ខេត្តកំពង់ឆ្នាំង ៖ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានសួរសំណួរបែបនេះទៅកាន់ប្រជាពលរដ្ឋក្នុងឃុំច្រណូកដែលបានចូលរួមដាំកូនឈើនៅចំណុចក្រោមទំនប់ទឹកព្រះករុណាព្រះបាទសម្តេច នរោត្តមសីហមុនី ស្ថិតនៅក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង កាលពីដើមសប្តាហ៍កន្លងទៅនេះ ។
នាយខណ្ឌរដ្ឋបាលជលផលរូបនោះបានបញ្ជាក់ថា មានកត្តាពីរយ៉ាងដែលបណ្ដាលឱ្យត្រីងៀតច្រណូកត្រូវបាត់បង់ទី១ គឺធម្មជាតិ ទី២ គឺបណ្ដាលមកពីមនុស្ស ។ សម្រាប់ឃុំច្រណូក ដែលធ្វើឲ្យបាត់បង់ត្រីសម្រាប់ធ្វើត្រីងៀតដ៏ល្បីល្បាញនេះ គឺដោយសារមកពីកត្តាមនុស្ស គឺប្រជាពលរដ្ឋបំផ្លាញខ្លួនឯង ផ្ទះណាក៏មានអាំង វ៉ែទ័រឆក់ត្រីផងដែរ ។ ជាក់ស្តែងនៅក្នុងអំឡុងឆ្នាំ២០១៤ ក្រោយពីចលនាប្រជាពលរដ្ឋឱ្យប្រគល់ដែលអាំងម៉ូទ័រឆក់ត្រី ដែលជាឧបករណ៍ខុសច្បាប់ ដល់មន្ត្រីជំនាញ គឺប្រមូលបានដល់ទៅចំនួន១២០០គ្រឿង ។ បើប្រៀបធៀបទៅនឹងខ្នងផ្ទះ គឺស្ទើស្មើគ្នាទៅហើយនេះមានន័យថា ក្នុង១ខ្នងផ្ទះអាចមានអាំងវ៉ែទ័រឆក់ត្រី១គ្រឿង ឬអាចច្រើនជាងនេះ ។ ប៉ុន្តែអ្វីៗវាបានកន្លងហួសទៅហើយ ។ ត្រីងៀត ឃុំច្រណូក ដែលធ្លាប់តែល្បីល្បាញ អ្នកណាក៏ទទួលស្គាល់ មានទីផ្សារទិញលក់គ្រប់ទីកន្លែងបានបាត់បង់អស់ទៅហើយ គ្មានត្រីងៀតអ្នកច្រណូកទៀតទេ ។
យ៉ាងនេះក្តីលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការនេសាទត្រីដោយខុសច្បាប់ និងងៀកមកចិញ្ចឹមត្រី ចិញ្ចឹមកង្កែប និងអន្ទង់ ដើម្បីលើកស្ទួយជីវភាពគ្រួសារ ។ ជាមួយគ្នានេះសូមប្រជាពលរដ្ឋរៀនកែឆ្នៃការធ្វើត្រីងៀត ត្រីឆ្អើរ និងធ្វើប្រហុក ផ្អក ឲ្យតាមស្តង់ដាវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីយកទៅកាន់ទីផ្សារទំនើបៗ លក់បានថ្លៃ ។ គ្រប់បច្ចេកទេសទាំងអស់ខាងលើនេះមន្ត្រីជំនាញនឹងចុះមកបង្រៀន ដោយឥតគិតថ្លៃ គ្រាន់តែសូមបងប្អូនចងក្រងជាក្រុមចុះឈ្មោះឲ្យបានត្រឹមត្រូវ នឹងមានគ្រូជំនាញចុះមកបង្រៀនដល់ផ្ទះជាពុំខាន ។
នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងក៏បានអំពាវនាវឲ្យបងប្អូនបញ្ឈប់ការនេសាទដោយខុសច្បាប់តទៅទៀត ព្រោះត្រឹមតែរយៈពេល ៦ខែដើមឆ្នាំ២០១៨ នេះសមត្ថកិច្ចបានបង្ក្រាបបទល្មើសនានាយ៉ាងច្រើន ករណី ដោយក្នុងនោះមាន របាំស្បែមុង២១៤ករណី មានប្រវែងជាង៩គីឡូម៉ែត្រ , របាំងសាច់អួន មាន៣៣៧កន្លែង មានប្រវែង៣៤គីឡូម៉ែត្រ ,សម្រាស់២៨១ កន្លែងស្មើជិត៤ហិកតា ។ ជាមួយគ្នានេះសូមបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឧបករណ៍ឆក់ត្រីដែលនាំឲ្យវិនាសពូជត្រីតទៅទៀត ព្រោះថា បទល្មើសនេះត្រូវប្រឈមជាប់ពន្ឋនាគារ ។ ជាក់ស្តែងនៅឆ្នាំ២០១៦ មានអ្នកប្រើឧបករណ៍ឆក់ត្រីជាប់ពន្ឋនាគារ១នាក់ ឆ្នាំ២០១៧ មាន១១នាក់ និងឆ្នាំ២០១៨ មានចំនួន១៧នាក់ ៕
ចែករំលែកព័តមាននេះ