ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម​ជម្រុញ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ លោក​ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ដែល​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​របោះ​ឆ្នោត (​គជ​ប​) នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា…

ខេត្តពោធិ៍សាត់ ៖ លោក​ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ដែល​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​របោះ​ឆ្នោត (​គជ​ប​) នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​បន្ត​ទៀត ។

លោក​បាន​អំពាវនាវ​បែប​នេះ​ខណៈ​ពេល​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ភូមិ​របោះ​រាំង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ ដែល​ក្នុង​ឱកាស​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ម៉េ​ង ស័​ក្កិ​ធា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក​ខូ​យ សុខា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ផាយ ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាកាន​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​ធ្វើការ​បោះ​ឆ្នោត​០៥​អាណត្តិ​កន្លង​មក​ហើយ ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី ។ ក្នុង​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រក្សា​បាន​នូវ​សន្តិភាព​ពេញលេញ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខ​ស្រួល មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដូច​ជា ផ្លូវ​កៅស៊ូ និង​ប្រឡាយ​ទឹក​ដូច​សរសៃឈាម ផ្លូវដែក សំណង់​អគារ​ខ្ពស់​ៗ ស្ពាន​អាកាស ស្ពាន​ឆ្លងទន្លេ ផ្លូវ​ក្រោម​ដី អគ្គិសនី រោងចក្រ​ស​គ្រាស ប្រព័ន្ធ​ទូរគមនាគមន៍​វិស័យ​ទេសចរណ៍ ផ្សារ​ទំនើប​ជាដើម ។ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​នឹង​មានការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​០៦ ដើម្បី​រក​មេដឹកនាំ​ប្រទេស​បន្ត​ទៀត ។

លោក​ឲ្យ​ដឹង​ថា អាណត្តិ​ទី​០៦​នេះ​ទូ​ទាំង​ប្រទេស​មាន​គណបក្ស​នយោបាយ​ឈរឈ្មោះ​ចំនួន​២០​គណបក្ស ដោយឡែក​នៅ​ខេត្តពោធិ៍សាត់​មាន​តែ​១៣​គណបក្ស​ទេ ។ ដូច្នេះ​សូម​បងប្អូន​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត (​គជ​ប​) ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ឬ​ឯកសារ​ផ្សេង​ៗ ដើម្បី​ត្រៀម​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។ បើ​យើង​មិន​ទៅ​បោះ​ឆ្នោត គឺ​យើង​មិន​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​សង្គម​ទេ ហើយ​មិន​បាន​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​នោះ​ដែរ ។ សន្លឹក​ឆ្នោត​មួយ​សន្លឹក​ជា​អនាគត​របស់​ខ្លួន​យើង គ្រួសារ​យើង និង​ប្រទេស​ជាតិ​យើង ។ បើ​យើង​ជ្រើសរើស​មេដឹកនាំ​ត្រូវ​យើង​រស់នៅ​សុខសាន្ត​បន្ត​ទៀត តែបើ​ជ្រើសរើស​ខុស​ប្រាកដជា​វិល​ត្រឡប់​ទៅ​រក​របប​លន់​ណុ​ល និង​ប៉ុ​ល​ពត​វិញ​ជា​មិន​ខាន​ឡើយ ។

ក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម និង​លោក​ជំទាវ​បាន​ដោះស្រាយ​ថវិកា​ចំនួន​៧៥​ម៉ឺន​រៀល​សម្រាប់​ទិញ​ដីក្រហម​០៣​រថយន្ដ​ចាក់​ផ្លូវ​ក្នុងភូមិ​ដែល​ខូច​ទ្រុឌទ្រោម​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ព្រមទាំង​បាន​បង្ក​ភាព​សប្បាយ​រីករាយ ហូប​អាហារ​សាមគ្គី និង​រាំ​លេង​កម្សាន្ដ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ