រាជធានីភ្នំពេញ ៖ អតីតកម្មករ-កម្មការិនីសហគ្រាសផលិតឥដ្ឋក្បឿងអង្គរដែលមានទីតាំងស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាកអង្រែក្រោម ខណ្ឌមានជ័យ សរុប៥៥នាក់ តំណាងកម្មករ៣៣០នាក់ បានផ្ទុះការតវ៉ារហូតមានការប្រមូលផ្តុំគ្នាឈរបិទផ្លូវជាតិលេខ២ មួយចំហៀងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលនាវេលាម៉ោង៨ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ។
ការប្រមូលផ្តុំគ្នាឈរបិទផ្លូវខាងលើនេះត្រូវបានរំសាយទៅវិញផងដែរ ក្នុងរយៈពេល១០នាទី ក្រោយកម្លាំងអាជ្ញាធរ រួមជាមួយកម្លាំងនគរបាលជាច្រើននាក់ចុះអន្តរាគមន៍សម្របសម្រួលក្រុមកម្មករ ។
សូមបញ្ជាក់ថា គោលបំណងរបស់ក្រុមកម្មករដែលបិទផ្លូវ គឺធ្វើឡើងក្នុងគោលដៅទាមទារឲ្យ លោកហែម វ៉េង ដែលជាប្រធានគណនេយ្យសហគ្រាសឡតិ៍ឥដ្ឋ និងជំទាវលឹម សុណា ចេញមុខដោះស្រាយសំណងជាមួយពួកគាត់ពាក់ព័ន្ធការរំលោភបំពានយកស្រះចិញ្ចឹមត្រីត្រូវ២កន្លែងទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបានសាងសង់លំនៅឋានយ៉ាងស្គឹមស្គៃ ។
ចៅសង្កាត់ចាក់អង្រែក្រោមលោកជា សុខខៃ ថ្លែងប្រាប់កោះសន្តិភាពតាមរយៈទូរស័ព្ទនាព្រឹកថ្ងៃខែដដែលឲ្យដឹងថា អតីតស្រះត្រី២កន្លែង ដែលអតីតបុគ្គលិក (ក្រុមតវ៉ា ) តវ៉ាទាមទារសំណងពីលោកជំទាវលឹម សុណា គឺជាអតីតស្រះរបស់កម្មសិទ្ធិរដ្ឋ ។ លុះក្រោយមករដ្ឋបានវិនិយោគទៅឲ្យលោកជំទាវខាងលើ ធ្វើជាកម្មសិទ្ធិតាំងពីជាង២០ឆ្នាំមុនម្ល៉េះ ហើយតាំងពីពេលនោះមកលោកជំទាវក៏បានធ្វើរបងហ៊ំព័ទ្ធជុំវិញស្រះ និងបានចាក់ដីបំពេញស្រះ ដើម្បីធ្វើភូមិគ្រឹះផ្ទាល់ខ្លួនផងដែរ ដោយមានប័ណ្ឌ និងប្លង់កម្មសិទ្ធិត្រឹមត្រូវតាំងពីមូលដ្ឋានដល់ថ្នាក់ក្រសួង ។ តំណាងប្រជាពលរដ្ឋដែលជាអតីតបុគ្គលិកកម្មករសហគ្រាសផលិតក្បឿងបានរៀបរាប់ឲ្យដឹងថា ដីស្រះចិញ្ចឹមត្រីចំនួន២កន្លែង ជាដីស្រះរបស់ក្រុមកម្មករទាំងអស់គ្នា ធ្លាប់បានចិញ្ចឹមត្រីតាំងពីឆ្នាំ១៩៨៤ រហូតមកដល់ឆ្នាំ១៩៩១ លុះដល់ឆ្នាំ១៩៩២ រដ្ឋត្រូវបានរំសាយការងាររបស់ពួកគេទាំងអស់គ្នា ដោយបញ្ឈប់ការងារពីរដ្ឋ ។
ប្រភពបានបន្តទៀតថា ក្រោយមកលោកស្រីជំទាវ លឹម ស៊ីណា បានជួលសហគ្រាសដើម្បីធ្វើអាជីវកម្មឯកជនរហូតដល់ឆ្នាំ២០០៦ លោកស្រីជំទាវបានរួមគ្នាជាមួយលោក ហែម រ៉េង ដែលប្រធានគណៈនេយ្យ សហគ្រាសឯកជននោះយកដីស្រះចិញ្ចឹមត្រីនោះធ្វើជាកម្មសិទ្ធិរបស់ពួកគាត់ទាំង២នាក់ទៅវិញ ។
គួររំលឹកថា កាលពីពេលកន្លងទៅ អតីតក្រុមកម្មករសហគ្រាសឡតិ៍ឥដ្ឋខាងលើ សរុប៣៣០នាក់ ធ្លាប់បានលើកគ្នាទៅសុំកិច្ចអន្តរាគមន៍តាមបណ្តាស្ថាប័នពាក់ព័ន្ធជាច្រើន តាំងពីថ្នាក់ខណ្ឌដល់ក្រសួងជាច្រើនលើកច្រើនសារ និងធ្លាប់លើកគ្នាទៅតវ៉ានៅមុខផ្ទះលោកជំទាវច្រើនលើកផងដែរ ប៉ុន្តែការតវ៉ា គឺពុំធ្លាប់ទទួលលទ្ធផលវិជ្ជមានម្តងណាឡើយ ៕
ចែករំលែកព័តមាននេះ