៦​ម៉ឺន​ដុល្លារ… អត់លុយសង សុខចិត្តទៅស្លាប់


ខេត្តបាត់ដំបង ៖ ដោយសារ​តែ​វ័ណ្ឌក​នឹង​ប្រាក់​បំណុល​ធនាគារ​ចំនួន​៦​ម៉ឺន​ដុល្លារ លោក​អនុប្រធាន​ភូមិ​ម្នាក់ បាន​សម្រេចចិត្ត​បញ្ចប់​បំណុល​នេះ តាម​រយៈ​ការ​ធ្វើ​អត្តឃាត​ស្លាប់​ចោល​ប្រពន្ធ​កូន ហើយ​សព​ត្រូវ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​នៅ​ក្រោម​ដើមឈើ​មួយ​ដើម កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១ កក្កដា ចំណុច​ដីចម្ការ​ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ក្រោយ​ពី​បាត់​ខ្លួន​ពី​ផ្ទះ​អស់​រយៈពេល​២​យប់​២​ថ្ងៃ ។

លោក​សុខ សា​រិ​ន អធិការ​នគរបាល​ស្រុក​ប​វេ​ល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ មាស អៀង អាយុ​៥៨​ឆ្នាំ មាន​តួនាទី​ជា​អនុប្រធាន​ភូមិ​ព្រៃធំ ឃុំ​ឃ្លាំង​មាស ។ ជន​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ​តាំងពី​ព្រឹក​ថ្ងៃ​ទី​២៩​ខែមិថុនា បន្ទាប់​ពី​គាត់​ចុះ​ទៅ​ចែក​អំណោយ​ជួន​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​មូលដ្ឋាន ។ ក្រុម​គ្រួ​សារបាន​ស្វែងរក​គាត់​គ្រប់​ទីកន្លែង​ក្រោយ​ពី​បាត់​ដំណឹង ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា​ទើប​ប្រទះ​ឃើញ តែ​ជន​រង​គ្រោះ​បាន​ចងក​ស្លាប់​បាត់​ទៅ​ហើយ ។

លោក​អធិការ​បញ្ជាក់​ថា លោក​អនុប្រធាន​ភូមិ​រូប​នេះ បាន​ចងក​នៅ​នឹង​ចែង​ដីចម្ការ ដែល​ទំនង​កើតឡើង​តាំងពី​ថ្ងៃ​បាត់​ដំណឹង​ដំបូង​ម្លេ​៉ះ ព្រោះ​សព​មាន​ភាព​ហើម​ស្អុយ​ទៅ​ហើយ ។ បើ​តាម​សាច់ញាតិ​ប្រាប់​ថា ជន​រង​គ្រោះ​ទំនង​ពិបាកចិត្ត​រឿង​ជំពាក់​បំណុល​ធនាគារ​ច្រើន ទើប​សម្រេច​បញ្ចប់ជីវិត​បែប​នេះ ។

បើ​តាម​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​ក្រុម​គ្រួ​សារបាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ចេញពីផ្ទះ​ទៅ​ចូលរួម​ជាមួយ​សមាជិក​មូលដ្ឋាន​ចុះ​ចែក​អំណោយ​ដល់​ជន​ក្រីក្រ​នៅ​ក្នុងភូមិ តែ​ពេល​ចប់​ការងារ​មិនឃើញ​គាត់​ត្រឡប់​មក​វិញ​ទេ​។ សាច់ញាតិ​និយាយ​ថា ក្រោយ​ពី​បាត់​គាត់ ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​សាកសួរ​អ្នក​ភូមិ និង​សមាជិក​ភូមិ​គ្រប់​ទីកន្លែង ក៏​គ្មាន​ដំណឹង​ដែរ​។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា មាន​គេ​ប្រាប់​ថា ឃើញ​គាត់​ដើរទៅ​ចម្ការ ក៏​នាំ​គ្នា​ទៅ​ចម្ការ​នោះ​ស្រាប់តែ​ក្រឡេក​ឃើញ​ម៉ូតូ​កញ្ចាស់​ដែល​គាត់​ជិះ​នៅ​ក្នុង​ព្រៃ រីឯ​ជន​រង​គ្រោះ​ចងក​នៅ​នឹង​ចែង​ក្បែរ​នោះ​ស្លាប់​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

ជុំវិញ​ការ​ស្លាប់​របស់​លោក​អនុប្រធាន​ភូមិ​ខាងលើ​នេះ បើ​តាម​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ជន​រង​គ្រោះ​បាន​បង្ហាញ​ពី​ភាព​ក្រៀមក្រំ​យ៉ាង​ខ្លាំង ហើយ​គាត់​តែង​ពោល​ជា​ញឹកញាប់​ពី​រឿង​ជំពាក់​លុយ​ធនាគារ ។ ប្រភព​ដដែល​បញ្ជាក់​ថា លោក​មាស អៀង បាន​ខ្ចី​លុយ​ធនាគារ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ដើម្បី​ឲ្យ​កូន​ៗ​ធ្វើ​ទុន​រកស៊ី ហើយ​បំណុល​នោះ​កាន់តែ​ដុះ​កន្ទុយ​ច្រើន​ឡើង​ៗ រហូត​កើនឡើង​ប្រហែល​៦​ម៉ឺន​ដុល្លារ ធ្វើ​ឲ្យ​គាត់​ប្រឈម​នឹង​បំណុល​នេះ​យ៉ាង​ខ្លាំង ។

សាច់ញាតិ​បាន​បញ្ជាក់​ដែរ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន ជន​រង​គ្រោះ​ក៏​បាន​និយាយ​ប្រាប់​កូនចៅ​ដែរ​ថា គាត់​សម្រេចចិត្ត​ថា​នឹង​ឈប់​គិត​ច្រើន​ទៀត​ហើយ ហើយ​គាត់​នឹង​លក់​ដីធ្លី​ដែល​មាន ដើម្បី​យក​លុយ​សងបំណុល​ធនាគារ ។ ប៉ុន្តែ​ដីស្រែ​និង​ដីចម្ការ​លក់​មិន​ទាន់​ដាច់​ផង ស្រាប់តែ​គាត់​សម្រេចចិត្ត​បញ្ចប់ជីវិត​បែប​នេះ ហើយ​ទុក​ឲ្យ​ប្រពន្ធ​និង​កូន​ជា​អ្នក​ទ​ទូល​ខុស​ត្រូវ​នឹង​បំណុល​រាប់​ម៉ឺន​ដុល្លារ​នេះ ។

ទោះជា​យ៉ាងណា លោក​អធិការ សុខ សា​រិ​ន បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​បំភ្លឺ​នានា​ពី​ក្រុម​គ្រួសារ​និង​សាក្សី​មួយ​ចំនួន​ផង ជន​រង​គ្រោះ​អាច​ធ្វើ​អត្តឃាត​ដោយសារ​តែ​រឿង​ប្រាក់​បំណុល​ធនាគារ​នេះ​មែន ។ លោក​ថា កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ​ដើម្បី​ពិនិត្យ​សព​។ លោក​បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ដល់​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ