អេស្ប៉ាញក្លាយជាក្រុមខ្លាំងទី៤ដែលជួបរឿងអកុសលត្រូវខ្ទាតចេញពីWorld Cup ២០១៨ បន្ទាប់ពីអាល្លឺម៉ង់ អាហ្សង់ទីន និងព័រទុយហ្គាល់ ធ្វើឱ្យស្ថានការណ៍ប្រកួតនៅរុស្ស៊ីប្រែប្រួលក្រឡាប់ចាក់ខុសពីការរំពឹងទុក ហើយបណ្តាអ្នកវិភាគមួយចំនួនក៏ហួសចិត្តនឹងលទ្ធផលធ្លាក់ចេញជាបន្តបន្ទាប់របស់ពួកគេផងដែរ ។ ដូច្នេះតើការធ្លាក់ចេញរបស់ក្រុមអតីតជើងឯក World Cup ២០១០ អេស្ប៉ាញ អាចក្លាយជាឱកាសមាសរបស់ក្រុមអង់គ្លេសលើកពាននេះមែនទេ?
ការធ្លាក់ចេញរបស់ក្រុមខ្លាំងទាំង៤ធ្វើឱ្យក្រុមអង់គ្លេសមានពេលសិក្សាពីចំណុចខ្លាំង និង
ខ្សោយរបស់ពួកគេ ខណៈក្រុមនេះត្រៀមចូលសមរភូមិប៉ះក្រុមកូឡុំប៊ីនៅថ្ងៃពុធនេះហើយ ។
បើងាកទៅមើលប្រវត្តិសាស្ត្រ World Cup ក្រុមរបស់លោក Gareth Southgate មិនសូវជាល្អប៉ុន្មានទេ ពោលគឺធ្លាប់ចូលវគ្គ១៦ក្រុមចំនួន៣ លើក ៨ក្រុមចំនួន៥លើក និងវគ្គជម្រុះ៤លើក ។
ទោះបីយ៉ាងណា ក្រុមមួយនេះធ្លាប់លើកពានWorld Cup ឆ្នាំ១៩៦៦ម្តងដែលពេលនោះអង់គ្លេសធ្វើជាម្ចាស់ផ្ទះ ។ ក្នុងយុទ្ធនាការ World Cup ២០១៨ ក្រុមអង់គ្លេសបានបង្ហាញពីឆន្ទៈមោះមុតដើម្បីឡើងដល់វគ្គផ្តាច់ព្រ័ត្រតាមលទ្ធភាពដែលអាចធ្វើបាន ហើយការប្រកួតជម្រុះបិទពូលទាំងបីប្រកួត អង់គ្លេសបញ្ចប់ទៅដោយភាពវិជ្ជមាន ពោលគឺឈ្នះ២និងចាញ់១ ស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងតារាងពូលG ខណៈយុទ្ធនាការនៅ World Cup ២០១៤នៅប្រេស៊ីល ក្រុមនេះបានជ្រុះចេញនៅវគ្គសន្សំពិន្ទុក្នុងពូលដែលជារឿងអាក្រក់មួយដក់ជាប់ក្នុងក្រអៅបេះដូងកីឡាករគ្រប់គ្នា ។
និយាយឱ្យងាយយល់ ពានWorld Cup ២០១៨ មិនមែនជាក្តីស្រមៃសម្រាប់តែក្រុមអង់គ្លេសតែមួយនោះទេ ពោលក្រុមដែលឈ្នះជាបន្តបន្ទាប់សុទ្ធតែប៉ងចង់បាន ហើយបើសិនជាក្រុមឆ្លងផុតវគ្គ១៦ ឬ៨ក្រុមក្តីក៏អង់គ្លេសត្រូវប្រឈមជាមួយក្រុមខ្លាំងដែរ ។ ដូច្នេះវាមិនមែនជារឿងងាយស្រួលនោះទេ ។
គួររំលឹកថា ក្រុមដែលមានរហស្សនាម«តោកំណាច»នឹងប៉ះក្រុមកូឡុំប៊ីនៅយប់ថ្ងៃពុធនេះដើម្បីកក់កៅអីវគ្គ៨ក្រុមចុងក្រោយខណៈអ៊ុយរូហ្គាយ បារាំង រុស្ស៊ី និងក្រូអាស៊ី បានកក់កៅអីវគ្គនេះមុនទៅហើយ ៕
ចែករំលែកព័តមាននេះ