​រង​ជំងឺ​មួយ​នេះ​អស់​ពេល​ជាង​៣​ឆ្នាំ នាយ​ស្មាញ បាន​សម្រេច​ចូល​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​នាយ​ក្រឹម និង​នាយ​កុយ និង​មានការ​ឧបត្ថម្ភ​លើ​ថ្លៃ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ។

នាយ​ស្មាញ ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​លោក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គឺ​ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យ​លោក​វះកាត់ ដោយសារ​តែ​ដុំ​សាច់​ដែល​ដុះ​នោះ​វា​រីក​ធំ​ស្ទើរតែ​ជិត​អវៈយវៈ​ភេទ​របស់​លោក​ទៅ​ហើយ ។ កត្តា​នេះ​បាន​នាំ​ឲ្យ​លោក​ពេល​ដែល​បត់ជើងតូច ម្តង​ៗ​មាន​ឈាម​មក​ជាមួយ និង​មាន​បញ្ហា​ចុក​នៅ​លើ​ផ្នែក​ដែល​ឈឺ​នោះ ដែល​ទាមទារ​នូវ​ការ​វះកាត់​ជា​ចាំបាច់​។

យ៉ាងណា​ក៏​ដោយ​តារា​កំប្លែង​ដែល​មាន​ដើម​កំណើត​ពី​ស្រុក​បាទី ខេត្តតាកែវ​រូប​នេះ​មិន​បាន​ទទួលយក​ការ​ព្យាបាល​ដោយ​ការ​វះកាត់​នោះ​ឡើយ ដោយសារ​តែ​លោក​ភ័យ​ខ្លាច។ លោក​បញ្ជាក់​ថា លោក​ខ្លាច​ការ​វះកាត់​ណាស់ ហើយ​ណាមួយ​លោក​បានឃើញ​អ្នកជំងឺ​ខ្លះ​ពេល​ដែល​វះ​ហើយ​ក៏​បាន​ស្លាប់ ណាមួយ​លោក​មិន​ចង់​ឃើញ​សភាព​ក្រោយ​ការ​វះកាត់​នោះ​ត្រូវ​ត​ទុយោ​មក​ចង្កេះ​ដើម្បី​បត់ជើងតូច​នោះ​ឡើយ ។

បើ​តាម​នាយ​ស្មាញ រហូត​មក​ដល់​ពេល​នេះ​លោក​មិន​មានចិត្ត​ទោមនស្ស​ណាមួយ​នៅ​ពេល​ដែល​ខ្លួន​មាន​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឡើយ ដោយសារ​តែ​លោក​ក៏​មាន​អាយុ​កាន់​តែ​ចាស់ បើ​ទោះបីជា​ត្រូវ​ស្លាប់​នៅ​ពេល​ណាមួយ​នោះ គឺជា​ព្រហ្ម​លិខិត​ដែល​មនុស្ស ម្នាក់​ៗ​​មិន​អាច​គេច​ផុត​ពី​វា​ឡើយ ។

ទោះជា​យ៉ាងណា​ក្តី​នៅ​ពេល​ដែល​លោក​មិន​ព្រម​ទទួលយក​ការ​វះកាត់​នេះ ទើប​លោក​បាន​ចេញពី​មន្ទីរពេទ្យ​មក​បន្ត​សម្រាក​ព្យាបាល​នៅ​ក្នុង​គេហដ្ឋាន​វិញ ជាមួយ​ថ្នាំ ផ្សេង​ៗ​ដែល​សង្ឃឹម​នឹង​អាច​មានការ​ធូរស្បើយ ។

ស្ថិត​នៅ​ក្នុង​សភាព​ជំងឺ​នេះ​ក៏​ដោយ​នាយ ស្មាញ នៅ​តែ​អះអាង​ថា លោក​នៅ​តែ​នឹក​ឃើញ​​ពី​ការ​សម្តែង​របស់​ខ្លួន​នៅឡើយ ហើយ​បើ​អាច​លោក​នៅ​តែ​បន្ត​ការ​សម្តែង​កំប្លែង​ជាមួយ​នាយ​ក្រឹម ទោះជា​ការ​សម្តែង​នោះ​មិន​បាន​ពេញកម្លាំង​ដូច​មុន​ក៏​ដោយ ។

ចាប់​ឈោង​ភាព​ល្បីល្បាញ​នៅ​ក្នុង​ពិភព​សិល្បៈ​លោក​សួន សុខ​នី​ម បាន​ចាប់ផ្តើម​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ពោល​តាំងពី​លោក​មាន​អាយុ​ទើបតែ​៩​ឆ្នាំ ។ ក្នុង​វ័យ​កុមារភាព​លោក​បាន​ដើរ​លេង​ភ្លេងខ្មែរ​ជាមួយ​ឪពុក​របស់​លោក​ដែល​ជា​អ្នក​ច្រៀង​ភ្លេង​ការ និង​កាត់សក់ មុន​ពេល​ដែល​លោក​បាន​ចូល​សម្តែង​ភ្លេង​ឆៃយ៉ាំ នា​សម័យ​កាលនោះ ។ លោក​បាន​ចាប់​ឈោង​អាជីព​ជាតា​រា​កំប្លែង និង​មាន​ឈ្មោះ​បោះ​សំឡេង​ចាប់តាំងពី​សម័យ​រដ្ឋ​កម្ពុជា ខណៈ​ពេល​ដែល​ជំនាញ​កំប្លែង​នេះ​លោក​បាន​ហាត់រៀន​ដោយ​ផ្ទាល់​ពី​ឪពុក​របស់​លោក ។

នាយ​ស្មាញ​បាន​រៀប​អាពាហ៍ពិពាហ៍​បន្ទាប់​ពី​បែក​របប​ប៉ុ​ល ពត ហើយ​មានកូន​៣​នាក់ ប៉ុន្តែ​ម្នាក់​បាន​ស្លាប់ ។ កូន​របស់​លោក​ទាំង​អស់នោះ​មិន​មាន​អ្នក​ណា​ម្នាក់​បន្តវេន​អាជីព​សិល្បៈ​ដូច​ជា​រូប​លោក​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ