រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានបង្ហាញនូវក្តីរីករាយជាអនេក និងចូលរួមអបរសារទរចំពោះមហាគ្រួសារខ្មែរ បន្ទាប់ពីក្រមាកម្ពុជាត្រូវបានគណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) កត់ត្រា និងទទួលស្គាល់ជាក្រមាវែងជាងគេលើពិភពលោក ។
ថ្នាក់ដឹកនាំនៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានលើកឡើងការបំបែកបាននូវឯកទគ្កកម្មពិភពជាក្រមាវែងជាងគេលើពិភពលោកនេះ គឺជាការសម្រេចបាននូវភាពជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា និងជាមោទនភាពដែលឆ្លុះបញ្ចាំងនូវសមត្ថភាពថា ខ្មែរអាចធ្វើបាន ។
គណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) នៅឯពិធីពន្លាក្រមាខ្មែរ រៀបចំឡើងនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៨
បានធ្វើការវាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់ពីគុណភាព សរសៃអំបោះរបស់ក្រមា ហើយទីបំផុតបានសម្រេចទទួលស្គាល់ក្រមាខ្មែរជាប់ឯតទគ្គកម្មពិភពលោកជាក្រមាវែងជាងគេ។
សម្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង និងភាពសប្បាយរីករាយនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ចំពោះស្នាដៃថ្មីមួយដែលរបស់ពលរដ្ឋខ្មែររួមគ្នាសម្រេចបាន នេះ។
ថ្នាក់ដឹកនាំក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានលើកឡើងថា នេះគឺជាមោទនភាព ជាកិត្តិយសជាតិថ្មីមួយ ដែលពលរដ្ឋខ្មែរបានរួមគ្នាកសាងឡើងដើម្បីមាតុភូមិជាតិខ្មែរ ។
សូមបញ្ជាក់ថា ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០ ភាគរយ គឺជាអ្នកឧបត្ថម្ភធំសម្រាប់មហាព្រឹត្តិការណ៍នេះ ចាប់តាំងពីថ្ងៃដំបូងនៃការរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំង តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ ក្រោមគំនិតផ្តួចផ្តើមដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានរៀបចំឲ្យមានចលនា «GOGO Cambodia» ក្រោមប្រធានបទថា «ជឿថា ខ្មែរអាចធ្វើបាន» សម្រាប់ការត្បាញក្រមាវែងជាងគេលើពិភពលោក ៕
ចែករំលែកព័តមាននេះ