ខេត្តប៉ៃលិន ៖ មានរមណីយដ្ឋានថ្មីមួយទៀត ឈ្មោះ«ហ្លួងរតនៈសម្បត្តិ» លេចចេញយ៉ាងត្រដែតនៅចំកណ្តាលក្រុងប៉ៃលិន ដោយទើបតែរៀបចំបង្កើតឡើងកាលពីពេល ថ្មីៗកន្លងមក ។
កាលពីពេល ថ្មីៗកន្លងមកកម្មករម្នាក់មិនបញ្ចេញឈ្មោះឱ្យដឹងថា រមណីយដ្ឋានថ្មីនេះ ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ ក្បែរស្ពានតារាប ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយម្ចាស់រស់នៅរាជធានីភ្នំពេញ ហើយបានទិញដីរៀបចំឈូសឆាយ ដែលមានទំហំធំជាង១០ហិកតា នៅជាប់នឹងមាត់ស្ទឹង ។ កន្លែងទេសចរណ៍មួយថ្មីនេះត្រូវបានគេដាំលំអទៅដោយដើមធ្នង់នៅចំកណ្តាលទ្រូងផ្លូវជាច្រើនដើម ដើម្បីធ្វើជាម្លប់ដ៏ត្រជាក់សម្រាប់ភ្ញៀវ ហើយគេយកគ្រឿងចក្រឈូសឆាយពង្រាបដី ដើម្បីធ្វើសួនច្បារ ដាំផ្កា ទាក់ទាញភ្ញៀវទេសចរឱ្យចូលទៅលេងកម្សាន្តនៅថ្ងៃចុងសប្តាហ៍ ពេលសម្រាកពីការងារ និងពេលបុណ្យទាន ម្តងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌជាដើម ។
រមណីយដ្ឋានថ្មីមួយនេះមានលក្ខណៈប្លែកពីរមណីយដ្ឋានដទៃទៀតក្នុងខេត្តទាំងមូល ដោយសារតែវាស្ថិតនៅជិតក្រុងជាងគេ ពោលគឺនៅជាប់នឹងក្រុងប៉ៃលិនតែម្តងចម្ងាយពីសាលាខេត្តប៉ៃលិនមិនដល់១គីឡូម៉ែត្រទេ ដោយភ្ញៀវទេសចរគ្រាន់តែបើកបរម៉ូតូ និងរថយន្តនៅលើដងផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីកើតទៅលិច ពីប៉ៃលិនទៅព្រំដែន គ្រាន់តែក្រឡេកមើលទៅខាងឆ្វេងដៃ ឃើញរមណីយដ្ឋាននោះលេចផុសចេញរូបរាងយ៉ាងច្បាស់ក្រឡែត។
បន្ទាប់ពីរមណីយដ្ឋាននោះសាងសង់រួចរាល់ គេសង្ឃឹមនឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើននាក់ទៅលេងកម្សាន្ត ជាពិសេសអ្នករស់នៅតាមបណ្តាខេត្តនានា បើធ្វើដំណើរទៅលេងក្នុងខេត្តប៉ៃលិននឹងចូលទៅលេងរមណីយដ្ឋានហ្លួងរតនសម្បតិ្តដែលមានលក្ខណ:ធម្មជាតិស្ទើរទាំងស្រុង ៕
ចែករំលែកព័តមាននេះ