ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងនិងកូនតូចអាយុ៩ឆ្នាំ រងរបួសបាក់ដៃស្តាំ ខណៈចូលរួមទស្សនាពិធីបុណ្យឡើងអ្នកតាម្ចាស់ស្រុក នៅចំណុចអ្នកតាឈើត្រាវ ស្ថិតក្នុងភូមិចម្ការចេក ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១ កក្កដា ខណៈមានខ្យល់បោកបក់យ៉ាងខ្លាំង បណ្តាលឱ្យប៉ើងឆត្រទៅបោកចំក្បាលស្ត្រីខាងលើ និងកូនរបស់គាត់ ។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា នៅចំណុចកើតហេតុ មានរៀបចំធ្វើពិធីបុណ្យឡើងអ្នកតាដូចរៀងរាល់ឆ្នាំរយៈពេល៣យប់៣ថ្ងៃជាបុណ្យប្រពៃណី និងសប្បាយណាស់សម្រាប់អ្នកភូមិ ។ នៅរសៀលថ្ងៃទី១ ខែកក្កដា ខណៈកំពុងរៀបចំពិធីនិងមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករនោះ ក៏មានការដាក់តាំងលក់ដូរទំនិញផ្សេងៗ និងមានពោង សម្រាប់ក្មេងៗលោតលេងកម្សាន្តផងដែរ ។
ពេលនោះ ស្រាប់តែមានខ្យល់បោកបក់យ៉ាងខ្លាំង ធ្វើឱ្យរបស់របរជាច្រើនប៉ើងតាមកម្លាំងខ្យល់ ដែលសូម្បីតែពោងខ្យល់យ៉ាងធំ សម្រាប់ក្មេងលោតលេងក៏ប៉ើងដែរ ។ ចំណែកឆត្ររបស់ម្ចាស់ពោងដែលមានជើងទម្រ បានប៉ើងទៅបោកចំក្បាលស្រី្តម្នាក់ដែលកំពុងឈរមើលកូនជិះសេះវិល បណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង ។ ចំណែកកូនស្រីអាយុ៩ឆ្នាំ បានធ្លាក់ពីលើសេះទោងរងរបួសបាក់ដៃ ។
ប្រភពដដែលបន្តថា ស្ត្រីរងគ្រោះឈ្មោះ យ៉េ ស្រីណេត អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិឧទុម្ពរ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ។ ចំណែកកូនស្រីដែលរងរបួសបាក់ដៃឈ្មោះ ណា ធារី អាយុ៩ឆ្នាំ ។ ក្រោយពេលកើតហេតុ គេឃើញប្តីស្រី្តរងគ្រោះ មកទទួលយកសពប្រពន្ធ និងស្រែកទ្រហោយំក្នុងក្តីសោកស្តាយក្រៃលែង ដែលមិនគួរប្រពន្ធនិងកូនមករងគ្រោះថ្នាក់ដល់ជីវិត ដោយគ្រោះធម្មជាតិបែបនេះទាល់តែសោះ ។
ដោយឡែក ម្ចាស់ឆត្រឈ្មោះ សេង សំអឿនអាយុ៥៩ឆ្នាំ មានទីលំនៅក្នុងភូមិទ័ពត្បែង ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ត្រូវបាននគរបាលឃាត់ខ្លួននាំទៅកាន់ស្នងការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ