ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​គ្រោង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រាសាទព្រៃ​បា​សាក់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត បាន​រួម​ដំណើរ​ជាមួយ​លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត បាន​រួម​ដំណើរ​ជាមួយ​លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង បាន​ទៅ​ពិនិត្យ​រមណីយដ្ឋាន​ប្រាសាទព្រៃ​បា​សាក់ ហើយ​គ្រោង​អភិវឌ្ឍន៍​ឱ្យ​ប្រសើរ​ឡើង ។

លោក​ម៉ែ​ន វិបុល ថ្លែង​ថា បច្ចុប្បន្ន​រដ្ឋបាល​ខេត្តស្វាយរៀង បាន​និង​កំពុង​ពិនិត្យ​រៀបចំ​ដើម្បី​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រាសាទព្រៃ​បា​សាក់​ឱ្យ​ក្លាយជា​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា ក្នុង​នោះ​កំពុង​កសាង​ផ្លូវ​បេតុង​ប្រវែង​ប្រមាណ​៤​គីឡូម៉ែត្រ ។ គោលបំណង​នៃ​ការ​បង្កើត​រមណីយដ្ឋាន​នេះ គឺ​ដើម្បី​រក្សា​ការពារ​ទីតាំង​វប្បធម៌​ប្រវត្តិសាស្ត្រ ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​តាំងពី​យូរលង់​មក​ហើយ ។ ក្នុង​នោះ​ក៏​លើកកម្ពស់​វិស័យ​ទេសចរណ៍​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ចជាតិ ហើយ​បាន​បង្កើត​មុខរបរ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្វែងរក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ផង​ដែរ ។

រមណីយដ្ឋាន​ប្រាសាទព្រៃ​បា​សាក់ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បា​សាក់ ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ផ្នែក​ខាងកើត​ឆៀង​ខាងត្បូង​នៃ​ទី​រួម​ខេត្តស្វាយរៀង ។ រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ​ប្រហែល​៨​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត ហើយ​មាន​ក្រឡា​ផ្ទៃ​ប្រមាណ​៩​ហិ​កតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងជើង និង​ខាងកើត​ទល់​នឹង​ទន្លេ​វ៉ៃ​គោ ខាងលិច និង​ខាងត្បូង​ទល់​នឹង​ភូមិ​ប្រជាពលរដ្ឋ ។

រមណីយដ្ឋាន​ប្រាសាទព្រៃ​បា​សាក់​ស្រូប​បាន​ភ្ងៀ​វ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ។ ចំពោះ​ទីតាំង​ភូមិសាស្ត្រ​នៃ​រមណីយដ្ឋាន​នេះ ជា​ដី​ទួល​ដ៏​ចំណាស់​មួយ​មាន​ព្រៃឈើ​ហ៊ុម​ព័ទ្ធ ។ បើ​តាម​ការ​ឱ្យ​ដឹង និង​ការ​សិក្សា​ស្រាវជ្រាវ​របស់​មន្ទី​វប្បធម៌ និង​វិ​ត្រ​សិល្បៈ​ខេត្ត​ថា រមណីយដ្ឋាន​នេះ​មាន​តាំងពី​សម័យ​បុព្វ​កាល​មក ហើយ​បន្សល់​ទុក​ប្រាសាទបុរាណ​មួយ​ហៅ​ថា ប្រាសាទព្រៃ​បា​សាក់ ។ អ្វី​គួរ​ឲ្យ​សោកស្តាយ ប្រាសាទបុរាណ​នេះ​បាន​បាក់បែក​ខ្ទេចខ្ទី នៅ​សល់​តែ​គ្រឹះ​ឥដ្ឋ​ធ្លាក់​រាយ​ប៉ាយ និង​គ្រោង​ជញ្ជាំង​នៅ​សល់​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ ។ បាន​សន្មត​ថា ប្រាសាទព្រៃ​បា​សាក់​ស្ថិត​នៅ​ក្នុង​រចនាបថ​បាខែង កសាង​ក្នុង​អំឡុង​ឆ្នាំ​៩១៥ ដល់​៩២៥​នៃ​គ​.​ស ។

ដោយ​រមណីយដ្ឋាន​ប្រាសាទព្រៃ​បា​សាក់​មាន​ភ្ងៀ​វ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចាប់អារម្មណ៍​ទៅ​កម្សាន្ត រដ្ឋបាល​ខេត្តស្វាយរៀង​បាន​រៀបចំ​កសាង​រូប​ព្រះពុទ្ធ​បដិមា​សម្រាប់​ភ្ញៀវ​ទស្សនា និង​ធ្វើ​ជា​កន្លែង​សក្ការបូជា នៅ​ពេល​មានបុណ្យ​ទាន ឬ​ការ​កម្សាន្ត ម្យ៉ាងទៀត​មាន​លក់​ម្ហូបអាហារ​ជូន​ភ្ញៀវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ