ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​កសិកម្ម​លើក​ពី​បញ្ហា​ប្រឈម​ឱ្យ​រដ្ឋ​ជួយ​ដោះស្រាយ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមាជិក​សហគមន៍​កសិកម្ម និង​អាជីវករ ពាណិជ្ជករ​ខេត្តបាត់ដំបង​ប្រមាណ​២​ម៉ឺន​នាក់​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ចំនួន​៦​ចំណុច ក្នុង​គោលបំណង​ដើម្បី​រដ្ឋ​ជួយ​ដោះស្រាយ ។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង គ្រា​ដែល​សម្តេច​ក្រឡាហោម ស…

ខេត្តបាត់ដំបង ៖ សមាជិក​សហគមន៍​កសិកម្ម និង​អាជីវករ ពាណិជ្ជករ​ខេត្តបាត់ដំបង​ប្រមាណ​២​ម៉ឺន​នាក់​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ចំនួន​៦​ចំណុច ក្នុង​គោលបំណង​ដើម្បី​រដ្ឋ​ជួយ​ដោះស្រាយ ។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង គ្រា​ដែល​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះ​មក​ជួប​សំណេះសំណាល​ជួយ​ពួក​គាត់​ក្នុង​បរិវេណ​ព្រ​លាន​យន្តហោះ​វាល​បែក​ចាន នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា កន្លង​មក ។

តំណាង​ទីផ្សារ​ស្រូវ​ចំនួន​៤​ស្រុក​មក​ពី​ស្រុក​ប​វេ​ល​, ស្រុក​ថ្មគោល​, ស្រុក​បាណ​ន់ និង​ស្រុក​សង្កែ បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា ៖
១-​រក្សា​តម្លៃ​ស្រូវ​ឲ្យ​នៅ​ស្ថេ​រ កុំ​ឲ្យ​ដល់​ពេល​ខែ​ស្រូវ​សម្បូរ​ច្រើន តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​ពេក ។
២-​ឥណទាន​ផ្តល់​ប្រាក់​កម្ចី សូម​ជួយ​សម្រួល​ផ្តល់​ឲ្យ​ចំ​ពេល​តាម​តម្រូវការ ដោយ​មាន​អត្រា​ការ​ប្រាក់​សមរម្យ ។
៣-​ផ្លូវថ្នល់​មាន​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ដឹក​កសិផល​ពី​ស្រែ​ឡើង​មក​ភូមិ​-​ឃុំ និង​ទីប្រជុំជន សម្រាប់​ផ្តល់​ទៅ​កាន់​ទីផ្សារ ។
៤-​ជីរ និង​ថ្នាំ​សម្លាប់​សត្វល្អិត​គ្រប់​ប្រភេទ សូម​ជួយ​រក្សា​តម្លៃ​ឲ្យ​បាន​សមរម្យ​នៅ​ពេល​កសិករ​ត្រូវការ​ប្រើប្រាស់ ។
៥-​ប្រព័ន្ធ​ប្រឡាយ​ទឹក បែងចែក​នៅ​មិន​ទាន់​បាន​គ្រប់គ្រាន់​ដល់​បងប្អូន​ដែល​មាន​ដីស្រែ​នៅ​ឆ្ងាយ​ៗ​ពី​ប្រឡាយ​មេ ។
៦-​ជួយ​ជំរុញ​ពូជស្រូវ​ឲ្យ​មាន​គ្រប់គ្រាន់ ទាំង​ក្នុង​សហគមន៍ និង​ទីផ្សារ ដើម្បី​ឲ្យ​កសិករ​ងាយស្រួល​យក​មក​ដាំ​ដុះ​ត្រូវ​តាម​កម្រិតស្តង់ដា​ទីផ្សារ ។

លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​សភាពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​ជា​សហគមន៍​នេះ​ឡើង គឺ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ចុះ​ជួប​កសិករ​ដោយ​ផ្ទាល់ និង​ដឹង​ពី​បញ្ហា​ប្រឈម​របស់​កសិករ ។ ចំណុច​សំខាន់ គឺ​ជួយ​ដោះស្រាយ​គ្នា​នៅ​ពេល​មាន​បញ្ហា , តម្រូវការ និង​ជួយ​បំពេញ​ការ​ខ្វះខាត​ផ្សេង​ៗ​ដែល​ជា​ឧបសគ្គ ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ភាព​រីក​ចម្រើន​ទាំងអស់​គ្នា ។

សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​បាន​ជួបជុំ​ជាមួយ​កសិករ​ក្នុង​សហគមន៍ ដើម្បី​ឈ្វេងយល់​ជួយ​ដោះស្រាយ​បន្ត​ទៀត​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​ដាក់ចុះ​កន្លង​មក ។ សម្តេច​ក្រឡាហោម​ថ្លែង​ថា ៖« ការ​អនុវត្ត​មិន​អាច​ធ្វើ​ភ្លាម​បាន​ភ្លាម​ទេ ដូច​ជា កន្លង​មក យើង​បាន​ជំរុញ​ទីផ្សារ​នាំ​ចេញ​តាម​ផែនការ​អង្ករ​១​លាន​តោន​សម្រាប់​ចេញ​ក្រៅប្រទេស​។ ចំពោះ​តម្លៃ​មិន​ស្ថេ​រ​នោះ គឺ​ស្ថិត​លើ​អត្រា​ការ​ប្រាក់​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដែល​បាន​យក​អត្រា​ការ​ប្រាក់​ដល់​ទៅ​៣០% លើស​ការ​កំណត់​របស់​សម្តេច​តេ​ជោ ដែល​បាន​ផ្តាំ​ថា ឲ្យ​យក​ត្រឹមតែ​១៧%​ប៉ុណ្ណោះ ។ នេះ​ក៏​ព្រោះតែ​ចំ​ពេល​រដូវ​ត្រូវការ​ថវិកា​ច្រើន ទើប​កសិករ​ត្រូវ​តែ​យក​ថវិកា​មក​ប្រើប្រាស់​សិន ហើយ​យើង​កំពុង​កែសម្រួល​បញ្ហា​នេះ​ហើយ » ។

ចំណែក​ប្រឡាយ​ទឹក​សម្រាប់​ធ្វើស្រែ គឺ​យើង​បាន​កែប្រែ មិន​រង់ចាំ​ធ្វើ​ប្រវាស់​ជាមួយ​ទឹកភ្លៀង​ទេ ហើយ​ប្រឡាយ​មេមាន​គ្រប់គ្រាន់ ខាង​ជំនាញ​កំពុង​រៀបចំ​ជំរុញ​បន្ថែម​ទៀត​តាម​តម្រូវការ​របស់​កសិករ ។ រីឯ​ផ្លូវ​ដឹក​ជញ្ជូន​ក៏​ដូច​គ្នា​ដែរ នៅ​ខេត្តបាត់ដំបង​មាន​ផ្លូវ​កៅស៊ូ​ចុះ​ដល់​គ្រប់​ស្រុក​-​ឃុំ​ចំនួន​១០២​ឃុំ​រួចរាល់​អស់ហើយ​ដែល​ពី​មុន​មក មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ យើង​កំពុង​ជំរុញ​ផ្លូវ​ឲ្យ​បងប្អូន​ទៅ​ដល់​ស្រែ​ផង​ដែរ យ៉ាង​ហោច​ណាស់ ក៏​បាន​ផ្លូវ​បេតុង​សម្រាប់​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ឡើង​មក​ភូមិ​-​ឃុំ ។ ចំពោះ​អគ្គិសនី ត្រូវ​មាន​គ្រប់​ផ្ទះ​តាម​ជនបទ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ និង​បញ្ចុះតម្លៃ​ឲ្យ​កាន់តែ​ទាប​ជាង​រាល់ថ្ងៃ ។ សម្តេច​ក្រឡាហោម ក៏​បាន​ផ្តាំផ្ញើ​បន្ថែម​ចំពោះ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព សូម​បងប្អូន​កសិករ​ជួយ​រួមចំណែក​ទប់ស្កាត់​កុំ​ឲ្យ​កើត​មាន​បញ្ហា​អសន្តិសុខ​ក្នុងភូមិ​-​ឃុំ ដោយ​រក្សា​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ