តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាកររបស់ក្លិបបិសាចក្រហម Alexis Sanchez បានបង្ហើបពីឈ្មោះកីឡាករដែលរូបគេចង់ឲ្យឈ្នះពានស្បែកជើងមាសសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨នៅរុស្ស៊ី ។ ការប្រកួតដណ្តើមគ្នាយកពានស្បែកជើងមាសកំពុងតែក្តៅឡើងៗក្រោយវគ្គប្រកួតក្នុងក្រុមត្រូវបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ។
កាពីទែនរបស់អង់គ្លេស Harry Kane នាពេលនេះគឺជាអ្នកស៊ុតគ្រាប់បាល់បានច្រើនជាងគេ (៥គ្រាប់) លើសកីឡាករ Ronaldo របស់ព័រទុយហ្គាល់ និងកីឡាករមិត្តរួមក្រុមនៅបិសាចក្រហម Romelu Lakaku ដែលរកគ្រាប់បាន៤គ្រាប់ពេលនេះ ។
សម្រាប់ Sanchez ដែលក្រុមជម្រើសជាតិឈីលីរបស់ខ្លួនមិនបានទៅដល់វគ្គប្រកួតប្រាប់ពីឈ្មោះកីឡាករដែលខ្លួនចង់ឲ្យឈ្នះពានស្បែកជើងមាសនៅ World Cup។ ម្នាក់នោះ គឺជាមិត្តរួមក្រុមរបស់គេ Lukaku ។
Sanchez បាននិយាយប្រាប់ Fox Sports ថា «ខ្ញុំពិតជាខឹងណាស់ ដែលក្រុមខ្ញុំមិនអាចទៅលេងបាន ។ តែខ្ញុំចង់ឲ្យក្រុមប៊ែលហ្ស៊ិកក្លាយជាម្ចាស់ពានសម្រាប់ជាប្រយោជន៍ដល់មិត្តរួមក្រុមរបស់ខ្ញុំ Lukaku ។ គេកំពុងលេងបានល្អនៅពេលនេះ ។ ខ្ញុំសង្ឃឹមថាគេនឹងក្លាយជាកីឡាករស៊ុតគ្រាប់បានច្រើនជាងគេនៅ World Cup» ។
កីឡាករជនជាតិឈីលីម្នាក់នេះបានបន្តថា «ពួកយើងទាក់ទងតាម WhatsApp ជារៀងរាល់ថ្ងៃ ។ យើងទៅណាជាមួយគ្នាក្នុងប្រទេសអង់គ្លេស ។ យើងនិយាយគ្នាពីចន្លោះខ្វះខាតរបស់ក្រុម ។ ពួកយើងត្រូវគ្នាណាស់ ហើយខ្ញុំជឿថាប៊ែលហ្ស៊ិកនឹងទៅជាម្ចាស់ពាន» ។
ម្ចាស់ពានមែនឬអត់មានតែពេលវេលាទេទើបអាចប្រាប់បាន ព្រោះពេលនេះបាល់មិនអាចទាយដឹងទេ ។ សូម្បីតែជើងខ្លាំង Messi និង Ronaldo ក៏ហាលអាវឡើងយន្តហោះទៅស្រុកវិញដែរ ៕
ចែករំលែកព័តមាននេះ