ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦ មិថុនា


ខេត្តស្វាយរៀង ៖ នៅ​សាល​ប្រជុំ​ធំ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ៥​រោច ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៨​នេះ មាន​រៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០១៨ ក្រោម​អធិបតីភាព​ឯកឧត្ដម ម៉ែ​ន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខេត្តស្វាយរៀង និង​លោក​ជំទាវ ជ័យ បុប្ផា អគ្គលេខាធិការ​រង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​អភិបាលរង​ខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​ទាំង​៨ កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប ៣៤០​នាក់​។

បន្ទាប់​ពី​ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត និង​លោក​ជំទាវ ជ័យ បុប្ផា អគ្គលេខាធិការ​រង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ឡើង​អាន​របាយការណ៍ និង​សារលិខិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួច ឯកឧត្ដម ម៉ែ​ន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន ខេត្តស្វាយរៀង បាន​លើក​ឡើង​ពី​គោលបំណង នៃ​ការ​រៀបចំ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ឡើង ព្រមទាំង​បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គ្រប់​អង្គភាព និង​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមចំណែក​ក្នុង​សកម្មភាព​បង្ការ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្ត នា​ពេល​កន្លង​មក ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ជា​ពិសេស​ក្នុង​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់​ទាំង​៣ ដំណាក់កាល របស់​រាជរដ្ឋាភិបាល​។

ជាមួយ​នេះ ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​មាន​ប្រសាសន៍ ផ្ដាំផ្ញើ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ចាត់តាំង​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្ដី​ពី​ការ​ពង្រឹង វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣ បន្ត​ផ្សព្វផ្សាយ​អប់រំ​អំពី​ច្បាប់ និង​ផល​ប៉ះពាល់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន បន្ត​ពង្រឹង និង​យកចិត្តទុកដាក់​ជំរុញ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល និង​ការ​អនុវត្ត​វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​គោលដៅ​ដែល​ងាយ ឬ​កើត​មាន​បទល្មើស​គ្រឿងញៀន ត្រូវ​បំផុស​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​កាន់តែ សកម្ម​ថែម​ទៀត ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពី​ក្រុម​ឧក្រិដ្ឋជន ដែល​មាន​បំណង​ប៉ុនប៉ង​លួចលាក់​ផលិត កែ​ច្នៃ និង​ចរាចរណ៍​គ្រឿងញៀន​ក្នុង​ខេត្ត​។

ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​អប់រំ​ណែនាំ និង​គ្រប់គ្រង​កម្លាំង​ក្រោម​ឱវាទ របស់​ខ្លួន​ឲ្យ​បាន​តឹងរ៉ឹង​កុំ​ឲ្យ​មានការ​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​សកម្មភាព​នៃ​បទល្មើស​គ្រឿងញៀន ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង និង​ក្ដាប់​ឲ្យ​បាន​ច្បាស់លាស់​នូវ​មុខសញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន ជា​ពិសេស​អ្នក​ចំណូលស្រុក​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន ប្រកប​មុខរបរ​ផ្សេង​ៗ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ត្រូវ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ពេល​មាន​បទល្មើស​កើតឡើង និង​ត្រូវ​បន្ត​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​នានា​ក្នុង​ខេត្ត ឲ្យ​បាន​តឹងរ៉ឹង​បំផុត​។ ក្នុង​ឱកាស​នោះ ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​បន្ថែម​ថា នា​ពេល​ខាង​មុខ​នេះ ខេត្ត​ក៏​នឹង​មាន​គម្រោង​រៀបចំ​បង្កើត​មណ្ឌល បន្សាប​គ្រឿងញៀន​ផង​ដែរ ដែល​បច្ចុប្បន្ន​កំពុងធ្វើការ​សិក្សា និង​ពិនិត្យ​លទ្ធភាព​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ