ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tech Startups របស់​កម្ពុជាកាន់តែ​លេចធ្លោ​លើ​ឆាក​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ទី​១​ហើយ​ដែល​Tech Startups របស់​កម្ពុជា​ចំនួន​១៣ បាន​ទៅ​ចូលរួម​កម្មវិធី Echelon Asia Summit 2018…

រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ទី​១​ហើយ​ដែល​Tech Startups របស់​កម្ពុជា​ចំនួន​១៣ បាន​ទៅ​ចូលរួម​កម្មវិធី Echelon Asia Summit 2018 ដែល​រៀបចំ​នៅ​ប្រទេស​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ ហើយ​ជា​លទ្ធផល Startup មួយ​ក្នុង​ចំណោម​ពួក​គេ​បាន​ទទួល​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ី ដែល​រឹងរឹតតែ​ធ្វើ​ឲ្យ​កម្ពុជា​មាន​កិត្តិនាម​ល្បី​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ មិថុនា កន្លង​មក ។

សេចក្ដី​ប្រកាស​បាន​ឲ្យ​ដឹង​ថា វេទិកា Echelon Asia Summit 2018 ជា​វេទិកា​មួយ​ដែល​រៀបចំ​ឡើង​ដើម្បី​ជួយ​ជំរុញ និង​អភិវឌ្ឍន៍ Tech Startups តាម​រយៈ​ការ​ប្រមូលផ្តុំ​អ្នក​វិនិយោគ ដៃគូ​អភិវឌ្ឍន៍ អ្នក​រៀបចំ​គោលនយោបាយ អតិថិជន និង​បុគ្គល​ពាក់ព័ន្ធ​នឹង Tech Startup ecosystem និង​ជា​វេទិកា​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​អំពី​Tech Startup ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​នីមួយ​ៗ​អាច​ស្វែងរក​Tech Startup ទាំងនោះ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​គាំទ្រ​ដល់​ការ​វិនិយោគ និង​ផ្សព្វផ្សាយ និង​បាន​បង្ហាញ​អំពី​គំនិត​ផ្តួចផ្ដើម​នានា​, ដំណើរការ​រៀបចំ Tech Startup Ecosystem និង​គោលនយោបាយ​គាំទ្រ​ដល់​Tech Startups ។ នៅ​ក្នុង​វេទិកា​នេះ ក៏​មានការ​តាំងពិព័រណ៍ ដោយ Tech Startup ចំនួន​១៥០​មក​ពី​ជាង​៣០​ប្រទេស ចូលរួម​បង្ហាញ​ផលិតផល​និង​សេវា​របស់​ខ្លួន ក្នុង​នោះ Tech Startups ចំនួន​១៣​របស់​កម្ពុជា ត្រូវ​បាន​នាំ​ទៅ​បង្ហាញ​នៅ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ ហើយ​ជា​លទ្ធផល ក្រុមហ៊ុន BookMebus បាន​ឈ្នះ​ពានរង្វាន់ Echelon 27 នៅ​តំបន់​អាស៊ី ក្នុង​ប្រភេទ​ពានរង្វាន់​ការ​ធ្វើ​ដំណើរ​និង​ការ​រស់នៅ (Travel & Lifestyle) ។

លោក​បណ្ឌិត កាន ច័ន្ទ​មេ​តា្ត រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​បាន​ដឹកនាំ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នៅ​តំបន់​អាស៊ី​នេះ ត្រូវ​បាន​ស្រង់​សម្ដី​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា ៖« ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចូលរួម​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង ផ្ដួចផ្ដើម និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន និង Tech startup ecosystem ។ ជាមួយ​គ្នា​នេះ ដើម្បី​ជំរុញ​លើ​វិស័យ​នេះ ក្រសួង​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា ជា​ពិសេស គ្រឹះស្ថានស្រាវជ្រាវ វិនិយោគិន និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ Tech Startup Ecosystem ។ ជា​លទ្ធផល Tech Startup ត្រូវ​បាន​ជំរុញ លើកទឹកចិត្ត និង​ផ្តល់​ឱកាស​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី Echelon Asia Summit 2018 នេះ »​។

លោក​បណ្ឌិត​ជឿជាក់​ថា ៖« ការ​ចូលរួម​របស់ Tech Startups ទាំង​១៣​នេះ នឹង​បង្កើត​ជា​ឱកាស​សម្រាប់​ពួក​គេ​ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍ និង​ឧត្ត​មា​នុ​វត្ត​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅ​ថ្នាក់​តំបន់​, ការ​សិក្សា​អំពី​ការ​រក​ដំណោះស្រាយ​ថ្មី​ៗ និង​នវានុវត្តន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​, ការ​ពិនិត្យ​និង​ការ​តាមដាន​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​បច្ចុប្បន្ន​និង​អនាគត​, ការ​ពង្រីក​ទំនាក់ទំនង​និង​បណ្តាញ​ជាមួយ Tech Startup ផ្សេង​ៗ​ទៀត​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី និង​ការ​ស្វែងរក​ឱកាស​ទទួល​បានការ​វិនិយោគ​ពី​បណ្តា​ក្រុមហ៊ុន​ធំ​ៗ​នៅ​ថ្នាក់​តំបន់ និង​ពិភពលោក » ។

លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្ដិ​នៃ​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន Smart Axiata បាន​បង់​វិភាគទាន​យ៉ាង​ទៀងទាត់​ចូល​មូលនិធិ​ស​.​អ​. ស្រប​តាម​ច្បាប់​ទូរគមនាគមន៍ និង​តែងតែ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ Tech Startup Ecosystem ។
លោក​ជឿជាក់​ថា ៖« ការ​គាំទ្រ​នេះ​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​មាន​តម្លៃ​មក​កាន់​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត ហើយ​វា​ក៏​អាច​ជួយ​ឱ្យ​ក្រុមហ៊ុន​Smart Axiata ផ្ទាល់​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ក្លាយជា​ជើងឯក​ឌី​ជី​ថ​ល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រឹម​ឆ្នាំ​២០២០​។ ខ្ញុំ​ប្រាកដ​ថា Echelon Asia Summit 2018 គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​Tech Startup របស់​កម្ពុជា ក្នុង​ការ​បង្ហាញខ្លួន​លើ​ឆាក​អន្តរជាតិ ហើយ​ខ្ញុំ​ក៏​ជឿជាក់​ផង​ដែរ​ថា Tech Startup របស់​កម្ពុជា នឹង​ទទួល​បាន​កម្លាំង​ជំរុញ ដើម្បី​បន្ត​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ពួក​គេ​ឱ្យ​រីក​ចម្រើន​មួយ​កម្រិត​បន្ថែម​ទៀត » ។

Echelon Asia Summit 2018 មាន​អ្នកចូលរួម​ប្រមាណ​៥​ពាន់​នាក់​មក​ពី​ប្រទេស​ចំនួន​ជាង​៣០​ទូ​ទាំង​ពិភពលោក ដែល​ក្នុង​នោះ​មាន​អ្នក​វិនិយោគ ដៃគូ​សហការ Tech Startups និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ។ ចំពោះ​ក្រុមហ៊ុន Tech Startups របស់​កម្ពុជា​ទាំង​១៣ ដែល​បាន​ទៅ​ចូលរួម​ប្រកួតប្រជែង​នោះ​មាន ៖ ១-Soyo Entertainment, ២-Last2Ticket, ៣-Osja Studio, ៤-DirectPlay, ៥-Morakot Technology, ៦-Joonaak, ៧-Khmer24, ៨-Nham24, ៩-Bong Pheak, ១០-Spare Asia, ១១-BookMebus, ១២-Demine Robotics និង​១៣-Cambo Tickets ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ