ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​សេសសល់​តិចតួច​កំពុង​រាំងស្ទះ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវដែក​កម្ពុជា​-​ថៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កា​រត​ភ្ជាប់​ផ្លូវដែក​ភាគ​ពាយ័ព្យ​នៃ​ប្រទេស ពី​ភ្នំពេញ​-​ទៅ​ប៉ោយ​ប៉ែ​ត បាន​រួចរាល់​ជា​ស្ថាពរ​ដែល​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ថ្ងៃ​ទី​៤ កក្កដា ខាង​មុខ​។ ផ្លូវដែក​នេះ នឹង​ត្រូវ​ត​ភ្ជាប់​ជាមួយ​ផ្លូវដែក​ថៃ និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់…

រាជធានី​ភ្នំពេញ ៖ កា​រត​ភ្ជាប់​ផ្លូវដែក​ភាគ​ពាយ័ព្យ​នៃ​ប្រទេស ពី​ភ្នំពេញ​-​ទៅ​ប៉ោយ​ប៉ែ​ត បាន​រួចរាល់​ជា​ស្ថាពរ​ដែល​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ថ្ងៃ​ទី​៤ កក្កដា ខាង​មុខ​។ ផ្លូវដែក​នេះ នឹង​ត្រូវ​ត​ភ្ជាប់​ជាមួយ​ផ្លូវដែក​ថៃ និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ដែល​នឹង​ជួយ​ជំរុញ​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ ក៏​ដូច​ជា​លំហូរ​ភ្ញៀវ​ទេសចរ​កាន់តែ​ប្រសើរ​ឡើង ។

ទោះបី​យ៉ាងនេះ​ក្ដី បើ​តាម​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បញ្ជាក់​ថា ការ​ចរាចរ​តាម​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ពុំ​ទាន់​អាច​ធ្វើ​ដំណើរ​បាន​ទេ ដោយសារ​តែ​មាន​បញ្ហា​សេសសល់​តិចតួច​មួយ​ចំនួន​នៅ​មិន​ទាន់​ឯកភាព​គ្នា តែ​យ៉ាងណា ក្រសួង​នឹង​ខិតខំ​ចរចា ដើម្បី​ឲ្យ​ការងារ​នេះ​សម្រេច​ក្នុង​ពេល​ឆាប់​ៗ ។

តាម​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក លី បូ​រិ​ន បានឱ្យ​កោះសន្តិភាព​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ មិថុនា ថា ៖«​ផ្លូវដែក​ទិសពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ថ្ងៃ​ទី​៤ កក្កដា ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា​មិន​ទាន់​អាច​ឆ្លងកាត់​ទៅ​ប្រទេស​ថៃ​បាន​ភ្លាម​ៗ​នោះ​ទេ ដោយសារ​យើង​មិន​ទាន់​បញ្ចប់​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​មួយទៀត » ។
លោក​អនុរដ្ឋលេខាធិការ​បញ្ជាក់​ថា ៖« ការ​ពិត វា​នៅ​សល់​តែ​ពាក្យពេចន៍ ដោយសារ​តែ​មាន​ចំណុច​ខ្លះ វា​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី ឬ​ប៉ះពាល់​ដល់​ព្រំដែន » ។ លោក​ថា ៖« រឿង​នេះ យើង​ត្រូវ​ប្រយ័ត្នប្រយែង ព្រោះ​វា​ប៉ះពាល់​ដល់​ប្រទេស​ជាតិ ។ ចំណែក​ការងារ​បច្ចេកទេស យើង​បាន​ចរចា​គ្នា​បញ្ចប់​រួចរាល់​អស់ហើយ » ។

លោក​លើក​ឡើង​ថា ៖« នៅ​ថ្ងៃ​ទី​៦ ខែកក្កដា​នេះ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ថៃ នឹង​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ដើម្បី​ចរចា​បញ្ចប់​គ្នា​រឿង​ហ្នឹង ។ អីចឹង យើង​សង្ឃឹមថា ការ​ចរចា​នឹង​ត្រូវរ៉ូវ​គ្នា ព្រោះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ ហើយ​បាន​ជជែក​គ្នា​លើ​រឿង​ហ្នឹង ។​នៅ​ពេល​នោះ ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជំរុញ​ឱ្យ​ឆាប់​បញ្ចប់​ការ​ចរចា​ឱ្យ​បាន​លឿន ។ អីចឹង​ហើយ បានជា​លោក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ នឹង​មក​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ » ។

លោក លី បូ​រិ​ន បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ដឹក​ទំនិញ​តាម​រថយន្ដ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​មានការ​កើនឡើង​រាល់ថ្ងៃ ហើយ​នៅ​ពេល​ប្រទេស​ទាំង​ពីរ​អនុញ្ញាត​ឱ្យ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាម​ផ្លូវដែក​ហើយ​នោះ នឹង​ធ្វើ​ឱ្យ​តម្លៃ​ដឹក​ជញ្ជូន​ធ្លាក់​ចុះ និង​មាន​ភាព​ប្រកួតប្រជែង​កាន់តែ​ច្រើន ហើយ​ក៏​ជួយ​សម្រួល​ដល់​ការ​ខូចខាត​ផ្លូវជាតិ​,​ការ​កកស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។ ការ​ស្តារ​ឡើង​វិញ​នូវ​កំណាត់​ផ្លូវដែក​ពី​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​នេះ បន្ទាប់​ពី​ការ​កាត់​ផ្តាច់​ដោយសារ​សង្គ្រាម​អស់​រយៈពេល​ជាង​៤៥​ឆ្នាំ និង​បាន​ចំណាយ​ថវិកា​ប្រមាណ​៩៦,៦​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​នោះ​ទឹកប្រាក់​ប្រមាណ​១៣​លាន​ដុល្លារ​ជា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយ​ក្រៅពី​នោះ ទឹកប្រាក់​៨៣,៦​លាន​ដុល្លារ​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ធ្លាប់​បាន​ថ្លែង​កន្លង​មក​ថា កា​រត​ភ្ជាប់​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត ហើយ​គ្រោង​ត​ភ្ជាប់​ជាមួយ​ផ្លូវដែក​របស់​ប្រទេស​ថៃ​នា​ពេល​ខាង​មុខ បាន​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ និង​ទាក់ទាញ​ការ​វិនិយោគ​, បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជា​ច្រក​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់​ត​ភ្ជាប់​ផ្លូវដែក​កម្ពុជា​ទៅ​កាន់​ផ្លូវដែក​ក្នុង​តំបន់​អាស៊ាន​, ជា​ផ្លូវ​របៀង​សេដ្ឋកិច្ច​ប្រកបដោយ​សក្ដានុពល និង​ជួយ​សម្រួល​ដល់​លំហូរ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ទេសចរណ៍ ភស្តុ​ភារ​កម្ម និង​វិនិយោគិន ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា បច្ចុប្បន្ន ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និង​ផ្លូវអាកាស ក្នុង​នោះ​ផ្លូវថ្នល់​បាន​និង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ពី​ផ្លូវ​២​គន្លង​ទៅ​៤​គន្លង​, គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​, គម្រោង​សាងសង់​ផ្លូវ​ពី​បាត់ដំបង ទៅ​កាន់​ខេត្តកោះកុង ដើម្បី​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​កំពង់​ផែ​ទឹក​ជ្រៅ និង​គម្រោង​សាងសង់​ផ្លូវ​ពី​កំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ